ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស់លុយតិច បានប្រសិទ្ធភាពខ្ពស់! ក្រូចឆ្មារ និងស៊ុត អាចជួយកម្ចាត់អង្គែយ៉ាងឆាប់រហ័ស
13, Oct 2021 , 6:59 am        
រូបភាព
អង្គែស្បែកក្បាលមាន ២ ប្រភេទ គឺមួយកើតឡើងដោយសារការផលិតជាតិប្រេងច្រើនលើសនិងភាពស្ងួតពេកនៃស្បែកក្បាល។ ទោះជាយ៉ាងណាបញ្ហាអង្គែក៏បណ្ដាលមកពីការមិនកក់សក់ទៀងទាត់ ការប្រើប្រាស់សាប៊ូខុស និងការទទួលទានចំណីអាហារផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីដ៏ងាយបំផុតកម្ចាត់អង្គែចេញពីស្បែកក្បាល ដោយចំណាយអស់តិចតែមានប្រសិទ្ធភាពខ្ពស់ ៖

 
១. ទឹកក្រូចឆ្មារនិងស៊ុត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ប្រមាណ ១០ដំណក់ជាមួយផ្នែកពណ៌សនៃ៊សុត ១គ្រាប់ (ពងមាន់ ឬពងទា) ឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយនេះលើស្បែកក្បាល និងរងចាំរហូតដល់ស្ងួតទាំងស្រុងសិន សឹមកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតាជាការស្រេច។ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។
 
២. ប្រេងដូង និងក្រូចឆ្មារ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់លាយប្រេងដូងក្ដៅឧណ្ហៗជាមួយទឹកក្រូចឆ្មារស្រស់ក្នុងបរិមាណស្មើគ្នា និងកូរឱ្យសព្វ។ លាបម៉ាស្សាល្បាយលើស្បែកក្បាលរយៈពេល ៣០នាទីមុនចូលងូតទឹក។ កក់សម្អាតសក់ជាមួយសាប៊ូដូចពេលំ្មតា និងអនុវត្តឱ្យបានជាប្រចាំដើម្បីឆាប់ទទួលលទ្ធផលល្អប្រសើរ។
 
៣. ទឹកខ្មេះផ្លែប៉ោម
 
លាយទឹកខ្មេះផ្លែប៉ោមចំនួន ២ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលដោយប្រើប្រាស់បន្ទះសំឡី។ រងចាំសម្រាបរយៈពេល ៣០នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូដូចពេលធម្មតា។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកល្បាយមិនក្ដៅខ្លាំងពេកចៀសវាងការរលាក។
 
៤. ប្រទាលកន្ទុយក្រពើ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែកក្បាល ហើយបន្ទាប់មកពាក់មួកផ្លាស្ទិកគ្របឱ្យជិតពេញមួយយប់។ កក់សម្អាតចេញជាមួយសាប៊ូនៅព្រឹកបន្ទាប់។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃ។ ប្រសិនបើគ្មានជែលប្រទាលកន្ទុយក្រពើ អ្នកក៏អាចប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើសុទ្ធ ១០០ភាគរយជំនួសបានដែរ។
 
៥. ទឹកក្រូចឆ្មារស្រស់
 
លាបទឹកក្រូចឆ្មារផ្ទាល់លើស្បែកក្បាលដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីនិងទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ មុននឹងលាបពេញលើស្បែកក្បាល អ្នកគួរប្រើប្រាស់ទឹកក្រូចឆ្មារត្រឹមតែបន្តិចទុកជាការសាកល្បងសិនដើម្បីប្រាកដថាវាមិនបង្កការរលាកដល់ស្បែក។ អ្នកក៏អាចលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកធម្មតាដើម្បីប្រើប្រាស់លាងសម្អាតស្បែកក្បាលចេញផងដែរ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com