ជាតិ
សង្គមជាតិ
រដ្ឋឆ្វៀលដីគម្របព្រៃឈើជិត២០០ហិកតា នៅស្រុកបន្ទាយស្រីឱ្យលោក ឡេង ណាវ៉ាត្រា
18, Sep 2021 , 4:19 pm        
រូបភាព
 សៀមរាប៖ រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ ១២០ អនក្រ.បក បានសម្រេច កាត់ឆ្វៀលដីទំហំ ១៧២ហិកតា ដែលជាដីគម្របព្រៃឈើក្នុងស្រុកបន្ទាយស្រី ទៅឱ្យលោកឧកញ៉ា ឡេង ណាវ៉ាត្រា។



អ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី សំរិទ្ធ អះអាងថា រដ្ឋបាលខេត្តបានទទួលអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលរដ្ឋាភិបាលបានសម្រេចនោះហើយ។ លោកពន្យល់ថា ដ្បិតជាដីគម្របព្រៃឈើឆ្នាំ២០០២ ពិតមែន តែផ្ទៃដីសព្វថ្ងៃ ពុំមានព្រៃឈើទៀតនោះទេ។ លោកបន្តថា៖« ដីជាគម្របព្រៃឈើឆ្នាំ២០០២ ប៉ុន្តែប្រជាជនអាស្រ័យផលអីជាហូរហែរមកដែរ សព្វថ្ងៃវាគ្មានព្រៃ គ្រាន់តែជាទីតាំងគម្របព្រៃឈើ តែគ្មានព្រៃឈើទៀតទេ អស់ហើយ ប្រជាជនគាត់ធ្វើស្រែធ្វើចម្ការខ្លះ លក់ដូរបន្តគ្នាខ្លះ»។

តាមអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានកាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិតនៅភូមិរំចេក ឃុំរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅដើមឆ្នាំ២០២១ លោក ឡេង ណាវ៉ាត្រា ដែលល្បីឈ្មោះលើជំនួញអចលនទ្រព្យ បានប្រកាសបើកលក់គម្រោងដីឡូតិ៍ និងសំណង់ផ្ទះ ដែលមានទីតាំងក្នុងស្រុកបន្ទាយស្រី។ សម្រាប់ទីតាំងថ្មី ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលនេះ នឹងធ្វើឱ្យអ្នកជំនួញដីធ្លីរូបនេះ ពង្រីកគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ក៏ដូចជាសំណង់ផ្ទះ កាន់តែច្រើននៅក្នុងខេត្តសៀមរាប៕






© រក្សាសិទ្ធិដោយ thmeythmey.com