កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton ក្លាយជាកីឡាករ F1 ដំបូងគេ ដែលឈ្នះ១០០លើកក្នុងប្រវត្តិសាស្ត្រ
27, Sep 2021 , 7:29 pm        
រូបភាព
Lewis Hamilton ក្លាយជាកំពូលអ្នកប្រណាំងរថយន្ត Formula One ដំបូងគេដែលឈ្នះការប្រណាំងចំនួន ១០០ លើកក្នុងប្រវត្តិសាស្ត្រ។ ម្ចាស់ជើងឯក៧សម័យកាល ដែលបើកឱ្យក្រុម Mercedes ឈ្នះលើកទី១០០នៅឯកម្មវិធី Russian Grand Prix ប្រទេសរុស្ស៊ី ដើម្បីឡើងទៅឈរលេខ១ក្នុងតារាង F1 សាជាថ្មី។


នាការប្រណាំងនៅទីលានទី១៥ រដូវកាលឆ្នាំ២០២១ ក្នុងទីលាន Olympic Park ក្រុង Sochi ថ្ងៃទី២៦ ខែកញ្ញា Hamilton បានសម្រេចទីមុនគេដោយប្រើថេរវេលា១ម៉ោង ៣០នាទី និង៤១វិនាទី តាមពីក្រោយដោយគូប្រជែង Max Verstappen របស់ Red Bull។ Carlos Sainz ដែលបើកឱ្យ Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
 
នេះជាជ័យជម្នះលើកទី៥របស់កំពូលអ្នកប្រណាំង F1 រដូវកាលនេះ ដើម្បីក្លាយជាកីឡាករដំបូងគេបំផុតដែលឈ្នះ១០០លើក ក្នុងប្រវត្តិសាស្ត្រកីឡាប្រណាំរថយន្តលំដាប់ពិភពលោកមួយនេះ។ អតីតអ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ Michael Schumacher នៅលំដាប់ថ្នាក់ទី២ ជាមួយជ័យជម្នះសរុប៩១លើកក្នុងអាជីព។
 
Hamilton ដែលបានបំបែកកំណត់ត្រាឈ្នះ៩១លើករបស់ Schumacher រដូវកាលមុន លើកឡើងថា៖ «ក្នុងការប្រកួតប្រជែង វាយូរណាស់ដើម្បីទទួលបានជ័យជម្នះលើកទី ១០០ ហើយខ្ញុំមិនជឿខ្លួនឯងថាអាចធ្វើបានទេ»។
 
តាមរយៈការឈ្នះជាកំណត់ត្រាលើកទី១០០ Hamilton ដែលជាម្ចាស់ការពារតំណែងជើងឯក បានឡើងទៅឈរកំពូលតារាង F1 សារជាថ្មី ដោយនាំមុខគូប្រជែងដ៏ស្វិតស្វាញ Verstappen ចំនួន២ពិន្ទុ។ ឆ្លងកាត់ការប្រណាំង១៥លើក Hamilton រកបាន២៤៦,៥ពិន្ទុ ខណៈអ្នកប្រណាំងហូឡង់មាន២៤៤,៥ពិន្ទុ។ Valtteri Bottas មិត្តរួមក្រុម Mercedes ឈរលេខ៣មាន១៥១ពិន្ទុ។
 
ផ្នែកគ្រឿងម៉ាស៊ីន ក្រុម Mercedes បន្តកើនគម្លៀតពិន្ទុនាំមុខបន្ថែមលើក្រុម Red Bull ចំនួន៣៣ពិន្ទុ។ Mercedes ឈរលេខ១ក្នុងតារាង F1 បណ្តោះអាសន្នជាមួយពិន្ទុសរុប ៣៩៧,៥ ខណៈ Red Bull នៅលេខ២រកបាន ៣៦៤,៥ពិន្ទុ។ McLaren រក្សាលេខរៀងទី៣ដដែល ដោយរកបាន២៣៤ពិន្ទ ឯ Ferrari នៅលេខ៤មាន ២១៦,៥ពិន្ទុ។
 
ការប្រណាំងនៅទីលានទី១៦ នៃព្រឹត្តិការណ៍ F1 រដូវកាលនេះនឹងធ្វើនៅប្រទេសតួកគី ក្នុងកម្មវិធី Turkish Grand Prix នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១៕
 
 
 

Tag:
 Formula One
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com