ជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឲ្យដាក់កាមេរ៉ាឲ្យច្រើន ហើយកាត់បន្ថយប៉ូលិសចរាចរណ៍
22, Sep 2021 , 7:59 pm        
រូបភាព
សកម្មភាពប៉ូលិស ពិនិត្យមើលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ តាមកាមេរ៉ាសុវត្ថិភាព។
សកម្មភាពប៉ូលិស ពិនិត្យមើលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ តាមកាមេរ៉ាសុវត្ថិភាព។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចង់ឲ្យកម្ពុជា ចាប់ផ្តើមយកគំរូតាមបណ្តាប្រទេសជឿនលឿនមួយចំនួន ក្នុងការគ្រប់គ្រងដោយលក្ខណៈទំនើបលើការធ្វើដំណើរតាមដងផ្លូវ នោះគឺប្រើប្រាស់បច្ចេកវិទ្យា ជាជាងការពឹងផ្អែកតែទៅលើកម្លាំងមនុស្សដ៏ច្រើនលើសលប់។


បច្ចេកវិទ្យាដ៏ចំបាច់ ដែលសម្តេច ស ខេង ចង់ឲ្យយកមកប្រើប្រាស់ឲ្យច្រើននោះ គឺកាមេរ៉ាសុវត្ថិភាព។ សម្តេចរដ្ឋមន្រ្តី យល់ឃើញថា ការប្រើកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ពិសេសក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តនានា គឺមានភាពងាយស្រួល ក្នុងការគ្រប់គ្រងការធ្វើចរាចរណ៍ និងរឹតតែងាយស្រួលក្នុងការចាប់អ្នកដែលបើកបរខុសច្បាប់។ ក្រៅពីការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព សម្តេច ក៏បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ គូសគំនូសចរាចរណ៍ឲ្យបានត្រឹមត្រូវ និងដាក់ផ្លាកសញ្ញាចរាចរណ៍ផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានកាន់តែច្រើន។ 
 
ធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១នៃឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្តេចប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងថា៖«ឲ្យ [ប្រជាពលរដ្ឋ] គាត់ ខ្លាចកាមេរ៉ានេះ ដាក់ការមេរ៉ាឲ្យបានច្រើនមើល៍ ហើយគូសគំនូសសញ្ញាហ្នឹងទៅ ឃើញកន្លែងណា គឺ [កាមេរ៉ា ថតជាប់] ប៉ាច់ ឃើញកន្លែងណា គឺប៉ាច់ រត់អត់រួចទេ។ សម្តេច បន្តថា៖«យើង គួរឯកភាពគ្នាជាគោលការណ៍រួម ជាយុទ្ធសាស្រ្តរួមរបស់យើងថា ត្រូវតែឈានទៅកាត់បន្ថយនគរបាលចរាចរណ៍ ដោយជំនួសដោយឧបករណ៍សម្ភារបច្ចេកទេស ដូចជា កាមេរ៉ាសុវត្ថិភាព»។ 
 
យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា រដ្ឋ មិនអាចបោះបង់នគរបាលចរាចរណ៍ចោលទាំងស្រុងឡើយ តែក៏មិនត្រូវពឹងផ្អែកលើកម្លាំងនគរបាលចរាចរណ៍ច្រើនពេកដែរ។ សម្តេច មានប្រសាសន៍ថា៖«ពីមុនមក១០នាក់ ឥឡូវគេប្រើតែ២នាក់ ឧទាហរណ៍ ដើម្បី Control [គ្រប់គ្រង] ផ្លូវហ្នឹង។ ប្រើប៉ូលិសតិចតែមានប្រសិទ្ធភាពខ្ពស់»។ 
 
សម្រាប់សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ការដាក់កាមេរ៉ាសុវត្ថិភាពឲ្យបានច្រើន ការគូសគំនូសសញ្ញាឲ្យបានត្រឹមត្រូវ និងការដាក់ផ្លាកសញ្ញាចរាចរណ៍ផ្សេងៗតាមដងផ្លូវ គឺមានផលចំណេញជាងការប្រើកម្លាំងនគរបាលចរាចរណ៍។ ការចំណេញដែលសម្តេច ចង់សំដៅនោះ គឺចំណេញទាំងថវិកាជាតិ និងចំណេញទាំងប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងចរចារណ៍តាមដងផ្លូវ៕
 
 

Tag:
 ស ខេង
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com