អន្តរជាតិ
អាម៉េរិក នឹងទទួលអ្នកដំណើរ ដែលចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ អនុម័តដោយ WHO
10, Oct 2021 , 9:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អាម៉េរិក នឹងទទួលអ្នកដំណើរអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទទួលស្គាល់ដោយនិយ័តករអាម៉េរិក ឬអង្គការសុខភាពពិភពលោក (WHO)។ មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី៨ ខែតុលា។

 
សេតវិមានអាម៉េរិក កាលពីខែកញ្ញាកន្លងទៅ បានប្រកាសថា អាម៉េរិក នឹងលើកចោលវិធានការរឹតត្បិតការធ្វើដំណើរមកអាម៉េរិក សម្រាប់ប្រទេសចំនួន ៣៣ ក្នុងនោះរួមមានទាំងចិន, ប្រេស៊ីល, ឥណ្ឌា និងបណ្តាប្រទេសអឺរ៉ុប។ ប៉ុន្តែកាលនោះ អាម៉េរិក មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង ដែលអនុញ្ញាតឱ្យចូលក្នុងប្រទេសឡើយ។ 
 
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែតុលា អ្នកនាំពាក្យមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងអាម៉េរិក បានលើកឡើងថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំង ៦ប្រភេទ ទទួលស្គាល់ដោយរដ្ឋបាលថ្នាំពេទ្យ និងចំណីអាហារ (FDA) ឬដាក់ឱ្យប្រើប្រាស់ជាបន្ទាន់ ដោយអង្គការ WHO នឹងគ្រប់លក្ខខណ្ឌ អនុញ្ញាតឱ្យចូលមកកាន់ទឹកដីអាម៉េរិក។ 
 
ទន្ទឹមនេះ CDC ក៏បញ្ជាក់ផងដែរថា នៅដើមសប្តាហ៍នេះ ខ្លួនបានប្រាប់ទៅក្រុមហ៊ុនអាកាសចរណ៍ពីប្រភេទវ៉ាក់សាំងហើយ ដើម្បីឱ្យក្រុមហ៊ុនត្រៀមខ្លួនរួចរាល់។ ចំណែកព័ត៌មានបន្ថែម CDC នឹងប្រាប់នាពេលខាងមុខ។ 
 
ផ្អែកតាមការសម្រេចចិត្តរបស់មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងបែបនេះ ក្រុមអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Airlines for America បានអះអាងថា ខ្លួនសាទរការសម្រេចចិត្តរបស់ CDC ក្នុងការអនុម័តលើប្រភេទវ៉ាក់សាំង ដែលអ្នកដំណើរអន្តរជាតិបានចាក់។ 
 
សូមបញ្ជាក់ថា មុននឹងលើកចោលវិធានរឹតត្បិតការធ្វើដំណើរខាងលើ មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងអាម៉េរិក ត្រូវលម្អិតព័ត៌មានជាច្រើន ដូចជាករណីលើកលែងសម្រាប់ក្មេង ដែលមិនទាន់អាចទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម៕ 
 

Tag:
 អាម៉េរិក
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com