ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងថា ខ្លួនប្រឹងប្រែងរក្សាវប្បធម៌សន្ទនា តែលោក សម រង្ស៊ី តបថា «ធ្វើការជាមួយ ហ៊ុន សែន ពិបាកណាស់»
14, Sep 2021 , 2:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី នាជំនួបនៅរដ្ឋសភា កាលពីខែមេសា ឆ្នាំ ២០១៥
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី នាជំនួបនៅរដ្ឋសភា កាលពីខែមេសា ឆ្នាំ ២០១៥
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានលបស្ដាប់កិច្ចប្រជុំផ្ទៃក្នុងរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក ឡុង រី ពីសហរដ្ឋអាមេរិក ជាមួយក្រុមការងារខ្លួន តាមរយៈប្រព័ន្ធវីដេអូ Zoom កាលពីថ្ងៃទី៩ កញ្ញា។ ក្នុងគ្រានោះ សម្ដេច បានចូលទៅបកស្រាយប្រាប់លោក ឡុង រី ពីបំណងដែលសម្ដេចប្រឹងរក្សាវប្បធម៌សន្ទនាជាមួយមេដឹកនាំបក្សប្រឆាំង។ ប៉ុន្តែលោក សម រង្ស៊ី តបវិញថា មេដឹកនាំកម្ពុជារូបនេះ ជាមនុស្សម្នាក់ ដែលពិបាកធ្វើការងារជាមួយគ្នា។



ក្រោយស្ដាប់កិច្ចសន្ទនារវាងលោក ឡុង រី ជាមួយក្រុមការងារអតីតគណបក្សសង្គ្រោះជាតិហើយ សម្ដេច ហ៊ុន សែន ក៏បានចូលទៅនិយាយក្នុងកិច្ចប្រជុំនោះថា មេដឹកនាំ និងមនុស្សមួយចំនួននៃអតីតCNRP គឺគ្មានគុណធម៌ ដោយប្រើសម្តីជេរប្រមាថអាយុជីវិតសម្ដេច ។ សម្ដេច ដែលអះអាងថាបានដឹងគ្រប់កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឆាំងទាំងនោះ បានប្រាប់ឱ្យពួកគេបញ្ឈប់សកម្មភាពជេរប្រមាថ និងលាបពណ៌មកលើការដឹកនាំរបស់រដ្ឋបាលសម្ដេច។

«ខ្ញុំសូមជម្រាបជូនថា ការធ្វើនយោបាយ បើសិនជាអាចធ្វើទៅរួច បញ្ឈប់ការជេរគ្នាទៅ ព្រោះអស់លោកជេរហ្នឹង វាជេរច្រើនពេកហើយ ហើយអាវប្បធម៌លាបពណ៌ដល់ពេលណា?»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។
 
ភ្លាមៗនោះ លោក ឡុង រី ក៏បានកាត់សម្តីសម្ដេច ហ៊ុន សែន វិញ ដោយបានបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំង មិនដែលបណ្ដុះគំនិតមនោគមន៍វិជ្ជា ជេរ និងលាបពណ៌នោះទេ ។ លោក ឡុង រី បានអះអាងថា មេដឹកនាំតែងតែហាមប្រាម និងណែនាំពួកគេពីបញ្ហានេះ ដោយត្រូវអនុវត្តលើគោលការណ៍ប្រកួតប្រជែងត្រឹមត្រូវ។ តែយ៉ាងណាមន្ត្រីអតីតCNRPរូបនេះ ហាក់ទទួលស្គាល់ថា ការគ្រប់គ្រងមនុស្សគឺពិបាកណាស់ ដូច្នេះទោះមានការណែនាំពួកគេយ៉ាងណាក្តី ក៏នៅតែមានករណីជេរប្រមាថនេះកើតឡើងដែរ។

លោក ឡុង រី បានបកស្រាយប្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះថា៖«ពួកយើងក៏បានយល់នូវអ្វី ដែលជាគុណធម៌ អ្វីដែលជាតម្លៃសម្រាប់មនុស្សទូទៅ។ យើងមិនដែលមានបណ្ដុះផ្នត់គំនិតឱ្យកាប់ ឱ្យចាក់អីទេ សម្ដេច»។
 
សម្ដេច ហ៊ុន សែន បានតបវិញថា ចំណុចនេះ មកពីការអសមត្ថភាពរបស់មេដឹកនាំអតីតCNRP លើការគ្រប់គ្រង និងទប់ស្កាត់មន្ត្រី និងសកម្មជនគាំទ្រខ្លួនមិនឱ្យជេរប្រមាថអ្នកដទៃនេះ ។ ប្រមុខរដ្ឋាភិបាល អះអាងថា ការហាមជេរប្រមាថនេះ មិនមែនជាការបិទមាត់ពួកគេទេ ប៉ុន្តែវាជាគុណធម៌ និងសីលធម៌ នៅក្នុងការរស់នៅរបស់មនុស្ស។ 
 



ក្រោយបកស្រាយទៅវិញទៅមកហើយ ប្រមុខរដ្ឋាភិបាល ក៏បាននិយាយពីរឿងនយោបាយជាមួយលោក សម រង្ស៊ី វិញម្ដង។ សម្ដេច ហ៊ុន សែន បានរម្លឹកប្រាប់លោក ឡុង រី ថា សម្ដេចបានអនុគ្រោះនិងស្នើព្រះមហាក្សត្រលើកទោសដល់លោក សម រង្ស៊ី ម្ដងជា២ដង ក្រោយពីមេដឹកនាំក្រុមប្រឆាំងរូបនេះ ធ្វើលិខិតសុំទោសសម្ដេច។ បន្ថែមពីនេះ សម្ដេច ក៏បានអះអាងពីការប្រឹងសម្របសម្រួលនយោបាយរបស់ខ្លួន រហូតបង្កើតបាន«វប្បធម៌សន្ទនា» នយោបាយ កាលពីខែកញ្ញា ឆ្នាំ២០១៤ដែរ។
 
«វប្បធម៌សន្ទនា ត្រូវបានបង្កើត ហើយតាមរយៈវប្បធម៌សន្ទនានោះហើយ ដែលខ្ញុំខំប្រឹងប្រែងដាក់ក្នុងបទបញ្ជាផ្ទៃក្នុង ដើម្បីឱ្យប្រធានក្រុមសភាមានឋានៈស្មើនាយករដ្ឋមន្រ្តី ហើយមានកន្លែងអង្គុយធ្វើការត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានរម្លឹកពីអនុស្សាវរីយ៍ផ្សេងៗទៀតជាមួយលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនេះ។
 
អនុស្សាវរីយ៍ក្រោយការបង្កើតវប្បធម៌សន្ទនា ដែលសម្ដេច ហ៊ុន សែន ពិព័រណ៌នានោះ រួមមានការចូលរួមព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០១៥ , ការទៅជួបពលករនៅប្រទេសម៉ាឡេស៊ី និងការញាំអាហារលក្ខណៈគ្រួសារសម្ដេច និងគ្រួសារលោក សម រង្ស៊ី កាលពីខែកក្កដា ឆ្នាំ២០១៥ជាដើម។ សម្ដេច រម្លឹកបែបនេះ ទំនងចង់បង្ហាញថា លោក សម រង្ស៊ី គឺជាអ្នកបំផ្លាញវប្បធម៌សន្ទនានេះ។ 

ខ្លឹមសារទាំងនេះ ត្រូវបានបែកធ្លាយតាមរយៈសន្ទនាជាង១០នាទី ក្នុងប្រព័ន្ធ Zoom កាលពីថ្ងៃទី៩ កញ្ញា រវាងសម្ដេច ហ៊ុន សែន និងលោក ឡុង រី នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារអតីតគណបក្សសង្គ្រោះជាតិ មុននឹងវីដេអូត្រូវបានកាត់ផ្ដាច់ប្រព័ន្ធ។

តែយ៉ាងណាលោក សម រង្ស៊ី ដែលបានទទួលព័ត៌មាននេះ បាននិយាយចំអកវិញថា ការបកស្រាយប្រមុខរដ្ឋាភិបាលកម្ពុជានេះ គឺគ្រាន់តែចង់បង្ហាញឱ្យគេឃើញថាគាត់ជាមនុស្សល្អប៉ុណ្ណោះ ជាពិសេសចង់រម្លឹកគុណស្រ័យពីខ្លួន។ ចំពោះបញ្ហាវប្បធម៌សន្ទនានេះ លោក សម រង្ស៊ី តបវិញក្នុងន័យនេះថា លោកពិបាកធ្វើការជាមួយសម្ដេច ហ៊ុន សែន ដោយសារមេដឹកនាំកម្ពុជារូបនេះ ទទួលយកតែមតិយោបល់ណា ដែលស្របនឹងគំនិតខ្លួនឯងប៉ុណ្ណោះ ។
 
តាមរយៈវីដេអូ ជាង១១នាទី មេដឹកនាំក្រុមប្រឆាំងនេះ បានថ្លែងប្រាប់អ្នកគាំទ្រខ្លួន កាលពីថ្ងៃទី១២ កញ្ញា ដូច្នេះថា៖« ធ្វើការជាមួយ ហ៊ុន សែន ពិបាកណាស់។ គាត់ឱ្យយើងធ្វើអីបានតាមចិត្ត ប៉ុន្តែឱ្យតែស្របជាមួយគាត់។ អា(វប្បធម៌)សន្ទនាក៏អ៊ីចឹងដែរ សន្ទនាបានឱ្យតែស្របជាមួយគាត់ ប៉ុន្តែបើមិនស្របជាមួយគាត់ (គាត់) ឈប់សន្ទនា។ ប៉ុន្តែគាត់និយាយរឿងហ្នឹង គាត់ចង់និយាយថាគាត់បានសម្រួលជាមួយយើងច្រើនណាស់។ អ៊ីចឹងមិនត្រូវវាយប្រហារគាត់ដូចសព្វថ្ងៃទេ»។



មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ បានអះអាងទៀតថា ខ្លួនមិនដែលវាយប្រហារលើរឿងបុគ្គល ក្រៅពីបញ្ហាប្រទេសជាតិនោះទេ។ «យើងឆ្លើយឆ្លងគ្នារឿងបញ្ហាជាតិ យើងទិតៀនគ្នា ឈ្លោះប្រកែកគ្នារឿងបញ្ហាជាតិ ពីព្រោះយើងការពារប្រជារាស្រ្ត។ បើគេធ្វើបាបប្រជារាស្រ្ត យើងទៅស្រុះស្រួលជាមួយ ហ៊ុន សែន ទៅធ្វើបាបប្រជារាស្រ្ត។ ហៃអើ តាម ហ៊ុន សែន គឺអត់បានទេ! ជជែកគ្នា មិនត្រូវគ្នា គឺរឿងនយោបាយ មិនមែនរឿងបុគ្គលទេ។ តែ ហ៊ុន សែន ចេះតែលើករឿងបុគ្គល»។ នេះជាការឆ្លើយតបរបស់លោក សម រង្ស៊ី ទៅកាន់សម្ដេច ហ៊ុន សែន។
 
គួរបញ្ជាក់ថា វប្បធម៌សន្ទនា ត្រូវបានបង្កើតឡើង នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៤ ។ ក្រោយបង្កើតបានវប្បធម៌សន្ទនានេះ បញ្ហានយោបាយត្រូវបានដោះស្រាយជាបន្តបន្ទាប់ និងរក្សាស្ថិរភាពនយោបាយ បានរយៈពេល១ឆ្នាំដែរ។ ប៉ុន្តែក្រោយមកនៅអំឡុងចុងឆ្នាំ២០១៥ បញ្ហានយោបាយផ្ទុះឡើងវិញជាហូរហែរ ដោយសារគណបក្សប្រឆាំង កាលនោះនៅតែបន្តរិះគន់លើភាពខ្វះចន្លោះរបស់រដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស ។ ការរិះគន់របស់ក្រុមមន្ត្រីគណបក្សប្រឆាំងនេះ បានធ្វើឱ្យគណបក្សកាន់អំណាចមិនសប្បាយចិត្ត និងបន្តចាប់ខ្លួនមន្ត្រីបក្សប្រឆាំង និងសកម្មជន ក្រោមហេតុផលញុះញង់ និងបង្កចលាចលក្នុងសង្គមជាបន្តបន្ទាប់។
 
មកដល់ពេលនេះ ជិត៤ឆ្នាំហើយ ដែលគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ បើគិតពីខែវិច្ឆិកា ឆ្នាំ២០១៦មក។ មិនតែប៉ុណ្ណោះមន្ត្រីគណបក្សឆាំង១១៨នាក់ ត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយដែរ។ បច្ចុប្បន្ននេះ មានមន្ត្រីអតីតCNRP ជាង២០នាក់ បានស្នើសុំសម្បទា​ នយោបាយឡើងវិញហើយ ៕

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com