COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូវីដ-១៩៖ ឡាវ ចេញវិធានរឹតត្បិតប្រជាជនក្នុងក្រុងវៀងចន្ទន៍ធ្វើដំណើរទៅខេត្ត
18, Sep 2021 , 2:50 pm        
រូបភាព
រូបភាព៖ pixabay
រូបភាព៖ pixabay
 
អាជ្ញាធរក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីរឹតត្បិតការធ្វើដំណើរពីខេត្តដែលមានហានិភ័យជំងឺកូវីដ-១៩ ខ្ពស់ មកក្រុងវៀងចន្ទន៍ និងពីក្រុងវៀងចន្ទន៍ទៅខេត្តទាំងនោះ។ ប្រជាជន ដែលត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យឆ្លងខេត្តមកទីក្រុង ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ខណៈអ្នកបំពានវិធាននោះ នឹងត្រូវទទួលខុសត្រូវមុខច្បាប់ ឬពិន័យជាប្រាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី១៧ ខែកញ្ញា។



ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសឡាវ មិនមានស្ថានភាពធ្ងន់ធ្ងរឡើយ បើធៀបទៅនឹងប្រទេសជិតខាងវៀតណាម និងថៃ។ នៅថ្ងៃទី១៧ ខែកញ្ញា ឡាវមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨៨ករណី។ ករណីឆ្លងសរុបនៅឡាវមានចំនួន ១៨៣៤៧ករណី និងអ្នកស្លាប់មានចំនួន ១៦នាក់។ អ្នកជាសះស្បើយមានចំនួន ៥៥៦៨នាក់។

ដើម្បីទប់ស្កាត់ការរីកសាយនៃករណីឆ្លងនៅក្នុងទីក្រុង ក៏ដូចជានៅក្នុងប្រទេស ក្រុមការងារទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ក្រុងវៀងចន្ទន៍ បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមឃាត់ការធ្វើដំណើរពីខេត្ត Champasack, ខេត្ត Savannakhet, ខេត្ត Khammouane និងខេត្ត Bokeo មករដ្ឋធានី។ ប្រជាជនដែលអនុញ្ញាតឱ្យធ្វើដំណើរត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ចំណែកប្រជាជនក្នុងក្រុងវៀងចន្ទន៍ ដែលធ្វើដំណើរទៅខេត្តដែលមានកម្រិតហានិភ័យ ២ និង៣ ក៏ត្រូវធ្វើចត្តាឡីស័កផងដែរនៅពេលត្រលប់មកវិញ។

ក្រោមបទបញ្ញាត្តិថ្មីនេះ បុគ្គលដែលឆ្លងជំងឺកូវីដ-១៩ និងបានលាក់បាំងព័ត៌មានពីការធ្វើដំណើរឆ្លងខេត្ត ត្រូវប្រឈមមុខនឹងតុលាការ ខណៈពេលប្រជាជនដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យ នឹងត្រូវរងការពិន័យផងដែរ។

ស្របគ្នានេះ ឡាវបានពង្រាយកម្លាំងប៉ូលិស និងទាហាន ដើម្បីត្រួតពិនិត្យតាមព្រំដែននៃខេត្តនីមួយៗ និងហាមឃាត់ប្រជាជនមិនឱ្យធ្វើដំណើរឆ្លងខេត្ត ឬចូលក្នុងទីក្រុងវៀងចន្ទន៍។

មកទល់ពេលនេះ ឡាវបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ៤,៥១លានដូសដល់ប្រជាជនខ្លួន ខណៈមនុស្សយ៉ាងហោចណាស់ ១,៨៦លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕


Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com