ជាតិ
សង្គមជាតិ
ការរៀនតាមអនឡាញ៖ បន្ទុកធ្ងន់របស់គ្រួសារក្រីក្រ ខណៈគុណភាពអប់រំក៏ធ្លាក់ចុះ
19, Sep 2021 , 8:59 am        
រូបភាព
យុវសិស្ស ណន យូអើ រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យក្របីរៀល កំពុងកត់មេរៀនតាមទូរសព្ទលើគ្រែមុខផ្ទះ នាថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២១។
យុវសិស្ស ណន យូអើ រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យក្របីរៀល កំពុងកត់មេរៀនតាមទូរសព្ទលើគ្រែមុខផ្ទះ នាថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២១។
សៀមរាប៖ ស្របពេលដែលជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្ត រាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានទំនុកចិត្តក្នុងការបើកសាលារៀនឡើងវិញពេញលេញទេ បើទោះបីជារាជរដ្ឋាភិបាលបានចាក់ស្រោចវ៉ាក់សាំងបង្ការកូវីដ-១៩ បានយ៉ាងច្រើនក៏ដោយ។ សិស្សនៅតែបន្តរៀនតាមអនឡាញ ទោះបីដឹងថាការរៀនដោយវិធីនេះមានលទ្ធផលតិចតួច តែក្រសួងអប់រំ យុវជន និងកីឡា យល់ថាវាអាចជួយសិស្សបានមួយផ្នែកដែរ។ យ៉ាងណា គ្រួសារដែលខ្វះខាត ពួកគេត្រូវចំណាយប្រាក់កាន់តែច្រើនដើម្បីទិញសម្ភារឱ្យកូនរៀនតាមបច្ចេកវិទ្យាថ្មីនេះ។



ការសិក្សាពីចម្ងាយ ឬការសិក្សាតាមអនឡាញ បាននិងកំពុងក្លាយជាអម្រែកធ្ងន់ធ្ងរមួយសម្រាប់មាតា-បិតា និងអាណាព្យាបាលរបស់សិស្ស ពិសេសគ្រួសារមានកម្រិតជីវភាពក្រលំបាក ដែលខ្លះបង្ខំចិត្តចងការប្រាក់បន្ថែម ឬសម្រេចចិត្តលក់របស់របរក្នុងផ្ទះ ដើម្បីទិញទូរសព្ទ ភ្ជាប់សេវាអិនធឺណិត ឬសម្ភារផ្សេងៗដែលចាំបាច់សម្រាប់ការសិក្សាពីចម្ងាយឱ្យកូនៗ បើទោះបីជាគ្រួសារខ្លះក៏កំពុងជាប់បំណុលធនាគារផងនោះ។

កំពុងរៀបចំអាំងកង្កែបសម្រាប់ម្ហូបអាហារថ្ងៃត្រង់ ក្នុងរោងបាយក្បែរផ្ទះ និងពោលដោយទឹកមុខស្រពោន អ្នកស្រី ម៉ៃ សាងាំ ប្រាប់ថា៖ «ប្រមូលអានេះអានោះលក់ របស់ដែលមាន ត្រូវ [លក់] ជីក៏ជីទៅ មានអីក៏លក់នោះ កង្កែប លក់មាន់លក់ទា»។

អ្នកស្រី ម៉ៃ សាងាំ បានរៀបរាប់ពីការសន្សំប្រាក់តិចតួចដើម្បីយកទៅទិញទូរសព្ទឱ្យកូនបានរៀនតាមអនឡាញហ្នឹងគេ។ ស្រ្ដីវ័យ៥៧ឆ្នាំរូបនេះបន្ថែមថា អ្នកស្រីទើបដាច់ចិត្តខ្វេះលុយបន្ដិចបន្ដួចដែលមាន ទិញទូរសព្ទមួយទឹកតម្លៃប្រមាណ៥០ដុល្លារដល់កូនស្រីពៅ ដែលកំពុងរៀនថ្នាក់ទី៨ ដោយរំពឹងថា អាចងាយស្រួលរៀនជាងពេលមុន។ ពីមុនកូនអ្នកស្រី ត្រូវរត់ទៅរៀននៅផ្ទះមិត្តរួមថ្នាក់ និងមានការលំបាកខ្លះៗ នៅពេលត្រូវទាក់ទងធ្វើកិច្ចការសាលាដែលគ្រូដាក់ឱ្យធ្វើ។

ពលរដ្ឋភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប រូបនេះរៀបរាប់ទៀតថា៖ «ការទិញនេះជាបន្ទុកដែរ ខ្វះតែមិនដឹងធ្វើម៉េច បើព្រហ្មលិខិតគេតម្រូវឱ្យមាន [ទូរសព្ទ] គ្រប់តែគ្នា អត់ម៉ែក៏អត់ចុះ»។

អ្នកស្រីបន្តដោយស្នាមញញឹមជ្រាវជ្រួញថា បានសន្សំប្រាក់រយៈពេល២ខែ ទើបអាចទិញទូរសព្ទតម្លៃខ្ទង់២០ម៉ឺនរៀល ឬ៥០ដុល្លារនេះបាន។


អ្នកស្រី ម៉ៃ សាងាំ កំពុងចម្អិនម្ហូបក្រោមរោងក្បែរផ្ទះ ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ខេត្តសៀមរាប នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

យុវសិស្ស ឌាវ សុជាតិ អាយុ១៦ឆ្នាំ ដែលជាកូនអ្នកស្រី សាងាំ ប្រាប់ថា ទូរសព្ទដែលម្ដាយទើបទិញឱ្យនេះ បានជួយកិច្ចការងារសាលារបស់ខ្លួនបានមួយផ្នែកធំ តែក៏មិនស្រួលប្រើប៉ុន្មានដែរ ដ្បិតជាទូរសព្ទចាស់ និងមិនកាន់ថ្ម។ យុវសិស្សរូបនេះទើបមានទូរសព្ទផ្ទាល់ខ្លួនត្រឹមមួយខែនេះតែប៉ុណ្ណោះ ដែលពីមុនខ្លួនតែងរៀនជួបជុំមិត្តភក្ដិ។ យុវសិស្សរៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យក្របីរៀលរៀបរាប់ថា៖ «មុនមិនទាន់មានទូរសព្ទ រៀនផ្ទះមិត្តភក្ដិ ពេលផ្ញើឯកសារ [ទៅគ្រូ] ពឹងមិត្តភក្ដិ ពិបាកដែរ»។

ដ្បិតថា បានទូរសព្ទផ្ទាល់ខ្លួនក៏ពិតមែន សុជាតិ រអ៊ូថាទូរសព្ទមួយទឹកដែលខ្លួនមាននេះ មិនកាន់ថ្ម និងគាំងជារឿយៗ។ សុជាតិ មិនបានរៀនផ្ទាល់មុខជាមួយគ្រូទេ គឺតែងចម្លងកិច្ចការសាលាដែលគ្រូផ្ញើឱ្យតាមបណ្ដាញទំនាក់ទំនងសង្គមប៉ុណ្ណោះ។ ការណ៍នេះធ្វើឱ្យ សុជាតិ មានការលំបាក និងរៀនមិនសូវចេះទេ។

ចំណែកឯយុវសិស្ស ណន យូអើ វ័យ១៤ឆ្នាំ កំពុងសិក្សានអនុវិទ្យាល័យក្របីរៀលដែរនោះ ក៏ទើបមានទូរសព្ទថ្មីប្រើប្រាស់ដើម្បីរៀនតាមអនឡាញដែរ។ យូអើ ប្រាប់ថា ម្ដាយមីងខ្លួនបានទិញទូរសព្ទសេរីថ្មីឱ្យក្នុងតម្លៃ ១២៩ដុល្លារ ជាកាដូដល់ខ្លួន ដោយសារមើលឃើញស្ថានភាពគ្រួសារយ៉ាប់យឺន។ អ្នកភូមិគោកដូងរូបនេះ និយាយមួយៗថា៖‍ «អត់សុំម៉ែទេ ព្រោះម៉ែជំពាក់លីដា [ធនាគារអេស៊ីលីដា] អត់ហ៊ានសុំ គាត់ចំណាយច្រើន ចំណូលអត់សូវបាន កូនរៀនផង អត់ហ៊ានសុំគាត់ មីងឃើញអត់ទូរសព្ទរៀន គាត់ទិញឱ្យរៀន ទើបទិញប្រហែលមួយខែ ពីមុនរៀនទូរសព្ទម៉ែ»។

អ្នកស្រី ណន ង៉ា អាយុ៥០ឆ្នាំ ដែលជាម្ដាយយុវសិស្ស ណន យូអើ ប្រាប់ថា សព្វថ្ងៃអ្នកស្រីមានកូន២នាក់ដែលកំពុងរៀន និងត្រូវចំណាយកាតទូរសព្ទប្រចាំសប្ដាហ៍យ៉ាងហោច១ម៉ឺនរៀលសម្រាប់បញ្ចូលដើម្បីមានសេវារៀន។ អ្នកស្រីរៀបរាប់ថា៖ «ជាបន្ទុកត្រូវចំណាយកាតទូរសព្ទ បញ្ចូលមិនដល់មួយអាទិត្យទេអស់៥ពាន់ [រៀល] កូន២អស់១ម៉ឺនរៀល...កន្លងមកមីអូន [ណន យូអើ] រៀនទូរសព្ទខ្ញុំ ថ្មីៗនេះមីងទិញឱ្យ ខ្ញុំ[ជួយ] ចេញ១០ម៉ឺនរៀលទេ»។

អ្នកស្រី ណន ង៉ា ដែលសព្វថ្ងៃជាកសិករដាំបន្លែលក់ បានទម្លាយពីស្ថានភាពក្នុងគ្រួសារសព្វថ្ងៃ ដែលកំពុងជួបការលំបាកយ៉ាងដូច្នេះថា៖ «មីងអត់មានលុយទិញ[ទូរសព្ទ]ឱ្យវា ខ្ញុំរកតែបង់ [ធនាគារ] លក់តិចៗបានតែបង់ [ធនាគារ] ចាយវាយតិចតួច មួយខែបង់ធនាគារ ១៧៥ដុល្លារថេរ ខ្ចីគេ៨,០០០ដុល្លារ តែបូកទាំងការទាំងដើម ១២,៦៦៥ដុល្លារ ត្រូវបង់៦ឆ្នាំ តែទើបបាន២ឆ្នាំទេ»។


សិស្សម្នាក់កំពុងកត់មេរៀនតាមទូរសព្ទលើគ្រែមុខផ្ទះ ក្នុងខេត្តសៀមរាប នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

ងាកទៅលោក ម៉ាន ម៉ៅ វ័យ ៥១ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ឯណោះវិញ ប្រាប់ថា ក្នុងមួយខែលោកត្រូវចំណាយលើកាតទូរសព្ទឱ្យកូនរៀនយ៉ាងហោចជិត៤ម៉ឺនរៀល សម្រាប់ការរៀនរបស់កូន២នាក់។ កូនស្រីរៀនថ្នាក់បរិញ្ញាបត្រ និងកូនប្រុសម្នាក់ទៀតរៀនថ្នាក់ទី១១។ នេះមិនរាប់ទាំងថវិកាដែលលោកខំសន្សំពីការងារធ្វើសំណង់ ដើម្បីទិញទូរសព្ទ២គ្រឿង ក្នុងតម្លៃជាង៣០០ដុល្លារឱ្យកូនទាំងពីរទេ។

លោកប្រាប់ថា៖ «កូនមានទូរសព្ទទាំងអស់ តម្លៃជាង ១៣០ដុល្លារ និងមួយទៀតជិត២០០ដុល្លារ...ទើបទិញដែរ គេបិទសាលាកូនអត់មានអីប្រើនឹងគេ។ [ខ្ញុំ]ទើបទិញខ្ទង់៣ខែនេះទេ មុនវារត់ទៅរៀនហ្នឹងគេ យកលុយពីការងារ ខ្វេះលិចកើត ដើម្បីទិញឱ្យកូន សុខចិត្តខ្វះខាតឱ្យតែកូនបានរៀន ខ្លួនឯងសុខចិត្តប្រើអិនចុចពិល»។

អាណាព្យាបាលសិស្សមួយរូបទៀត អ្នកស្រី សង សាវន្ត រស់នៅភូមិត្រពាំងសេស សង្កាត់គោកចក ក៏កំពុងពិបាកចិត្តក្នុងការទប់ទល់ចំណាយប្រចាំថ្ងៃ អំឡុងពេលកូនរៀនតាមអនឡាញនេះដែរ។ មិនខុសពីអាណាព្យាបាលផ្សេងទៀត ស្រ្ដីវ័យ ៣៧ឆ្នាំរូបនេះ ប្រាប់ថា ការចំណាយរាល់ថ្ងៃសំខាន់ជាងគេ គឺលើកាតទូរសព្ទ ដែលត្រូវបញ្ចូលម្ដង១ដុល្លារ ទៅ៥ពាន់រៀលក្នុងមួយសប្ដាហ៍។ យ៉ាងណា ទូរសព្ទដែលប្រើរាល់ថ្ងៃនេះអ្នកស្រី សាវន្ត មានប្រើយូរហើយ គឺទិញតាមរយៈការបង់រំលស់ពីជនជាតិឥណ្ឌាដែលដើរលក់តាមផ្ទះ និងឱ្យអ្នកស្រីបង់រំលស់ប្រចាំលើប្រាក់ជាក់ស្ដែងដែលអ្នកស្រីមាន។

អ្នកស្រី សាវន្ត រំលឹកថា៖ «ពេលដល់ខែក៏បង់ម្ដងបន្ដិចៗ ថាឱ្យទៅទិញភ្លាមៗយកលុយឱ្យគេ គឺអត់មានលុយទេ មួយខែយើងមានឱ្យគេ៤ម៉ឺនទៅ ៣ម៉ឺនទៅ»។

ដ្បិតខ្លួនឯងមិនបានចូលសាលាហ្នឹងគេនោះទេកាលពីក្មេង អ្នកស្រី សាវន្ត ដែលមានប្ដីជាកម្មករសំណង់ ហើយសព្វថ្ងៃដើរច្រូតស្មៅឱ្យគោ និងដើរស៊ីឈ្នួលបោសសម្អាតផ្ទះឱ្យគេ ប្រាថ្នាឱ្យកូនបានរៀនចប់ខ្ពង់ខ្ពស់ហ្នឹងគេ ដើម្បីបានការងារច្បាស់លាស់មួយនាពេលអនាគត។ យ៉ាងណា អ្នកស្រីប្រាប់ថា អាស្រ័យលើការខិតខំប្រឹងប្រែងរបស់កូន និងកាលៈទេសៈជាក់ស្ដែងក្នុងគ្រួសារ ព្រោះជីវភាពសព្វថ្ងៃមានការលំបាកខ្លាំង ដែលក្នុងមួយខែមានចំណូលត្រឹម៦០ម៉ឺនប៉ុណ្ណោះ មិនគ្រប់ចំណាយប្រចាំថ្ងៃឡើយ។ ពេលខ្លះស្រ្ដីរូបនេះបង្ខំចិត្តជំពាក់គេ និងសងគេវិញតាមក្រោយក៏មាន។

មិនខុសពីមាតាបិតាដទៃទៀត អ្នកស្រី រ៉ូ គ្រីម៉ា អាយុ២៤ឆ្នាំ បានរអ៊ូពីការចំណាយពេលវេលាច្រើនម៉ោងក្នុងមួយថ្ងៃៗ ដើម្បីនៅជាមួយកូនពេលកំពុងរៀនតាមអនឡាញ។ ក្នុងមួយថ្ងៃ គ្រីម៉ា ត្រូវនៅជាប់ជាមួយកូនរយៈពេល៤ម៉ោង នៅពេលព្រឹក និងពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ការរៀនតាមប្រព័ន្ធឌីជីថលនេះ មានការលំបាកជាងខ្លាំង ពិសេសក្មេងតូចៗដែលមានការរំខានដល់ម៉ោងរៀន។

គ្រីម៉ា ពន្យល់ថា៖« ពិបាកដែរ គឺនៅជាប់ជាមួយរហូត ពិបាកធ្វើអីមិនបាន បើទុកឱ្យគាត់នៅម្នាក់ឯង អូនចូលមើលយូធូបភ្លាមតែម្ដង... ក្មេងខ្លះបង្កភាពរញ៉េរញ៉ៃរំខានរៀនមិនបាន...សាលារៀនគេរៀបចំគួរសម តែពេលខ្លះក្មេងមានច្រើន គ្រូមិនអាចទប់ឈ្នះ»។

ប្រសិទ្ធភាពនៃការរៀនតាមប្រព័ន្ធឌីជីថលពុំសូវទទួលបានច្រើននោះទេ ធៀបនឹងការសិក្សាក្នុងថ្នាក់ផ្ទាល់។ អាណាព្យបាលស្ទើរ១០០ភាគរយបានដឹងពីករណីនេះ សូម្បីតែសិស្សផ្ទាល់ផង។

អ្នកស្រី សារី វ៉ាន់នីតា អាយុ៣២ឆ្នាំ ដែលមានកូនរៀនថ្នាក់ទី២ ប្រាប់ថា ការរៀនតាមអនឡាញធ្វើឱ្យកូនខ្លួនមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ ដែលពេលខ្លះអ្នកស្រីត្រូវជួយបង្រៀនផងដែរអំឡុពេលរៀនតាមអនឡាញជាមួយគ្រូ ដូចជាការហៅពាក្យដើម្បីសរសេរតាមអានជាដើម។ អ្នកស្រីមើលឃើញថា កូនខ្លួនហាក់ខ្សោយមុខវិជ្ជាគណិត ដ្បិតមុខវិជ្ជានេះត្រូវការពន្យល់ដិតដល់ពីគ្រូបង្រៀន។

ចំណែកអ្នកស្រី សង សាវន្ត វិញក៏យល់ថា ការរៀនសាលាជាមធ្យោបាយល្អជាងផងដែរ។ អ្នកស្រីលើកឡើងថា៖ «មធ្យោបាយស្រួល រៀនតាមសាលារៀនហ្នឹងឯង កូនរៀនបានគ្រប់គ្រាន់ រៀនអនឡាញខ្ញុំអត់ទុកចិត្តផង មើលទៅដូចអត់លូតទៅមុខផង កូនខ្ញុំរៀនតាមអនឡាញគឺធ្លាក់ចុះ»។

យុវសិស្ស ស៊ុន សាន់នី ជាកូនអ្នកស្រី សង សាវន្ត យល់ថាខ្លួនរៀនមិនសូវចូលដែរ។ សាន់នី ប្រាប់ថា៖ «រៀនអនឡាញមិនស្រួលទេ អិនធឺណិតអត់សេវា និយាយតបទៅអត់ស្រួល រអាក់រអួល រញ៉េរញ៉ៃច្រើន»។

ដោយឡែកយុវសិស្ស ឌាវ សុជាតិ វិញក៏យល់ដូច្នោះដែរ រៀនតាមអនឡាញពិបាកជាងនៅសាលា។ យុវសិស្សរូបនេះថា៖ «រៀនតាមអនឡាញមិនសូវយល់ សួរមិត្តភក្ដិ ផ្ញើឯកសារទៅគ្រូមិនសូវមើលទេ ២ទៅ៣ថ្ងៃបានមើល គាត់រវល់»។


កុមារាម្នាក់ជិះកង់កាត់សាលាបឋមសិក្សា គោកត្នោត សង្កាត់គោកចក ខេត្តសៀមរាប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។

អង្គការយូនីសេហ្វ មើលឃើញថា ការបន្តការបិទសាលារៀននឹងបង្កការលំបាកកាន់តែខ្លាំងសម្រាប់កុមារ ដូចជាមានបញ្ហាបោះបង់សាលារៀន ធ្វើឱ្យកូនសិស្សលែងចង់រៀនសូត្រជាដើម ដ្បិតពួកគេយល់ថា រៀនមិនចេះ និងរៀនមិនទាន់គេជាដើម។ បើតាមអង្គការយូនីសេហ្វ ការបិទសាលានេះធ្វើឲ្យប៉ះពាល់សិស្សប្រមាណ៣លាននាក់ នៅទូទាំងប្រទេស។

កាលពីចុងខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពបើកសាលាឡើងវិញនៅតំបន់ណាដែលគ្មានការឆ្លងជំងឺកូវីដ១៩ ដោយលោកបារម្ភថាសិស្សអាចភ្លេអក្សរ ឬបោះបង់ការសិក្សា។ គិតត្រឹមពាក់កណ្តាលខែកញ្ញានេះ មានសាលារៀនចំនួន២.៦៤១ ត្រូវបានបើកឡើងវិញ។

យុវសិស្ស ឌាវ សុជាតិ បង្ហាញអារម្មណ៍ថា៖ «ដេកចាំថ្ងៃចូលរៀនវិញ តែក៏ខ្លាចកូវីដដែរ ត្រូវត្រៀមទឹកអាកុល ជាល លាងដៃឱ្យញឹកញាប់ ពាក់ម៉ាស់ការពារ»។

យុវសិស្ស ណន យូអើ និយាយថា៖ «សប្បាយចិត្ត តែខ្លាចកូវីដ តែអាចការពារមានម៉ាស់ អាកុល ឧស្សាហ៍លាងដៃនឹងសាប៊ូ»។

រីឯអាណាព្យាបាលសិស្ស អ្នកស្រី រ៉ូ គ្រីម៉ា៖ «រៀនបើក [សាលារៀន] ៧០ភាគរយគាំទ្រ តែ៣០ភាគរយទៀតក៏ខ្លាចដែរ តែបើនៅតែបិទទៀតក្មេងកាន់តែអាយុច្រើន ក្មេងមិនចេះអក្សរវាកាន់តែធំ វាពិបាកចូលរៀន តែបើចូលវិញ យើងចូលរួមការពារតាមហ្នឹង»។

ដោយឡែកអ្នកស្រី ណន ង៉ា វិញយល់ថា៖« បើកំពុងតែឆ្លងចេះ ខ្លាចដែរមិនចង់ឱ្យកូនទៅរៀនដែរ នៅផ្ទះគ្រាន់ម៉ែឪសប្បាយចិត្តខ្លះ បើនៅវ៉ុលចេះខ្លាច»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា ក៏មើលឃើញពីផលលំបាកនានាដែលកើតចេញពីការរៀនអនឡាញផងដែរ។ លោកមានប្រសាសន៍ថា៖«បញ្ហានេះជួបមិនផុតទេ យើងមិនជួបមុខគ្នាច្រើន ក្មេងខ្លះគាត់អាចយល់ទៅ ខ្លះទាល់តែមានការតម្រង់ទិញជួបប្រាស្រ័យ។ ដូច្នេះអាណាព្យាបាល ឬមិត្តភក្ដិ ជួយការគាំទ្របន្ថែម ដូចជារៀនបណ្ដុំ ហើយការខ្វះខាតមិនមានសេវា [អិនធឺណិត] រៀន វាកាន់តែពិបាកហើយ»។

លោក លី ប៊ុនណា បន្ថែមថា ផលលំបាកនៃការបិទសាលារៀន ពិតជាប៉ះពាល់ធ្ងន់ធ្ងរដល់សិស្សានុសិស្ស ហើយស្ថានភាពថ្មីៗ នៃការផ្ទុះជំងឺកូវីដក្នុងសហគមន៍ មានផលប៉ះពាល់ជាច្រើន ដែលធ្វើឱ្យការសិក្សារបស់សិស្ស នៅតែមានការលំបាកដដែល។

លោក លី ប៊ុនណា មិនយល់ស្របទាំងស្រុងទេ ដែលថា ការគ្មានសេវាអិនធឺណិតរៀន និងការចំណាយច្រើន ធ្វើឱ្យសិស្សបោះបង់ការសិក្សា ដ្បិតពុំមានការសិក្សាស្រាវជ្រាវច្បាស់លាស់នៅឡើយ។

 លោកពន្យល់ថា៖ «យើងមិនអាចវាយតម្លៃជាការបោះបង់ទេ ព្រោះការត្រួតពិនិត្យមិនបានជាប់លាប់មិនបានគ្រប់គ្នា ជួលកាលគាត់អាក់ខានមិនបានទទួលការអប់រំការបណ្ដុះបណ្ដាលពីចម្ងាយតាមអេឡិកត្រូនិកទេ ចឹងគាត់មានការឆកល្វែងនៅក្នុងការទទួលសេវាអប់រំ ហើយយើងថាបោះបង់ អាហ្នឹងមិនត្រូវទេ»។

យោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការយូនីសេហ្វ ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការបន្តបិទសាលារៀនទៀត មិនមែនជាជម្រើសដ៏ល្អនោះទេ។ យូនីសេហ្វគាំទ្រពេញទំហឹងជាមួយរាជរដ្ឋាភិបាលដែលប្រកាសបើកសាលារៀនសារជាថ្មីនៅពេលនេះ។ យូនីសេហ្វ បានលើកឧទាហរណ៍នៃការបើកសាលាឡើងវិញអំឡុងខែកញ្ញា ឆ្នាំ២០២០ ដោយគ្មានករណីឆ្លងណាមួយឡើយ។ ភស្ដុតាងបង្ហាញថា សាលារៀនមិនមែនជាកត្តាចម្បងជំរុញឱ្យមានការចម្លងនៅក្នុងសហគមន៍ជុំវិញទេ។ ហើយការបើកសាលាឡើងវិញ ក៏មិនមែនជាសកម្មភាពនាំទៅរកហានិភ័យនោះដែរ។

ផ្ទុយទៅវិញ យូនីសេហ្វ បានលើកពីបញ្ហាប្រឈមសំខាន់ដែលកើតពីការបន្តបិទទ្វារសាលា គឺមានឱកាសតិចតួចដែលធ្វើឱ្យសិស្សត្រឡប់ចូលរៀនវិញ ពួកគេមានអារម្មណ៍ថារៀនមិនទៅមុខ រៀនមិនទាន់គេ និងអាចងាកទៅជួយរកចំណូលផ្គត់ផ្គង់គ្រួសារក៏មាន។

សេចក្ដីថ្លែងការណ៍របស់យូនីសេហ្វ បានឲ្យដឹងថា៖ «ជារៀងរាល់ថ្ងៃ នៅពេលយើងពន្យារពេលបើកសាលាឡើងវិញ ឧបសគ្គទាំងនេះ ក៏កើនឡើងជាលំដាប់ផងដែរ»។

ដ្បិតថា ស្ថានភាពបច្ចុប្បន្នមិនទាន់អាចឱ្យសាលារៀននៅខេត្តសៀមរាបបើកឡើងវិញ អាណាព្យាបាលសិស្សមានបន្ទុកច្រើនក៏ពិតមែន តែពួកគេអះអាងថា សុខចិត្តលះបង់គ្រប់បែបយ៉ាង ដើម្បីឱ្យកូនៗបានរៀនសូត្រចប់ចុងចប់ដើម និងចង់ឃើញអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។

លោក ម៉ាន ម៉ៅ អ្នកភូមិគោកត្នោត មានប្រសាសន៍ថា៖ «ពិបាកដែរយើងនៅតែជនបទនេះ ទម្រាំតស៊ូឱ្យកូនរៀនចប់មួយៗ តស៊ូឱ្យកូនរៀន ព្រោះស្រុកទេសគេមិននៅហ្នឹងទេ នឹងរីកចម្រើន មិនត្រូវពឹងស្រែទេ»៕


Tag:
 រៀនអនឡាញ
  កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com