អន្តរជាតិ
លោក គីស៊ីដា ប្រាប់លោក ស៊ី ៖ ទំនាក់ទំនងជប៉ុន-ចិន នឹងឈានចូលយុគថ្មី
09, Oct 2021 , 10:32 am        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ទំនាក់ទំនងជប៉ុន-ចិន នឹងឈានចូលយុគថ្មី។ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង។ ចំណែកមេដឹកនាំចិន បានជំរុញឱ្យជប៉ុនពង្រីកកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

 
ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាលើកដំបូងជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនភីង បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីទី១០០ របស់ជប៉ុន​ លោក គីស៊ីដា ហ្វូមីអូ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ នឹងឈានដល់យុគថ្មី ដោយជប៉ុន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយចិននៅក្នុងឆ្នាំខាងមុខ និងជាឱកាសស្ថាបនាទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ ក៏បានជំរុញឱ្យភាគីទាំងពីរ ដោះស្រាយជម្លោះដោយផ្អែកលើកិច្ចសន្ទនា ហើយជប៉ុន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយចិនលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ជំងឺឆ្លងសកល និងការប្រែប្រួលអាកាសធាតុជាដើម។ 
 
ចំណែកប្រធានាធិបតីចិន លោកស៊ី ជិនភីងវិញ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការសហការជាមួយជប៉ុនផងដែរ។ បើតាមលោកស៊ី ទំនាក់ទំនងល្អរវាងចិន-ជប៉ុន មិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់សម្រាប់ប្រទេសទាំងពីរឡើយ ប៉ុន្តែវានឹងផ្តល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី និងពិភពលោក។
 
មិនតែប៉ុណ្ណោះ មេដឹកនាំចិន បានអំពាវនាវឱ្យជប៉ុន មើលមកចិន ក្នុងនាមជាដៃគូ មិនមែនជាការគំរាមកំហែង និងដោះស្រាយបញ្ហាសំខាន់ៗ ជាពិសេសទាក់ទិននឹងប្រវត្តិសាស្រ្ត និងតៃវ៉ាន់ឱ្យបានត្រឹមត្រូវ។ 
 
សូមបញ្ជាក់ថា ក្នុងសុន្ទរកថាមួយនៅក្នុងថ្ងៃទី៨ ខែតុលា លោក គីស៊ីដា បានអះអាងថា ជប៉ុននឹងរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយចិន ប៉ុន្តែខ្លួននឹងមិនរអា ក្នុងការទាមទារឱ្យចិនទទួលខុសត្រូវរឿងមួយចំនួនឡើយ៕ 
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com