អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​UN៖ ពិភពលោក​ត្រូវតែ​ភ្ញាក់ខ្លួន ដើរ​ចេញពី​វិបត្តិ​ជាច្រើន​
21, Sep 2021 , 9:18 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅថ្ងៃទី២១ ខែកញ្ញា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅថ្ងៃទី២១ ខែកញ្ញា។
​ប្រមុខ​អង្គការសហប្រជាជាតិ (UN) លោក  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ព្រមាន​ឱ្យ​ពិភពលោក​ភ្ញាក់ខ្លួន ដើរចេញ​វិបត្តិ​ជាច្រើន​ដូចជា ជំងឺ​កូ​វីដ​-១៩ ការប្រែប្រួល​អាកាសធាតុ និង​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់ ត្រូវ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​។

 
​ក្នុង​សុន្ទរកថា​នា​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦ (UNGA) នៅ​ថ្ងៃទី​២១ ខែកញ្ញា  អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ទាំងអស់​សាមគ្គី ក្នុងពេល​ពិភពលោក កំពុង​ជួបប្រទះ​បញ្ហា​ជាច្រើន​។​
 
«​ពិភពលោក ត្រូវតែ​ភ្ញាក់ខ្លួន​»​។ ប្រមុខ UN បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​ដើរ​ខុស​ទិសដៅ ហើយ​ស្ថានភាព​បែបនេះ វា​មិន​ធ្លាប់​កើតមាន​ពីមុនមក​ឡើយ​។ បើតាម​លោក​ហ្គូ​តេ​រ៉េ​ស ពិភពលោក កំពុង​រង​ការគំរាមកំហែង​ដ៏​ធ្ងន់​បំផុត ក្នុងនោះ​មានដូចជា ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យមាន​វិសមភាព​យ៉ាង​ធំ និង​ការប្រែប្រួល​អាកាសធាតុ កំពុង​ជះឥទ្ធិពល​មកលើ​ភពផែនដី​។​
 
​ក្នុង​សុន្ទរកថា​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ផ្សេងទៀត ប្រមុខ​UN រូបនេះ ក៏បាន​លើកឡើង​ពី ការកើនឡើង​នៃ​ភាពមិន​ទុកចិត្ត និង​ព័ត៌មាន​មិន​ពិត​ផងដែរ ខណៈ​វិទ្យាសាស្ត្រ សិទ្ធិមនុស្ស និង​មនុស្ស កំពុង​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​។ 
 
«​សាមគ្គីភាព មិន​ត្រូវបាន​អនុវត្ត​ឡើយ ក្នុងពេល​ពិភពលោក​ត្រូវការ​វា​បំផុត​»​។ លោក ហ្គូ​តេ​រ៉េ​ស បាន​យល់ឃើញ​បែបនេះ ដោយ​បន្តថា នៅក្នុង​ករណី​ជំងឺ​កូ​វីដ​-១៩ វ៉ាក់សាំង​ត្រូវបាន​អភិវឌ្ឍ​ក្នុងពេល​ដ៏​លឿន​មួយ ដោយសារតែ​ភាពជឿនលឿន​នៃ​វិទ្យាសាស្ត្រ ប៉ុន្តែ​នៅ​ផ្នែក​ម្ខាង​ទៀត វា​មានការ​ខ្វះខាត​នៃ​ឆ​ន្ទះ​នយោបាយ ភាព​អាត្មានិយម និង​ភាពមិន​ទុកចិត្ត​។ នៅក្នុង​ប្រទេស​ខ្លះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​លើស​កំណត់ ខណៈ​ប្រទេស​ផ្សេងទៀត មិនមាន​វ៉ាក់សាំង​ផ្តល់ឱ្យ​ប្រជាជន​។ តួយ៉ាង ប្រជាជន​នៅ​តំបន់​អា​ហ្វ្រ៊ិ​ក​ចំនួន ៩០​ភាគរយ កំពុង​រង់ចាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ 
 
​សូមបញ្ជាក់ថា មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦ ត្រូវ​ឡើង​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០ ខែកញ្ញា​។ មេដឹកនាំ​ធំៗ មកជួប​គ្នា​នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ថ្លែង​សុន្ទរកថា​ទៅកាន់​ពិភពលោក ខណៈ​ថ្នាក់ដឹកនាំ​ប្រទេស​ផ្សេងទៀត អាច​ថ្លែង​សុន្ទរកថា តាម​ប្រព័ន្ធ​វីដេអូ ដោយសារតែ​បារម្ភ​ពី​ជំងឺ​កូ​វីដ​-១៩ ៕

Tag:
 UNGA
© រក្សាសិទ្ធិដោយ thmeythmey.com