ជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ កាយទំនប់អាងអូរខៃដន ដើម្បីជម្លៀសទឹកជន់លិច
14, Sep 2021 , 5:29 pm        
រូបភាព
ភ្នំពេញ៖ មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត នៅថ្ងៃទី១៤ ខែកញ្ញា បានយកគ្រឿងចក្រមួយគ្រឿង ទៅកាយទំនប់អាងអូរខៃដន ប្រវែងប្រាំម៉ែត្រ ដើម្បីរំដោះទឹកជួយពលរដ្ឋនៅប៉ែកខាងភូមិសុខសាន សង្កាត់និមិត្ត និងផ្សារកណ្ដាល ដែលរងផលប៉ះពាល់ដោយសារភ្លៀងខ្លាំង។ ការកាយទំនប់នេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងជួយរំដោះទឹកទៅផ្នែកខាងក្រោម។ នេះបើតាមលោក យឹម ប៊ុនរុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ។

 
លោក យឹម ប៊ុនរ៉ុម បន្ថែមថា បច្ចុប្បន្នស្ថានភាពទឹកលិចតាមភូមិមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ គឺរងគ្រោះដោយសារទឹកភ្លៀង។ ចំណែកឯ ទឹកមកពីប្រទេសថែ មិនទាន់មានអ្វីគួរឱ្យព្រួយបារម្ភទេ។ 
 
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ លើកឡើងថា៖ «ទឹកភ្លៀងនៅល្ងាចថ្ងៃទី១៣ កញ្ញា មិនមានអ្វីប៉ះពាល់ខ្លាំងទេ គ្រាន់តែអាចលិចកាំជណ្ដើរ បន្តិចបន្តួច មិនមានការជម្លៀសពលរដ្ឋចេញពីគេហដ្ឋានទេ»។ 
 
បើតាមលោក យឹម ប៊ុនរុម ទឹកលិចនាទីតាំងខាងលើ សុទ្ធសឹងជាទឹកភ្លៀងទាំងស្រុង។ ចំពោះស្ថានភាពទឹកនៅស្រុកម៉ាឡៃវិញ ទឹកបានស្រកវិញ ក្រោយក្រុមការងារ និងអាជ្ញាធរ បានដាក់ម៉ាស៊ីនចំនួនបី ដើម្បីបូមទឹកបង្ហូរចេញ។ 
 
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខាងលើ បានបញ្ជាក់ថា ប្រសិនបើមានទឹកភ្លៀងធ្លាក់ខ្លាំង ឬមានទឹកចេញពីប្រទេសថៃ ស្រុកដែលជាភូមិសាស្រ្ត ព្រួយបារម្ភពីការជន់លិចខ្លាំងជាងស្រុកផ្សេងៗទៀត គឺស្រុកអូរជ្រៅ ស្រុកថ្មពួក  និងក្រុងប៉ោយប៉ែតជាទីតាំងងាយរងគ្រោះ និងប្រឈមបំផុត៕ 
 
 
 

Tag:
 បន្ទាយមានជ័យ
  ទំនប់អាងអូរខៃដន
© រក្សាសិទ្ធិដោយ thmeythmey.com