អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
26, Sep 2021 , 6:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ សម្ព័ន្ធភាពអាម៉េរិក អង់គ្លេស និងអូស្រ្តាលី នៅតែជាប្រធានបទដ៏ក្តៅ ដែលត្រូវបានចិន កូរ៉េខាងជើង ព្រមានថា អាចធ្វើឱ្យមានការនាំប្រណាំសព្វាវុធ។ ស្របគ្នានេះ មេដឹកនាំបណ្តាប្រទេសមួយចំនួន បានមកជួបជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីថ្លែងសារទៅកាន់ពិភពលោក ខណៈមេដឹកនាំផ្សេងទៀត បន្តថ្លែងសារតាមប្រព័ន្ធវីដេអូ។

 
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សង្ខេបប្រចាំសប្តាហ៍៖ 

ថ្ងៃតី២០ ខែកញ្ញា
 
ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់សម្ព័ន្ធភាព​ថ្មីរបស់​អាម៉េរិក អង់គ្លេស និង​អូស្ត្រាលី ដែលមានគោលដៅពង្រឹងសន្តិសុខ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ កូរ៉េខាងជើង ក៏មិនភ្លេចបរិហារកិច្ចព្រមព្រៀងផលិតនាវាមុជទឹក របស់សម្ព័ន្ធភាពថ្មីនោះឡើយ ដោយព្រមានថា វានឹងអាចបង្កឱ្យមា​ន​ការ​ប្រកួតប្រជែង អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។
 
រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បានបញ្ជាក់ថា ថៃ បានបង្កើនកម្រិតបំណុលអតិបរមា (Debt Ceiling) របស់ខ្លួនពី ៦០ភាគរយ ទៅ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។ ការដំឡើងកម្រិតបំណុលអតិបរមានេះ ធ្វើឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដូចជាជំងឺកូវីដ-១៩ សេដ្ឋកិច្ច និងបញ្ហាភាពគ្មានការងារធ្វើនៅក្នុងប្រទេស។ 

ថ្ងៃទី២១ ខែកញ្ញា
 
​ប្រមុខ​អង្គការសហប្រជាជាតិ (UN) លោក  អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ព្រមាន​ឱ្យ​ពិភពលោក​ភ្ញាក់ខ្លួន ដើរចេញ​វិបត្តិ​ជាច្រើន​ដូចជា ជំងឺ​កូ​វីដ​-១៩ ការប្រែប្រួល​អាកាសធាតុ និង​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់ ត្រូវ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​។
 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងថា រដ្ឋបាលអាម៉េរិក ក្នុងរយៈពេល ៨ខែមកនេះ បានផ្តោតអាទិភាពលើសម្ព័ន្ធមិត្តដូចជាអឺរ៉ុប ណាតូ និងអាស៊ានជាដើម ដើម្បីដោះស្រាយបញ្ហាប្រឈម និងកសាងអនាគតដ៏ល្អប្រសើរ។ ខណៈទំនាក់ទំនងជាមួយចិនមិនសូវល្អនោះ មេដឹកនាំអាម៉េរិករូបនេះ អះអាងថា អាម៉េរិកមិនចង់បានសង្រ្គាមត្រជាក់ថ្មីឡើយ។
 
ថ្ងៃទី២២ ខែកញ្ញា
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានសន្យា បរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥០០ លានបន្ថែមទៀតដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក។ លោក បៃឌិន ក៏បានជំរុញឱ្យប្រទេសអ្នកមានផ្សេងទៀតបរិច្ចាគវ៉ាក់សាំងបន្ថែមផងដែរ។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីបារាំង អេម៉ានុយអែល ម៉ាក្រុង បានជួបជជែកតាមទូរស័ព្ទ ក្នុងគោលដៅផ្សះផ្សាទំនាក់ទំនងដែលអាប់អួរដោយសារគម្រោងសាងសង់នាវាមុជទឹកឱ្យអូស្ត្រាលី ដែលត្រូវមើលឃើញថា ជាការរកស៊ីកាត់មុខបារាំង។ បារាំង ក៏បានយល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅរដ្ឋធានីវ៉ាស៊ីនតោនវិញ។ 
 
ថ្ងៃទី២៣ ខែកញ្ញា
 
នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ បានប្រកាសថា ជប៉ុននឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣០លានដូសបន្ថែមដល់ប្រទេសដែលខ្វះខាត។ ការប្រកាសរបស់ជប៉ុនធ្វើឡើងមួយថ្ងៃក្រោយមេដឹកនាំអាម៉េរិកអំពាវនាវឱ្យប្រទេសអ្នកមានបរិច្ចាគវ៉ាក់សាំងបន្ថែម។
អនុប្រធានាធិបតីអាម៉រិក កាម៉ាឡា ហារីស បានជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់ពីសារសំខាន់នៃសេរីភាព និងការបើកចំហក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទីដែលប្រទេសទាំងពីរបារម្ភពីការកើនឡើងឥទ្ធិពលរបស់ចិនចិន។

ថ្ងៃទី២៤ ខែកញ្ញា
 
អ៊ីរ៉ង់ នឹងត្រលប់មកតុចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក្នុងពេលឆាប់ៗ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក  Hossein Amirabdollahian បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន។ 
 
ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉ឹង វ៉ាន់ចូវ មានសេរីភាពវិញហើយបន្ទាប់ពីតុលាការកាណាដាសម្រេចដោះលែងនៅថ្ងៃទី២៤ ខែកញ្ញា។ ការដោះលែងនេះធ្វើឡើងក្រោយលោកស្រី ម៉ឹង ឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រសួងយុត្តិធម៌អាម៉េរិក។ ឯជនជាតិកាណាដា២នាក់ដែលត្រូវបានឃាត់ខ្លួនកន្លងមក ក៏ត្រូវបានដោះលែង និងធ្វើដំណើរទៅកាណាដាវិញដែរ។ 
 
ថ្ងៃទី២៥ ខែកញ្ញា
 
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ប្រកាសថា បារាំងនឹងបង្កើនការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានទ្វេដងដល់ប្រទេសក្រីក្រ។ លោកម៉ាក្រុង ចាត់ទុកវិសមភាព ក្នុងការទទួលបានវ៉ាក់សាំង ជារឿងមិនយុត្តិធម៌ឡើយ។ ប្រធានាធិបតីបារាំងរូបនេះ ក៏សន្យាផ្ដល់ជំនួយហិរញ្ញវត្ថុដល់ទ្វីបអាហ្វ្រ៊ិកដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងដែរ៕
 

Tag:
 UN
  អាម៉េរិក
  កូរ៉េខាងជើង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com