អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមតាលីបង់៖អាហ្វហ្កានីស្ថាន នឹងអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៦៤ ដើម្បីអនុវត្តបណ្តោះអាសន្ន
28, Sep 2021 , 9:07 pm        
រូបភាព
ក្រុមតាលីបង់។ រូបភាព៖ AFP
ក្រុមតាលីបង់។ រូបភាព៖ AFP
ក្រុមតាលីបង់ នៅថ្ងៃទី២៨ ខែកញ្ញា បានអះអាងថា អាហ្វហ្កានីស្ថាន នឹងអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៦៤ ដែលផ្តល់សិទ្ធិឱ្យស្រ្តីក្នុងការបោះឆ្នោត។ ប៉ុន្តែចំណុច ដែលមិនស្របជាមួយច្បាប់សារីអះ (Sharia Law) និងគោលការណ៍របស់អេមីរ៉ាតឥស្លាម នឹងត្រូវលុបចេញ។

 
បើទោះក្រុមតាលីបង់បានរៀបចំរដ្ឋាភិបាលបណ្តោះអាសន្នរួចហើយក៏ដោយ ប៉ុន្តែពេលនេះ អាហ្វហ្កានីស្ថាន មិនទាន់មានរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឡើយទេ។ ដើម្បីអនុម័តច្បាប់ផ្សេងទៀត អាហ្វហ្កានីស្ថានចាំបាច់ត្រូវមានច្បាប់កំពូលមួយសម្រាប់ប្រទេស។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្រ្តីយុត្តិធម៌ស្តីទីរបស់ក្រុមតាលីបង់ លោក Mawlavi Abdul Hakim Sharaee បានបញ្ជាក់ថា រដ្ឋាភិបាលខ្លួន គ្រោងដាក់ចេញរដ្ឋធម្មនុញ្ញ ដែលត្រូវបានប្រើប្រាស់ក្នុងយុគមាសនៃលទ្ធិប្រជាធិបតេយ្យរបស់អាហ្វហ្កានីស្ថាន។ 
 
«អេមីរ៉ាតឥស្លាម នឹងអនុម័តរដ្ឋធម្មនុញ្ញរបស់អតីតស្តេចMohammad Zahir Shah សម្រាប់លទ្ធិប្រជាធិបតេយ្យ»។ លោក Mawlavi Abdul Hakim Sharaee បានលើកឡើងបែបនេះ ដោយបន្ថែមថា ប៉ុន្តែចំណុចមួយចំនួន ដែលត្រូវបានរកឃើញថាមានបញ្ហាចម្រូងចម្រាសជាមួយច្បាប់សារីអះ និងគោលការណ៍របស់អេមីរ៉ាតឥស្លាម នឹងត្រូវដកចេញ។ 
 
កាលពី៦ទសវត្សរ៍មុន អាហ្វហ្កានីស្ថានក្រោមរជ្ជកាលស្តេច Mohammad Zahir Shah បានប្រកាន់យករាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បន្ទាប់ពីឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៦៣ ស្តេច Mohammad Zahir Shah បានកែប្រែច្បាប់កំពូលនោះផងដែរ។ ក្នុងឆ្នាំនោះ ស្រ្តីមានសិទ្ធិក្នុងការបោះឆ្នោតជាលើកដំបូង និងចូលរួមក្នុងនយោបាយជាដើម។ 
 
សូមបញ្ជាក់ថា បន្ទាប់ពីគ្រប់គ្រងអាហ្វហ្កានីស្ថាននាពេលថ្មីៗ ក្រុមតាលីបង់បានបង្ហាញជំហរកាន់តែធូរស្រាលជាកាលពីដឹកនាំអាហ្វហ្កានីស្ថានពីឆ្នាំ ១៩៩៦-២០០១ ដែលហាមឃាត់ស្រ្តីពីកន្លែងសាធារណៈ រួមទាំងធ្វើការ និងទទួលបានការអប់រំជាដើម។ ប៉ុន្តែរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន មិនមានសមាជិកជាស្រ្តីឡើយ៕
 

Tag:
 អាហ្វហ្កានីស្ថាន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com