COVID-19
អន្តរជាតិ
ថៃ គ្រោងបន្ថយរយៈពេលធ្វើចត្តាឡីស័កលើអ្នកដំណើរមកពីបរទេស
24, Sep 2021 , 9:29 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
គណៈកម្មាធិការគ្រប់គ្រងជំងឺឆ្លងថៃ នឹងស្នើឱ្យកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃ ទៅ១០ថ្ងៃ ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចថៃឡើងវិញ។ ការស្នើឱ្យកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កបែបនេះ ធ្វើឡើងស្របពេលថៃបានពន្យារពេលបើកទីក្រុងបាងកក និងទីក្រុងផ្សេងទៀត ក្នុងគោលបំណងទទួលភ្ញៀវទេសចរបរទេស។

 
នៅក្នុងឆ្នាំ២០១៩ ថៃ បានទទួលភ្ញៀវទេសចរចំនួន ៤០លាននាក់។ ប៉ុន្តែចំនួននេះ បានធ្លាក់ចុះយ៉ាងគំហុក ហើយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានដាក់គោលដៅទទួលភ្ញៀវទេសចរត្រឹមតែ ១លាននាក់ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២១។ ទន្ទឹមនេះ ថៃក៏បានពន្យារពេលទទួលភ្ញៀវទេសចរបរទេសមកក្រុងបាងកក ក្រុងឈៀងម៉ៃ និងក្រុងផ្សេងទៀត។  
 
យ៉ាងណាមិញ ថៃបានស្វះស្វែងបន្ថយរយៈពេលធ្វើចត្តាឡីស័ក ដើម្បីទទួលអ្នកដំណើរបរទេសដែរ។ «ការកាត់បន្ថយរយៈពេលចត្តាឡីស័ក មិនត្រឹមជួយវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយដល់ការធ្វើដំណើរ និងនិស្សិតបរទេសផងដែរ»។ អគ្គនាយកគ្រប់គ្រងជំងឺឆ្លង លោកOpas Karnkawinpong បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែកញ្ញាបែបនេះ។ 
 
ក្រោមសំណើរដែលនឹងត្រូវដាក់ទៅរដ្ឋាភិបាលនៅថ្ងៃខាងមុខ អ្នកដំណើរដែលមិនមានការបញ្ជាក់ថាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ប្រសិនបើធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវគោក មានរយៈពេល ១៤ថ្ងៃ។ ចំណែកអ្នកដំណើរមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ និងធ្វើតេស្ត RT-PCR។ អ្នកដំណើរដែលមានទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ 
 
វិធានការខាងលើ នឹងអនុវត្តគ្រប់បណ្តាប្រទេសទាំងអស់ ប៉ុន្តែប្រទេសដែលមានហានិភ័យជំងឺកូវីដ-១៩ ទាប នឹងត្រូវកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កទៅតាមនោះដែរ។ មកទល់ពេលនេះ ថៃបានផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ ៤៤,៧លានដូសដល់ប្រជាជនខ្លួន ហើយប្រជាជនប្រមាណ ១៥,១លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com