ជាតិ
ពីនេះ ពីនោះ
រស់នៅជាមួយកូវីដ? រស់នៅដោយគ្មានកូវីដ? រស់នៅតាមគន្លងថ្មី?
11, Oct 2021 , 1:59 pm        
រូបភាព
សំណាង និងសុធីរ មិនសូវបានជួបគ្នាដើម្បីក្រេបកាហ្វេដូចសព្វដងទេ ព្រោះ ដោយសាររឿងរ៉ាវកូវីដ និងម្យ៉ាងទៀតដោយសារក្លើទាំងពីរ ធ្វើការតាមរបៀបគន្លងថ្មី មានន័យថា ធ្វើការតាមអនឡាញ ពីគេហដ្ឋាន។ ក្នុងរយៈពេលចុងក្រោយនេះ អ្នកជំនាញនាំគ្នានិយាយពីរបៀបរស់នៅតាមគន្លងថ្មី ការរស់នៅជាមួយកូវីដ ឬការរស់នៅដោយគ្មានកូវីដ។ល។


 
សុធីរ៖ អា សំណាង អង្កាល់ទើបកូវីដវារលាយរលត់ទៅវិញ? 
សំណាង៖ អញគ្មានចម្លើយទេលោកព្រះ។ សូម្បីតែអ្នកជំនាញ ក៏មិនអាចឆ្លើយបានផង ចុះទម្រាំអញអ្ហា! អញអត់ដឹងទេ! 
 
សុធីរ៖ មិនអីទេអ៊ីចឹង។ ដោយសារតែគ្រប់គ្នា ពិបាកដឹងថាតើពេលណា កូវីដវាផុតរលត់នោះ ឥឡូវនេះ គេចាប់ផ្តើមនិយាយពីរបៀបរស់នៅតាមគន្លងថ្មី។ ចុះអ្វីទៅជារបៀបរស់នៅតាមគន្លងថ្មី? 
សំណាង៖ បើតាមអញយល់ គឺថា វត្តមានកូវីដនៅបន្តមាន ទាំងនៅកម្ពុជា ទាំងនៅក្នុងប្រទេសផ្សេង។ ប៉ុន្តែពលរដ្ឋគ្មានជម្រើស ដូច្នេះពួកគេត្រូវចាប់ផ្តើមធ្វើការងាឡើងវិញ។ អាជីវកម្មមួយចំនួនត្រូវបើកឡើងវិញ។ល។ ត្រង់ចំណុចនេះ គេចង់និយាយថា ម្នាក់ៗចាប់ផ្តើមសកម្មភាពឡើងវិញ ជាមួយនឹងរបៀបរស់នៅតាមបែបថ្មី (របៀបរស់នៅតាមគន្លងថ្មីៗ) មានន័យថា ម្នាក់ៗចាប់ផ្តើមធ្វើការ តែម្នាក់ៗត្រូវបន្តគោរពគោលការណ៍បីកុំ៖ កុំទៅកន្លែងបិទជិត កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នាដោយផ្ទាល់ និងបីការពារ៖ ពាក់ម៉ាស សម្អាតដៃជាមួយអាកុល រក្សាគម្លាតសុវត្ថិភាព។ 
 
សុធីរ៖ តើអាចមានន័យ លើសពីហ្នឹងទៀតឬទេ របៀបរស់នៅតាមគន្លងថ្មីនោះ? 
សំណាង៖ រស់នៅតាមគន្លងថ្មី អាចថាសកម្មភាពមួយចំនួនថ្មី ត្រូវធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាទូទាត់ប្រាក់តាមអនឡាញ រៀន ឬបង្រៀនតាមអនឡាញ ធ្វើការងារពីចម្ងាយ ទំនាក់ទំនងសង្គមមួយចំនួនធំធ្វើឡើងតាមអនឡាញ ប្រជុំតាមអនឡាញ ធ្វើជំនួញអនឡាញ ។ល។ 
 
សុធីរ៖ ចុះអញឮគេនិយាយថា ត្រូវរៀនរស់នៅជាមួយកូវីដនោះ វាដូចម្តេចទៅវិញ?  
សំណាង៖ រៀនរស់នៅជាមួយកូវីដហ្នឹង គេចង់និយាយថា វត្តមានកូវីដមិនដឹងជាវាចប់ពេលណានោះទេ ដូច្នេះគ្រប់គ្នាត្រូវជ្រើសរើសរបៀបរស់នៅតាមគន្លងថ្មី ហើយរបៀបរស់នៅតាមគន្លងថ្មី អញបានប្រាប់អ្ហែងខ្លះៗខាងលើរួចមកហើយ។ 
 
សុធីរ៖ ចុះបើយើងកុំរស់នៅជាមួយកូវីដ ហើយយើងរស់នៅដោយគ្មានកូវីដវិញ វាមិនល្អជាង?  
សំណាង៖ អើ! រស់នៅដោយគ្មានកូវីដ វាប្រសើរជាងរស់នៅជាមួយកូវីដ-១៩។ បើមិនចង់រស់នៅជាមួយកូវីដ ម្នាក់ៗត្រូវប្រុងប្រយ័ត្នកុំឲ្យឆ្លងកូវីដឲ្យសោះ។ ឆ្លងកូវីដមិនស្រួលទេវ៉ើយ។ អ្នកខ្លះឆ្លងផុតរួចជីវិត តែអ្នកខ្លះស្លាប់ភ្លាមៗតែម្តង។ តាមពិតពាក្យថា រស់នៅជាមួយកូវីដ គេចង់ប្រាប់ថា គ្រប់គ្នាមិនអាចគេចចេញពីស្ថានភាពប្រឈមនេះបានទេ ដូច្នេះ គ្រប់គ្នាត្រូវប្រុងប្រយ័ត្នជានិច្ច និងត្រូវគោរពវិធានសុខាភិបាល ឲ្យខ្ជាប់ខ្ជួនបំផុតនៅក្នុងសម័យកូវីដនេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com