ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋធម្មនុញ្ញ ជាផ្លូវតែមួយ សម្រាប់ពលរដ្ឋធ្វើដំណើរទាំងអស់គ្នា
24, Sep 2021 , 7:59 pm        
រូបភាព
រដ្ឋធម្មនុញ្ញ ប្រៀបដូចជាមាគ៌ាមួយ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវដើរតាម។ ពីមេដឹកនាំកំពូល រហូតដល់ប្រជាពលរដ្ឋទូទៅ គ្មានអ្នកណាម្នាក់ អាចដើរចេញពីមាគ៌ានៃរដ្ឋធម្មនុញ្ញឡើយ។


រាល់សកម្មភាពរបស់មនុស្ស រាល់ការបង្កើតច្បាប់ថ្មី ត្រូវស្របតាមរដ្ឋធម្មនុញ្ញ។ ជារួម អ្វីៗក្នុងសង្គមកម្ពុជា ត្រូវអនុលោមតាមរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និងច្បាប់។ បើតាមការចែងក្នុងរដ្ឋធម្មនុញ្ញ សូម្បីព្រះមហាក្សត្រ ក៏ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញដែរ។ 
 
គេ អាចដឹងពីបរិបទសង្គមមួយ តាមរយៈការមើលរដ្ឋធម្មនុញ្ញនេះឯង។ ជាក់ស្តែង បើគេ មើលរដ្ឋធម្មនុញ្ញកម្ពុជា គេ នឹងដឹងថា កម្ពុជា ជាប្រទេសដែលប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស, កម្ពុជា ឯករាជ្យមិនចូលបក្សសម្ព័ន្ធ, ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋអស់មួយជីវិត តែទ្រង់មិនកាន់អំណាច, នាយករដ្ឋមន្រ្តី ជាប្រមុខរដ្ឋាភិបាល ដែលកាន់អំណាចដឹងរដ្ឋាភិបាល, កម្ពុជា រៀបចំបោះឆ្នោតថ្នាក់ជាតិជ្រើសរើសមេដឹកនាំរៀងរាល់៥ឆ្នាំម្តង ។ល។ 
 
រដ្ឋធម្មនុញ្ញកម្ពុជា កំណត់ថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយប្រជាពលរដ្ឋ មានកាតព្វកិច្ចក្នុងការចូលរួមកសាងប្រទេសជាតិ។ 
 
រដ្ឋធម្មនុញ្ញកម្ពុជាចុងក្រោយ ដែលកំពុងអនុវត្តមកដល់សព្វថ្ងៃ គឺត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញចុងក្រោយនេះ ត្រូវបានបង្កើតឡើងបន្ទាប់កម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ មកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៨ឆ្នាំហើយ។
 
រដ្ឋធម្មនុញ្ញកម្ពុជា មាន១៧ជំពួក និង១៦០មាត្រា។ ជំពួកទាំង១៧នោះ ចែងអំពី អធិបតេយ្យ, ព្រះមហាក្សត្រ, សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ, សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច,  រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ, ការគ្រប់គ្រងរដ្ឋបាល, សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ។
 
រដ្ឋមនុញ្ញកម្ពុជា អាចទុកថាជា រដ្ឋធម្មនុញ្ញ ដែលប្លែកពីរដ្ឋធម្មនុញ្ញនៃប្រទេសដទៃ។ ប្លែកពីរដ្ឋធម្មនុញ្ញនៃប្រទេសដទៃ នៅត្រង់ថា រដ្ឋធម្មនុញ្ញកម្ពុជា មានច្បាប់ធម្មនុញ្ញបន្ថែម។  
អ្នកនយោបាយខ្មែរ បង្កើតច្បាប់ធម្មនុញ្ញបន្ថែម កាលពីឆ្នាំ២០០៤ ក្រោមហេតុផលថា ដើម្បីដោះស្រាយការជាប់គាំងនយោបាយ និងដើម្បីធានាដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ក្នុងរយៈពេល២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្លងកាត់ការធ្វើវិសោធនកម្មដល់ទៅ៩លើក។ 
 
មេដឹកនាំកម្ពុជា ក្រសួង-ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋទូទៅ នាំគ្នាបង្កោះសារលើបណ្តាញសង្គម អបអរសាទរខួបលើកទី២៨ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញ។
 
រដ្ឋធម្មនុញ្ញនៃប្រទេសនានាលើពិភពលោក តែងមានគោលការណ៍រួមដូចគ្នា។ មានន័យថា ប្រជាពលរដ្ឋនៃប្រទេសមួយ ត្រូវស្ថិតក្រោមដំបូងនៃរដ្ឋធម្មនុញ្ញ និងដើរតាមមាគ៌ានៃរដ្ឋធម្មនុញ្ញរបស់ពួកគេ ដូចនឹងកម្ពុជាដែរ៕ 
 
 
 

Tag:
 រដ្ឋធម្មនុញ្ញ
  ខួប២៨ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com