អន្តរជាតិ
ប៊ូតង់ ប្រទេសដែលមានការបញ្ចេញឧស្ម័នកាបូនអវិជ្ជមានលើពិភពលោក
27, Sep 2022 , 5:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
ប៊ូតង់ ជាប្រទេសដ៏តូចមួយមានផ្ទៃដី៣៨,៣៩៤គីឡូម៉ែត្រការ៉េ ស្ថិតនៅចន្លោះដែនដី​ឥណ្ឌា និងចិនដែលសុទ្ធតែជាប្រទេសបញ្ចេញឧស្ម័នកាបូនខ្លាំងក្លាជាងគេលើពិភពលោក។



ប៉ុន្តែប៊ូតង់ ជាប្រទេសទី១ ដែលសម្រេចបានកាបូនអវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ មានន័យថា ប្រទេសនេះបញ្ចេញកាបូនតិចជាងការស្រូបយក។ 
 
​ខណៈប្រទេសជាច្រើនដាក់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឱ្យនៅតិច ឬអាចដល់អព្យាក្រឹតកាបូនដែលការបញ្ចេញស្មើការស្រូបយកនោះ ប៊ូតង់ បែរជាអាចសម្រេចបានលទ្ធផលកាបូនអវិជ្ជមានទៅទៀត។ ប៊ូតង់ ជាប្រទេសបៃតងមានព្រៃឈើ​ព័ទ្ធជុំវិញជាង៧០​ភាគរយ​នៃផ្ទៃដីសរុប និងដើរតួយ៉ាងសំខាន់ជាអាងស្តុកទុកនិងស្រូបកាបូនពីបរិយាកាស។
 
ឧស្ម័នកាបូនឌីអុកស៊ីតភាគច្រើនកើតចេញពីសកម្មភាពមនុស្សដូចជា​តាមរយៈ កសិកម្ម កាប់ព្រៃឈើ និងការដុតឥន្ធនៈហ្វូស៊ីល។ ការកើនឡើងកម្រិតបរិមាណកាបូនឌីអុកស៊ីតនឹងនាំឱ្យបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់។ ​ តើប៊ូតង់ធ្វើអ្វីខ្លះទើបអាចសម្រេចកាបូនអវិជ្ជមានបានមកដល់សព្វថ្ងៃ?
 
ចាប់តាំងពីឆ្នាំ១៩៧២ ​ព្រះរាជាណាចក្រប៊ូតង់ បានក្លាយជាប្រទេសដែលផ្អែកទៅលើសន្ទស្សន៍សុភមង្គល ( GNH) ជាជាងខ្វល់ខ្វាយពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ ក្រោមសន្ទស្សន៍សុភមង្គល ​រដ្ឋាភិបាលត្រូវគោរពតាមគោលការណ៍៤ចំណុចរួមមាន ​អភិបាលកិច្ចល្អ លើកកម្ពស់និរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម អភិរក្សវប្បធម៌ និងការអភិរក្សបរិស្ថាន។ ដោយសារតែគោលការណ៍ផ្អែកលើ​សន្ទស្សន៍នេះ ទើបធ្វើឱ្យប្រទេសនេះមានចំណាត់ការការពារបរិស្ថានឈានដល់អាទិភាពកំពូលយ៉ាងឆាប់រហ័ស។


 រូបថត Xinhua
លើសពីនេះ តាំងពីឆ្នាំ២០០៩ ​ប៊ូតង់បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ដើម្បីរក្សាអាព្យាក្រឹតភាពកាបូនដោយរួមមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំណត់តំបន់ព្រៃឈើមិនឱ្យតិចជាង៦០ភាគរយនៃផ្ទៃដីប្រទេស ការចែកចាយថាមពលវារីអគ្គិសនីមិនគិតថ្លៃ និងហាមឃាត់ការកាប់ឈើសម្រាប់នាំចេញផងដែរ។
 
​ម្យ៉ាងទៀត​ ប៊ូតង់ ជាប្រទេសប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញដែលទទួលបានតាមរយៈថាមពលវារីអគ្គិសនីដែលជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស​និងជាកត្តាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។បច្ចុប្បន្ន ​ថាមពលវារីអគ្គិសនីប្រមាណ១,៥០០មេហ្កាវ៉ាត់ស្មើនឹង៧០ភាគរយត្រូវបាននាំចេញទៅកាន់ឥណ្ឌា។
 
ប៊ូតង់ ក៏បានព្យាយាមលុបបំបាត់ការប្រើប្រាស់យានយន្តដើរដោយប្រេងទៅជាការប្រើប្រាស់រថយន្តអគ្គិសនីជំនួស។ រដ្ឋាភិបាលប៊ូតង់បានសហការជាមួយក្រុមហ៊ុនរថយន្ត Nissan ក្នុងការផ្តល់រថយន្តអគ្គសនីរាប់ពាន់គ្រឿងមកកាន់ប្រទេសខ្លួន។
 
ដ្បិតតែជាប្រទេសក្រីក្រ រដ្ឋាភិបាលប៊ូតង់បានចាប់ផ្តើមផ្គត់ផ្គង់ភ្លើងអគ្គិសនីដោយឥតគិតថ្លៃទៅកាន់កសិករតាមជនបទដើម្បីចូលរួមកាត់បន្ថយការពឹងផ្អែកប្រើប្រាស់ចង្ក្រានដុតអុសសម្រាប់ចម្អិនម្ហូបអាហារដែលជាប្រភពរួមចំណែកបំភាយឧស្ម័នកខ្វក់ទៅកាន់បរិយាកាស។
 
ប៊ូតង់ក៏មានគម្រោងប្តេជ្ញាឆ្ពោះទៅការគ្មានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងព្រមទាំងគ្មានការបញ្ចេញនៅកាកសំណល់ឱ្យបានត្រឹមឆ្នាំ២០៣០ផងដែរ៕
 
 

Tag:
 ប៊ូតង់
© រក្សាសិទ្ធិដោយ thmeythmey.com