កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា៖ វិសាខា និងភ្នំពេញក្រោន ចាញ់លើកដំបូងដូចគ្នា ខណៈបឹងកេតសងសឹកបានសម្រេច
19, Sep 2021 , 2:20 pm        
រូបភាព
ភ្នំពេញ៖ វិសាខា និងភ្នំពេញក្រោន ស្គាល់រសជាតិចាញ់លើកដំបូងដូចគ្នា ក្រោមថ្វីជើងបឹងកេត និងព្រះខ័នរាជស្វាយរៀង នៃការប្រកួតដណ្ដើមពានរង្វាន់មិត្តហ្វូនខាមបូឌាលីគ ២០២១ នៃជុំទី២ នាសប្ដាហ៍ទី១៤ នេះ។


បឹងកេត បានសងសឹងក្រុមម្ចាស់ផ្ទះ វិសាខា នៅកីឡដ្ឋានព្រីនស៍ ដោយលទ្ធផល ២-១ នៅការប្រកួតជុំទី២ កាលពីថ្ងៃទី១៨ កញ្ញា។ ២គ្រាប់របស់បឹងកេតនេះ កើតចេញពីខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាការ ដោយការលើកបាល់ជ្រុង មកប៉ះក្បាលខ្សែបម្រើវិសាខា ច្រឹង ពលរដ្ឋ ដែលនាំឱ្យបាល់ខ្ទាតចូលទី នៅនាទី២៥។ ៤នាទីក្រោយមក ខ្សែប្រយុទ្ធមកខេត្តកំពតរូបនេះ បានបន្ថែម១គ្រាប់ទៀត តាមរយៈការអូសបាល់មកញាក់ផុតដៃអ្នកចាំទី កែវ សុខសិលា ដោយស៊ុតបញ្ចូលទីយ៉ាងល្អ នៅនាទី២៩ បើទោះជាខ្សែការពារវិសាខា ព្យាយាមរត់តាមពីក្រោយមករារាំងក្តី។

ក្រោយនាំមុខ២ទល់០ នៅវគ្គទី១នេះ វិសាខា បានព្យាយាមវាយសម្រុកបឹងកេតយ៉ាងខ្លាំង រហូតដល់នាទី៥៧ ទើបស៊ុតចូលមួយគ្រាប់វិញ ដោយខ្សែប្រយុទ្ធចំណូលថ្មីជនជាតិប្រេស៊ីល Christian Alex បន្ទាប់ពីការបញ្ចូនបាល់យ៉ាងល្អ ពីដៃគូប្រយុទ្ធ Haber Marcus Warren ។ លទ្ធផល២-១ បានរក្សារហូតដល់ចប់ការប្រកួត ។ ជ័យជម្នះរបស់បឹងកេតនេះ ជាការស្ដារភាពអាម៉ាសរបស់ខ្លួនវិញ ក្រោយចាញ់វិសាខា យ៉ាងស្ពឹកមុខ ដោយលទ្ធផល ៥-១ នៅជុំទី១ កាលពីថ្ងៃទី១១ កញ្ញា។

ចំណែកក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងវិញ ក៏បានយកឈ្នះភ្នំពេញក្រោន ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀងដែរ។ ១គ្រាប់របស់ព្រះខ័នរាជស្វាយរៀងនេះ រកបានដោយខ្សែប្រយុទ្ធចំណូលថ្មី សញ្ជាតិកាមេរូន Emmanuel Mbarga នៅនាទី៨៥។ ព្រះខ័នរាជស្វាយរៀង ព្យាយាមយកឈ្នះភ្នំពេញ រហូតបានសម្រេច ក្រោយក្រុមទាំងពីរនេះ ជួបគ្នាកាលពីជុំទី១ ដោយលទ្ធផល៣-៣។

ជ័យជម្នះរបស់បឹងកេត និងព្រះខ័នរាជស្វាយរៀងនេះ ក៏ផ្ដល់មេរៀនចាញ់លើកដំបូងដល់វិសាខា និងភ្នំពេញក្រោនដែរ។ ឆ្លងកាត់១៣ប្រកួតកន្លងមកនេះ វិសាខា និងភ្នំពេញក្រោន ដែលទើបស្គាល់រសជាតិចាញ់នេះ កំពុងឈរនៅលើកំពូលតារាង ដោយមាន២៨ពិន្ទុ ក្រោយឈ្នះ៨ ស្មើ៤ និងចាញ់១ ដូចគ្នា។ ប៉ុន្តែវិសាខា ឈរលេខ២ ដោយនៅសល់គ្រាប់បាល់ចំណេញ៣០គ្រាប់ ខណៈភ្នំពេញក្រោន មាន២៦គ្រាប់ ក្រោយចាញ់គូប្រកួតនេះ។

ចំណែកព្រះខ័នរាជស្វាយរៀង ឈរលេខ១ ដោយមាន២៨ពិន្ទុក្នុងដៃ បន្ទាប់ពីឈ្នះ៩ ស្មើ១ និងចាញ់៣ ។ រីឯបឹងកេត ឈ្នះ៩ និងចាញ់៤លើក មាន២៧ពិន្ទុឈរលេខ៤ ដោយតាមពីក្រោយក្រុមកំពូលតារាងតែ១ពិន្ទុប៉ុណ្ណោះ។
អត្ថបទទាក់ទង


សម្រាប់ការប្រកួត១គូទៀត ដែលបានបញ្ចប់ដែរនោះ គឺណាហ្គាវើលដ៍ បានវាយបកឈ្នះអង្គរថាយហ្គឺរ ដោយលទ្ធផល៤-២ ។ គ្រាប់បាល់របស់ណាហ្គាវើលដ៍នេះ រកគ្រាប់បាល់ដោយ Marcio Marques ២គ្រាប់ នៅនាទី៥៦ និង៨៩,  គួច ដានី នាទី៦៧ និង សុះ ស៊ូហាណា នាទី៩០បូក៤។ ចំណែកថាយហ្គឺរសម្រេចបានដោយ ឡុង ម៉េងហាវ នាទី៥១ និង Eliel Da Cruz នៅនាទី៩០បូក២ ។

ណាហ្គាវើលដ៍ ឈរនៅលេខ៤ ក្រោយឈ្នះ៨ ស្មើ៤ និងចាញ់១ មាន២៨ពិន្ទុ ខណៈអង្គរថាយហ្គឺរ មាន២១ ក្រោយឈ្នះ៦ ស្មើ៣ និងចាញ់៤ប្រកួត ឈរនៅលេខ៦។ ក្រុមនៅបាតតារាង មាននគរបាលជាតិ មាន៣ពិន្ទុ សូទីឡូអង្គរ មាន៥ពិន្ទុ និងខេត្តព្រៃវែង មាន៦ពិន្ទុ។

សម្រាប់កាលប្រកួត នៅជុំទី២ សប្ដាហ៍ទី១៤ នាថ្ងៃទី១៩ កញ្ញានេះ ក៏មាន២គូទៀតដែរ គឺក្រុមអាស៊ីអឺរ៉ុប ទទួលភ្ញៀវខេត្តព្រៃវែង នៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក នាម៉ោង៣រសៀល។ ចំណែក កងយោធពលខេមរភូមិន្ទ ស្វាគមន៍ភ្ញៀវ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ធីហ្វីអាមមី នាម៉ោង៣៖៣០នាទី៕

Tag:
 បាល់ទាត់ជាតិ
  លីគកំពូលកម្ពុជា
  CNCC
© រក្សាសិទ្ធិដោយ thmeythmey.com