អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
10, Oct 2021 , 10:29 pm        
រូបភាព
ក្នុងសប្តាហ៍នេះ ចិន និងកោះតៃវ៉ាន់ បានក្លាយជាប្រធានបទដ៏សំខាន់ ដោយប្រធានាធិបតីចិន បានប្តេជ្ញាបង្រួបបង្រួមដែនដីទាំងពីរ ខណៈមេដឹកនាំតៃវ៉ាន់ អះអាងថា ខ្លួននឹងការពារសេរីភាពរបស់ខ្លួន ប៉ុន្តែតៃវ៉ាន់ នឹងមិនប្រឈមមុខបែបយោធាជាមួយបណ្តាប្រទេសណាមួយឡើយ។ ទន្ទឹមនោះ លោក គីស៊ីដា ហ្វូមីអូ អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន ត្រូវបានសភាបោះឆ្នោតជ្រើសជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ ។

 
 
ថ្ងៃទី៤ ខែតុលា
 
លោក គីស៊ីដា ហ្វូមីអូ ត្រូវបានសភាជប៉ុន បោះឆ្នោតជ្រើសជានាយករដ្ឋមន្រ្តីជប៉ុនទី១០០ហើយ។ មុនការបោះឆ្នោតនេះ គណៈរដ្ឋមន្រ្តីរបស់ លោកស៊ូហ្កា យូស៊ីហ៊ីដេ ក៏បានលាលែងពីតំណែងដែរ។
 
កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញហើយ បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្អាកបណ្តាញទំនាក់ទំនងអន្តរកូរ៉េ នៅខែសីហា។ ការភ្ជាប់ខ្សែទំនាក់ទំនងដោយផ្ទាល់ឡើងវិញនេះ គឺជាក្តីសង្ឃឹមថ្មី ក្នុងការរៀបចំកិច្ចសន្ទនារវាងកូរ៉េទាំងពីរឡើងវិញ។
 
ថ្ងៃទី៥ ខែតុលា
 
នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក គីស៊ីដា ហ្វូមីអូ បានលើកឡើងថា លោក បានទទួលសារមួយពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន អំពីការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការការពារប្រជុំកោះនៅសមុទ្រចិនខាងកើត។ ទន្ទឹមនេះ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោកគីស៊ីដា ក៏បានបញ្ជាក់ពីជំហរតែមួយ នៅក្នុងដៃគូសន្ទនាសន្តិសុខចតុភាគី (Quad)។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានលើកឡើងថា លោក និងប្រធានាធិបតីចិន ស៊ី ជិនភីង បានពិភាក្សាគ្នាអំពីបញ្ហាទាក់ទិននឹងកោះតៃវ៉ាន់។ លោក បៃឌិន ក៏បានអះអាងថា ភាគីទាំងពីរ បានយល់ព្រមគោរពតាមកិច្ចព្រមព្រៀងទាក់ទងបញ្ហាដែនកោះនេះ។
 
ថ្ងៃទី៦ ខែតុលា
 
សមាជិកអាស៊ាន ពិចារណាអំពីការមិនអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា​ ​មីន អ៊ុងឡាំង ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​ដែលនឹងឡើងនាចុងខែតុលានេះ។
 
មន្រ្តីរដ្ឋបាលជាន់ខ្ពស់អាម៉េរិក បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាជាគោលការណ៍សម្រាប់ការរៀបចំកិច្ចប្រជុំតាមអនឡាញរវាងមេដឹកនាំកំពូលប្រទេសទាំងពីរនៅមុនដំណាច់ឆ្នាំ២០២១។
 
ថ្ងៃទី៧ ខែតុលា
 
អគ្គនាយកនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន Naseer Nasir ខែតុលា អះអាងថា យ៉ាងហោចណាស់មនុស្ស២០នាក់ត្រូវបានស្លាប់ ហើយច្រើនជាង២០០នាក់ទៀតបានរងរបួសក្នុងគ្រោះរញ្ជួយដីនៅតំបន់ Harnai ភាគខាងត្បូងប្រទេស។ គ្រោះរញ្ជួយដី បានបណ្ដាលឱ្យមានការរអិលបាក់ដីជាច្រើន ហើយបច្ចុប្បន្ន ក្រុមជួយសង្គ្រោះកំពុងបន្តបោសសម្អាតផ្លូវទៅកាន់តំបន់នោះ។
 
អនុប្រធានាធិបតីហ្វីលីពីន ឡេនី រ៉ូប្រេដូ (Leni Robredo) បានប្រកាសចូលរួមប្រជែងកៅអីប្រធានាធិបតីបន្តពីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងការបោះឆ្នោតឆ្នាំ២០២២ខាងមុខ។
 
ថ្ងៃទី៨ ខែតុលា
 
រដ្ឋាភិបាលចិន បង្ហាញអារម្មណ៍ខឹងសម្បារ​ និងទិតៀនដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាបារាំងមួយក្រុម ទៅកាន់កោះតៃវ៉ាន់ និងហ៊ានហៅកោះនេះថា ជាប្រទេសថែមទៀត។ ដោយចាត់ទុកថា​ ទស្សនកិច្ចនេះនឹងធ្វើឱ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគីរវាងចិន និងបារាំង ​​ក្រុងប៉េកាំងក៏បានស្នើឱ្យបារាំង គោរពអធិបតេយ្យ និងបូរណភាពដែនដីខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ។
 
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen អះអាងថា តៃវ៉ាន់មិនចង់ប្រឈមមុខដាក់គ្នាដោយផ្នែកយោធាជាមួយប្រទេសណាឡើយ។ ប៉ុន្តែលោកស្រីក៏បានអះអាងដែរថា នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារសេរីភាព និងរក្សាប្រជាធិបតេយ្យនៅតៃវ៉ាន់។
 
ថ្ងៃទី៩ ខែតុលា
 
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានប្តេជ្ញាបង្រួបបង្រួមចិន និងតៃវ៉ាន់ ប្រកបដោយសន្តិវិធី ប៉ុន្តែមេដឹកនាំរូបនេះ ក៏បានព្រមាន ការប្រកាសឯករាជ្យរបស់តៃវ៉ាន់ផងដែរថា វាជាទង្វើប្រឆាំងប្រវត្តិសាស្រ្ត និងមិនអាចទៅរួច។ ជាការឆ្លើយតប តៃវ៉ាន់ បានការពារថា វាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។
 
ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​កង់​បេ​រ៉ា បាន​រិះគន់​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Tony Abbott ដែល​រិះគន់​ទីក្រុង​ប៉េកាំង​ខ្លាំង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​។ លោក Abbott ចោទ​ចិន​ថា ធ្វើ​សកម្មភាព​បំពាន​មិន​ត្រឹមតែ​តៃវ៉ាន់​ឡើយ តែ​ដាក់​គោលដៅ​លើ​អូស្ត្រាលី​ថែមទៀត​។ ស្ថានទូត​ចិន​ចាត់ទុក​លោក Abbott ជា​បុគ្គល​ប្រឆាំង​ចិន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com