COVID-19
អន្តរជាតិ
ក្រុមហ៊ុនUnited Airlines នឹងបណ្តេញបុគ្គលិកដែលបដិសេធចាក់វ៉ាក់សាំងជំងឺកូវីដ-១៩
29, Sep 2021 , 11:01 pm        
រូបភាព
ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបណ្ដេញចេញពីការងារចំពោះ បុគ្គលិកទាំងអស់ណា ដែលមិនទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រឹមថ្ងៃទី២៧ ខែកញ្ញា។ តាមរយៈចំណាត់ការបែបនេះ បុគ្គលិកក្រុមហ៊ុនជិត ៦០០នាក់ ប្រឈមនឹងបាត់បង់ការងារ ដោយសារមិនទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

 
ចាប់តាំងពីខែ សីហា មក ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានដាក់កាតព្វកិច្ចឱ្យបុគ្គលិកក្រុមហ៊ុនខ្លួននៅអាម៉េរិក ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ បុគ្គលិកភាគច្រើន ក្នុងចំណោមបុគ្គលិកសរុប ៦ម៉ឺននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ។ បុគ្គលិកទាំងនោះ ត្រូវបង្ហាញប័ណ្ណទទួលវ៉ាក់សាំងត្រឹមថ្ងៃទី២៧ ខែកញ្ញាកន្លងមក។ 
 
យ៉ាងណាមិញ បុគ្គលិកចំនួន ៥៩៣នាក់ ដែលបានបដិសេធទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងមិនបានដាក់សំណើក្នុងការមិនទាន់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមហេតុផលសាសនា ឬវេជ្ជសាស្រ្ត កំពុងប្រឈមនឹងបាត់បង់ការងារ។ 
 
«ហេតុផលរបស់ក្រុមហ៊ុន ដែលស្នើបុគ្គលិកឱ្យទទួលវ៉ាក់សាំង គឺសាមញ្ញបំផុត នោះគឺដើម្បីការពារជីវិតរបស់ពួកគេ»។ ប្រធានប្រតិបត្តិក្រុមហ៊ុន United Airlines លោក Scott Kirby និងនាយកក្រុមហ៊ុន លោក Brett Hart បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៨ ខែកញ្ញា ដោយបន្ថែមថា មនុស្សគ្រប់គ្នាមានសុវត្ថិភាព នៅពេលពួកគេទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួច។ បើទោះថ្នាក់ដឹកនាំក្រុមហ៊ុនចាត់ទុកការស្នើឱ្យបុគ្គលិកទទួលវ៉ាក់សាំង គឺជាការសម្រេចចិត្តដ៏ពិបាកក៏ដោយ ប៉ុន្តែវាគឺជាអាទិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។ 
 
នីតិវិធី ក្នុងការបណ្ដេញបុគ្គលិកចេញ អាចនឹងប្រើពេលជាច្រើនសប្តាហ៍ ឬប្រើរយៈពេលជាច្រើនខែ។ ក្នុងចំណោមបុគ្គលិក United Airlines មនុស្សចំនួន ២០០០នាក់ បានដាក់សំណើ មិនទាន់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយផ្អែកលើហេតុផលសាសនា និងវេជ្ជសាស្រ្ត។ កន្លងមក ក្រុមហ៊ុនធ្លាប់បញ្ជាក់ថា បុគ្គលិកដាក់សំណើមិនទាន់ទទួលវ៉ាក់សាំង អាចនឹងដាក់ឱ្យឈប់ដោយមិនទទួលបានប្រាក់បៀវត្ស។ 
 
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសមួយចំនួនផ្សេងទៀត ហាក់មិនចាត់វិធានការតឹងរ៉ឹងដូច ក្រុមហ៊ុន United Airlines ឡើយ។ ក្រុមហ៊ុន Delta Airlines ធ្លាប់បានប្រកាសផ្តល់ការធានាសុខភាពប្រចាំខែ សម្រាប់បុគ្គលិក ដែលមិនទាន់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០០ដុល្លារ។ ចំណាត់ការរបស់ក្រុមហ៊ុន United Airlines អាចមកពីរងគ្រោះធ្ងន់ ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យបាត់ប្រាក់ចំណូលជាច្រើនលានដុល្លារ៕ 


 

Tag:
 កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com