អន្តរជាតិ
ប្រធានាធិបតីបារាំង ប្រាប់អឺរ៉ុបឱ្យឈប់ឆោត និងការពារប្រយោជន៍ខ្លួន ក្រោយឃើញទង្វើអាម៉េរិក
29, Sep 2021 , 9:52 am        
រូបភាព
នាយករដ្ឋមន្រ្តីក្រិក Kyriakos Mitsotakis ចាប់ដៃប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ រូបថត AFP
នាយករដ្ឋមន្រ្តីក្រិក Kyriakos Mitsotakis ចាប់ដៃប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ រូបថត AFP
អឺរ៉ុប ត្រូវតែឈប់ឆោត នៅពេលត្រូវការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពយោធាខ្លួន។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីក្រិក លោក  Kyriakos Mitsotakis នៅថ្ងៃទី២៨ ខែកញ្ញ ក្រោយការចុះ កិច្ចព្រមព្រៀងទិញលក់នាវាចម្បាំងបារាំងក្នុងទំហំទឹកប្រាក់ប្រមាណ ៣,៥១ពាន់លានដុល្លារផងដែរ។

 
ទំនាក់ទំនងការទូតបារាំងជាមួយសម្ព័ន្ធមិត្តមានអាម៉េរិក អង់គ្លេស និងអូស្រ្តាលី បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសទាំងបីនេះ បានឯកភាពលើការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី។ បារាំង មិនពេញចិត្តលើរឿងនេះឡើយ ព្រោះមិត្តទាំងពីរ រកស៊ីកាត់មុខខ្លួន ដោយមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លោក អេម៉ានុយអែល ម៉ាក្រុង មេដឹកនាំបារាំង បានជំរុញឱ្យអឺរ៉ុប កាន់តែមានស្វ័យភាពពីអាម៉េរិក។ 
 
«អឺរ៉ុប ត្រូវតែឈប់ឆោតទៀត»។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នៅពេលអឺរ៉ុបស្ថិតក្រោមសម្ពាធពីប្រទេសធំៗ អឺរ៉ុប គួរតែប្រតិកម្ម និងបង្ហាញពីអំណាច និងសមត្ថភាព ដើម្បីការពារខ្លួន។ 
 
លោក ម៉ាក្រុង បានបន្តថា វាមិនមែនធ្វើឱ្យជម្លោះកាន់តែរីកធំឡើយ ប៉ុន្តែវាគ្រាន់តែជាសកម្មភាពការពារខ្លួនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វាក៏មិនមែនប្រឆាំងអាម៉េរិក ឬជំនួសអាម៉េរិកអ្វីឡើយ តែនេះគឺជាការទទួលខុសត្រូវរបស់អឺរ៉ុប នៅក្នុងបក្សសម្ព័ន្ធយោធាណាតូ។ 
 
ទន្ទឹមនេះ ក្នុងជំនួបរវាងមេដឹកនាំបារាំង និងក្រិក រដ្ឋាភិបាលក្រុងអាថែន បានឯកភាពទិញនាវាចម្បាំងចំនួន៣គ្រឿង ដោយភ្ជាប់ជាមួយជម្រើសអាចទិញនាវាចម្បាំងបានមួយគ្រឿងទៀត។ កិច្ចព្រមព្រៀងមានតម្លៃសរុបប្រមាណជាង៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កន្លងមក ក្រិក បានកម្ម៉ង់ទិញយន្តហោះចម្បាំង Rafale ពីបារាំងប្រមាណ ២៤គ្រឿងដែរ។ ក្រិកជាប្រទេសអឺរ៉ុបតែមួយគត់ ដែលបានកម្មង់ទិញយន្តហោះចម្បាំង Rafale។ តាមរយៈកិច្ចព្រមព្រៀងទិញយន្តហោះ និងនាវាចម្បាំងនេះ លោកនាយករដ្ឋមន្រ្តីក្រិក បានយល់ថា វានឹងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរបន្ថែមទៀត ហើយវាក៏ជួយការពារផលប្រយោជន៍របស់ក្រិកផងដែរ៕ 

Tag:
 បារាំង
  អឺរ៉ុប
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com