អន្តរជាតិ
នាវាចម្បាំងអង់គ្លេស ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយកម្របំផុត
27, Sep 2021 , 10:40 pm        
រូបភាព
នាវាចម្បាំងអង់គ្លេស បានបើកឆ្លកកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី២៧ ខែកញ្ញា។ កងទ័ពជើងទឹកអង់គ្លេស បានបញ្ជាក់បែបនេះ។ វាជារឿងដ៏កម្រមួយ ដែលនាវាចម្បាំងអង់គ្លេសបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ទាក់ទិននឹងបញ្ហានេះ ចិនបានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធ រក្សាស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។

 
 
តាមរយៈបណ្តាញសង្គម Twitter ក្រុមការងារនាវាចម្បាំង HMS Richmond បានបញ្ជាក់យ៉ាងច្បាស់ៗថា បន្ទាប់ពីរវល់ធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅក្នុងសមុទ្រចិនខាងកើត ពេលនេះនាវា HMS Richmond កំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅទស្សនកិច្ចនៅវៀតណាម និងកងទ័ពជើងទឹកវៀតណាម។ HMS Richmond គឺជានាវាចម្បាំងមួយប្រភេទ ដែលត្រូវបានអង់គ្លេសបញ្ជូនឱ្យចូលរួមក្នុងនាវាដឹកយន្តហោះរបស់អង់គ្លេស។ 
 
យ៉ាងណាមិញ ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់ HMS Richmond ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនចាត់ទុកថា គឺជាការឆ្លងកាត់លើកដំបូងរបស់នាវាចម្បាំងអង់គ្លេស។ នៅក្នុងឆ្នាំ២០១៩ កន្លងមក នាវាស្រាវជ្រាវអង់គ្លេស HMS Enterprise ក៏ធ្លាប់ឆ្លងកាត់ច្រកសមុទ្រមួយនេះដែរ។ វាជារឿងកម្រសម្រាប់អង់គ្លេស ដែលត្រូវបញ្ជូននាវារបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ ដែលពុះចែកតៃវ៉ាន់ និងចិន។ 
 
ជាការឆ្លើយតបនឹងនាវារបស់អង់គ្លេស អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំងសង្ឃឺមថា ប្រទេសពាក់ព័ន្ធអាចកសាងទំនុកចិត្តទៅវិញទៅមក និងប្រកាន់ខ្ជាប់ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ 
 
កន្លងមក នាវាអាម៉េរិក កាណាដា បារាំង និងអូស្រ្តាលី ក៏ធ្លាប់ឆ្លងកាត់ច្រកសមុទ្រមួយនេះដែរ។ ក្នុងចំណោមប្រទេសទាំងនោះ នាវាអាម៉េរិក បានឆ្លងកាត់ញឹកញ៉ាប់ជាងគេ ដោយសំអាងលើសេរីភាពនៃនាវាចរណ៍ និងដែនទឹកអន្តរជាតិ។ 
 
សូមបញ្ជាក់ថា តៃវ៉ាន់ តែងតែត្រូវបានរដ្ឋាភិបាលចិនគំរាមជាញឹកញាប់ពីចេតនា ឬកាយវិការដែលចង់ប្រកាសឯករាជ្យ។ ចាប់តាំងពីលោកស្រី  Tsai Ing-wen ឡើងកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៦ មក ចិនតែងដាក់សម្ពាធលើវិស័យការទូត និងសេដ្ឋកិច្ចមកលើដែនកោះមួយនេះ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com