ជាតិ
ពីនេះ ពីនោះ
កម្ពុជា មានបង្កួយហោះ ឬបង្គួយស្លាបបីប្រភេទ
25, Sep 2021 , 10:29 pm        
រូបភាព
បង្កួយប្រភេទ Draco indochinensis smith 1928។ រូបភាពដោយ លោក សាមន វីរ់ៈ មជ្ឈមណ្ឌល អភិរក្សជីវៈចម្រុះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ។
បង្កួយប្រភេទ Draco indochinensis smith 1928។ រូបភាពដោយ លោក សាមន វីរ់ៈ មជ្ឈមណ្ឌល អភិរក្សជីវៈចម្រុះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ។
បង្កួយហោះ ឬបង្កួយស្លាប ជាឧរងជាតិមានស្បែកពិសេស ដែលសម្រាលខ្លួនពេលហក់ផ្លាស់ទីបាន។ នៅកម្ពុជា បង្គួយប្រភេទនេះមានចំនួនបីប្រភេទដូចជា Draco indochinensis Smith 1928, Draco maculatus Grey 1845 និង Draco taeniopterus Günther 1861។ នេះបើតាមរបាយការណ៍ជាតិស្តីពីស្ថានភាពជីវៈចម្រុះនៅកម្ពុជា ឆ្នាំ២០១៦។

 
យោងតាមប្រភពដដែល គេអាចបែងចែកលក្ខណៈសម្គាល់រវាងបង្កួយឈ្មោល និងញី បាននៅពេលពួកវាពេញវ័យ។ បង្កួយឈ្មោល មានបួរ និងប្រវែងដងខ្លួនវែងជាងបង្កួយញី។ ម្យ៉ាងទៀត បង្កួយឈ្មោលមានពណ៌លេចច្បាស់ជាងបង្កួយញី​។ បង្កួយហោះ ឬបង្កួយស្លាប អាចសម្រាលខ្លួនបាន ដោយសារស្បែកនៅឆ្អឹងជំនីរ ដែលអាចត្រដាង ពេលហក់ផ្លាស់ប្ដូរទីតាំង។ បង្កួយនេះ ស៊ីសត្វល្អិតជាអាហារ ដូចជាស្រមោច ចង្រិត និងកណ្ដៀរជាដើម។
 
លោក សុខ វិជ្ជា អ្នកបច្ចេកទេសក្នុងសួនកេសរកូល សុខ អាន ភ្នំគូលែន ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមខ្សែទូរស័ព្ទថា បង្កួយហោះ ឬបង្កួយស្លាបនេះ មានវត្តមាននៅ South Asia(អាស៊ីអាគ្នេយ៍)។ ដោយឡែកនៅកម្ពុជា បង្គួយប្រភេទនេះ មាននៅតំបន់រមណីយដ្ឋានអង្គរ ភ្នំគូលែន នៃខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកោះកុងជាដើម។


បង្កួយប្រភេទ Draco maculatus Grey 1845។ រូបភាពដោយ លោក សាមន វីរ់ៈ មជ្ឈមណ្ឌល អភិរក្សជីវៈចម្រុះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ។
 
លោក សុខ វិជ្ជា បានបញ្ជាក់ថា៖ «ពួកហ្នឹង(បង្កួយហោះ ឬបង្កួយស្លាប)វាសម្បូរក្នុងព្រៃ ប៉ុន្តែកម្របានឃើញ»។ 
 
របាយការណ៍ជាតិស្ដីពីស្ថានភាពជីវៈចម្រុះនៅកម្ពុជា ឆ្នាំ២០១៦ បង្ហាញបន្ថែមថា កម្ពុជាមានប្រភេទឧរងសត្វ ១៨០ប្រភេទ ក្នុងនោះមានបង្កួយហោះចំនួន ៣ប្រភេទ រួមមាន Draco indochinensis Smith 1928, Draco maculatus Grey 1845 និង Draco taeniopterus Günther 1861។ 
 
Draco indochinensis Smith 1928 ជាបង្កួយហោះមួយប្រភេទ ដែលវារស់នៅព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង។ វាមានខ្នងប្រផេះ និងមានស្នាមអុជៗ។ ឯស្បែកគល់កមានពណ៌ខ្មៅ។ វាមានសមត្ថភាពអាចហក់ទម្លាក់ខ្លួនពីទីតាំងខ្ពស់ ទៅទាប ដូចប្រភេទតុកកែហោះ។ បង្កួយប្រភេទនេះ មានវត្តមាននៅប្រទេសកម្ពុជា និងប្រទេសវៀតណាម តែប៉ុណ្ណោះ។ ចំណែកនៅកម្ពុជា ត្រូវបានគេកត់ត្រាដំបូង នៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្នុងឆ្នាំ១៩២៨ និងត្រូវបានកត់ត្រាឡើងវិញ នៅឧទ្យានជាតិវ៉ើនសៃ និងដែនជម្រកសត្វព្រៃកែវសីមា កាលពីឆ្នាំ២០០៣។ 
 
Draco maculatus Grey 1845 ជាប្រភេទបង្កួយហោះមួយប្រភេទទៀត មានវត្តមាននៅតាមតំបន់ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងព្រៃរបោះ។ វាមានខ្នងពណ៌ប្រផេះ ស្បែក និងចុងស្លាបពណ៌លឿង។ បច្ចុប្បន្ន បង្គួយនេះមិនទាន់បានសិក្សាច្បាស់លាស់នៅឡើយនោះទេ។
 
អ្នកស្រាវជ្រាវ ជឿជាក់ថា បង្កួយប្រភេទថ្មីមួយចំនួនក្រោមឈ្មោះ Draco maculatus នេះ។ អ្នកវិទ្យាសាស្ត្រ កំពុងសិក្សាធនធានពន្ធុ ដើម្បីបញ្ជាក់អត្តសញ្ញាណពិតប្រាកដ។ បង្កួយនេះ ត្រូវបានគេរកឃើញនៅប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ រីឯនៅកម្ពុជាវិញ បង្កួយនេះ ត្រូវបានគររកឃើញនៅតំបន់ជួរភ្នំក្រវាញភាគខាងលិច និងតាមកោះមួយចំនួន ដូចជាកោះកាពិ ក្នុងខេត្តកោះកុង កាលពីឆ្នាំ២០០៧។ 
 
ដោយឡែក បង្កួយDraco taeniopterus Günther 1861 ជាប្រភេទបង្កួយហោះមួយប្រភេទផ្សេងទៀត ដែលរស់នៅតាមតំបន់ព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង។ ជាទូទៅ វាមានខ្នងពណ៌បៃតងត្នោត មានស្បែកក និងចុងស្លាបពណ៌ឈាមជ្រូក។ បង្កួយប្រភេទនេះ ត្រូវបានគេរកឃើញនៅតាមប្រទេសភូមាភាគខាងត្បូង ថៃ កម្ពុជា វៀតណាមភាគខាងត្បូង និងឧបទ្វីបម៉ាឡេស៊ី។ រីឯនៅកម្ពុជាវិញ វាត្រូវបានគេរកឃើញនៅតំបន់ជួរភ្នំក្រវាញ កាលពីឆ្នាំ២០០៧៕


បង្កួយប្រភេទ Draco taeniopterus Günther 1861។ រូបភាពដោយ លោក សាមន វីរ់ៈ មជ្ឈមណ្ឌល អភិរក្សជីវៈចម្រុះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ។


Tag:
 ThmeyThmey25
  បរិស្ថាន
  បង្គួយហោះ
  បង្គួយស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com