COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ បើឈានដល់ការចាក់ដូសទី៤ នឹងតម្រូវឱ្យក្រុមហ៊ុន និងសហគ្រាស ជួយចំណាយថវិកាដែរ
17, Sep 2021 , 10:18 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល កំពុងពិចារណាលើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ដូសទី៤ ឱ្យប្រជាពលរដ្ឋ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុ៦ ដល់១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ កញ្ញា។


សម្ដេច ហ៊ុន សែន បាននិយាយថា បើឈានដល់ការចាក់ដូសទី៤មែន គឺនឹងតម្រូវឱ្យក្រុមហ៊ុន និងសហគ្រាស ជួយចំណាយថវិកាដែរ សម្រាប់ការចាក់ឱ្យបុគ្គលិករបស់ពួកគេ។ បើតាមសម្ដេច ហ៊ុន សែន រដ្ឋាភិបាល នៅតែបន្តទិញវ៉ាក់សាំងមកចាក់ឱ្យពលរដ្ឋជាបន្តបន្ទាប់ទៀត។
 
គិតត្រឹមថ្ងៃទី១៦ កញ្ញា កម្ពុជា បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យពលរដ្ឋជាង១១លាននាក់ហើយ ស្មើនឹង៩៧,៨៨ភាគរយ នៃផែនការយ៉ាងតិច១០លាននាក់។ ដោយក្នុងនោះ ពលរដ្ឋជាង៩លាននាក់ បានចាក់ដូសទី២ និងជិត៨ម៉ឺននាក់ បានឈានទៅចាក់ដូសទី៣ ឬដូសជំរុញ។ ជាមួយគ្នានេះ ពលរដ្ឋជាង៧ម៉ឺននាក់ មិនអាចចាក់វ៉ាក់សាំងបានដែរ ដោយសារបញ្ហាសុខភាព ។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល។
 
រដ្ឋាភិបាល នឹងរៀបចំផែនការទេសចរវ៉ាក់សាំង ដើម្បីទទួលភ្ញៀវបរទេស មកលេងកម្សាន្តនៅកម្ពុជា។ សម្ដេច ហ៊ុន សែន បានពន្យល់ថា ផែនការទេសចរវ៉ាក់សាំងនេះ គឺដើម្បីសម្រួលឱ្យភ្ញៀវទេសចបរទេស ដែលបានចាក់វ៉ាក់សាំងហើយ ធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ ពោលគឺមិនឱ្យនៅដោយឡែក១៤ ឬ២១ថ្ងៃ ដូចមុនឡើយ។ ប្រមុខរដ្ឋាភិបាល បានបន្ថែមថា ផែនការនេះ ក៏សម្រួលឱ្យភ្ញៀវទេសចរមកកម្ពុជា មិនចាំបាច់ចត្តាឡីស័ក នៅតែក្នុងសណ្ឋាគារដូចមុនដែរ។ បានន័យថា ពួកគេអាចធ្វើដំណើរទស្សនានៅក្នុងតំបន់ទេសចរណ៍នៅកម្ពុជា តាមរយៈការរៀបចំរបស់អាជ្ញាធរ។ ក្នុងន័យនេះ សម្ដេច ក៏បានបញ្ជាឱ្យអាជ្ញាធរគិតគូរពីការរៀបចំតំបន់ សម្រាប់ភ្ញៀវទេសចរវ៉ាក់សាំង អំឡុងពេលចត្តាឡីស័កនេះ៕

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com