ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សម្តេច ហ៊ុន សែន ប្រាប់អ្នករាយការណ៍ UN ថា កម្ពុជា ចង់បានការជឿទុកចិត្តគ្នា និងចៀសវាងការទម្លាក់កំហុសដាក់គ្នា
23, Sep 2021 , 7:59 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក វិទិត មុនតាបន តាមប្រព័ន្ធអនឡាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន)
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក វិទិត មុនតាបន តាមប្រព័ន្ធអនឡាន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន)
ការជឿទុកចិត្តគ្នា និងការមិនទម្លាក់កំហុសដាក់គ្នា គឺជាចំណុចសំខាន់មួយ ដែលមេដឹកនាំកម្ពុជាចង់បាន នៅក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា ជាមួយលោក វិទិត មុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ឬមន្រ្តីសិទ្ធិមនុស្សផ្សេងទៀតរបស់អង្គការសហប្រជាជាតិ។


ក្នុងជំនួបតាមអនឡាញ កាលពីថ្ងទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញការចង់បាននេះ ទៅកាន់លោក វិទិត មុនតាបន។ ជំនួបរវាងសម្តេច ហ៊ុន សែន ជាមួយលោក វិទិត មុនតាបន គឺជាជំនួបលើកទី១ ចាប់តាំងពីលោក ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត កាលពីខែមីនា ឆ្នាំ២០២១។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី។
 
 «អ្វី ដែលកម្ពុជា ចង់បានកិច្ចសហប្រតិបត្តិការពីលោក វិទិត មុនតាបន គឺការបង្កើតបរិយាកាស ដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយស្ថាបនា ដើម្បីឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក»។ លោក អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចនាយករដ្ឋមន្រ្តី អះអាងថា នេះជាប្រសាសន៍របស់សម្តេច ទៅកាន់លោក វិទិត មុនតាបន។  
 
លោក វិទិត មុនតាបន ចង់ដឹងអំពីបញ្ហាមួយចំនួន ដូចជា  សិទ្ធិមនុស្ស ជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ និង លម្ហនយោបាយ។ សម្តេចនាយករដ្ឋមន្រ្តី បកស្រាយថា សម្រាប់កម្ពុជា សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិអាទិភាព ហើយដើម្បីរក្សាសិទ្ធិរស់រានមានជីវិត កម្ពុជា ត្រូវរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន។ សម្តេច បន្តថា អ្នកជាប់ឃុំ ក៏ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដែរ។ សម្តេច ប្រាប់ទៅលោក វិទិត មុនតាបន ទៀតថា កម្ពុជា ចង់ឲ្យមានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលម្ហលទ្ធិប្រជាធិបតេយ្យ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងាររបស់សារព័ត៌មានកម្ពុជា លោក វិទិត មុនតាបន បានសរសើររដ្ឋាភិបាលកម្ពុជា ចំពោះការចាត់វិធានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនកម្ពុជា៕ 
 
 
 

Tag:
 ហ៊ុន សែន
  Vitit Muntarbhorn
© រក្សាសិទ្ធិដោយ thmeythmey.com