អន្តរជាតិ
អាម៉េរិក នឹងមានជំនួបដោយផ្ទាល់ជាលើកដំបូងជាមួយក្រុមតាលីបង់
09, Oct 2021 , 7:29 pm        
រូបភាព
រូបភាព៖ CFP
រូបភាព៖ CFP
អាម៉េរិក និងក្រុមតាលីបង់ នឹងមានកិច្ចពិភាក្សាដោយផ្ទាល់ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតា ចាប់ពីថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក។

 
ជាលើកដំបូងបន្ទាប់ពីអាម៉េរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន តំណាងអាម៉េរិក នឹងជួបជាមួយក្រុមតាលីបង់ ដែលជាសត្រូវគ្នាជាច្រើនឆ្នាំ នៅក្នុងទីក្រុងដូហា។ ក្នុងជំនួបនោះ អាម៉េរិក នឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ក៏ដូចជាជំនួយមនុស្សធម៌ទៅអាហ្វហ្កានីស្ថាន។ 
 
«យើងនឹងជំរុញឱ្យក្រុមតាលីបង់គោរពសិទ្ធិប្រជាជនអាហ្វហ្កានីស្ថាន រួមទាំងស្រ្តី និងក្មេងស្រី»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់បែបនេះ ដោយបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងប្រាប់ឱ្យក្រុមតាលីបង់ រៀបចំរដ្ឋាភិបាល ដែលប្រកបដោយបរិយាប័ន្ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ដោយមើលឃើញប្រជាជនអាហ្វហ្កានីស្ថានជាច្រើននាក់ កំពុងត្រូវការជំនួយ ស្របពេលសេដ្ឋកិច្ចប្រទេសមួយនេះកំពុងរងគ្រោះ អ្នកតំណាងអាម៉េរិក ក៏ត្រៀមជជែកជាមួយក្រុមតាលីបង់ ដើម្បីអនុញ្ញាតឱ្យទីភ្នាក់ងារមនុស្សធម៌ចូលទៅដល់តំបន់មួយចំនួនផងដែរ។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានបដិសេធថា ជំនួបដោយផ្ទាល់លើកដំបូងនេះ មិនមែនទទួលស្គាល់ក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្កានីស្ថានឡើយ ប៉ុន្តែភាពស្របច្បាប់របស់ក្រុមតាលីបង់ ក្នុងការគ្រប់គ្រងអាហ្វហ្កានីស្ថាន គឺផ្អែកលើសកម្មភាពរបស់ខ្លួន។ តំណាងអាម៉េរិក នឹងមានមន្រ្តីមកពីក្រសួងការបរទេស, ទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងសហគមន៍ចារកិច្ចអាម៉េរិក។ 
 
គួររំលឹកថា នៅក្នុងអំឡុងពេលដកទ័ពចេញពីអាហ្វហ្កានីស្ថាន នៅក្នុងខែសីហា មន្រ្តីជាន់ខ្ពស់អាម៉េរិក រួមទាំងលោក ឧត្តមសេនីយ៍ Frank McKenzie បានជួបជាមួយក្រុមតាលីបង់ដែរ នៅក្នុងទីក្រុងកាប៊ុល៕ 
 

Tag:
 អាម៉េរិក
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com