អន្តរជាតិ
វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ទាបបំផុត ក្នុងរយៈពេល ៣ខែចុងក្រោយ
12, Oct 2021 , 9:18 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១២ ខែតុលា បានរាយការណ៍ឆ្លងជំងឺកូវីដ-១៩ ចំនួន ២៩៣៩ករណី។ នេះជាករណីឆ្លងទាបបំផុតរបស់វៀតណាម ក្នុងរយៈពេល ៣ខែ ចុងក្រោយ។ ទន្ទឹមនេះ វៀតណាម ក៏គ្រោងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ក្មេងអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំផងដែរ។

 
ប៉ុន្មានខែចុងក្រោយនេះ ករណីឆ្លងជំងឺកូវីដ-១៩ បានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលរដ្ឋាភិបាលវៀតណាម បានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង។ ដោយសារតែចំណាត់ការបែបនេះ វៀតណាមមានករណីឆ្លងតែ ២៩៣៩ករណីប៉ុណ្ណោះ នៅថ្ងៃទី១២ ខែតុលា។ ទីក្រុងហូជីមិញ មានករណីឆ្លងច្រើនជាងគេ ដោយមានចំនួន ជាង ១ពាន់ករណី ខណៈខេត្ត Dong Nai មានករណីឆ្លង ៥០១ករណី។ 
 
ទន្ទឹមនេះ អ្នកស្លាប់ដោយសារកូវីដ-១៩ មានចំនួន ៩៣ នាក់។ មកទល់ពេលនេះ ករណីឆ្លងនៅវៀតណាមសរុប មានចំនួនជាង ៨៤ម៉ឺនករណី និងអ្នកស្លាប់មានជាង ២ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៧៨ម៉ឺននាក់។ ប្រជាជនវៀតណាម យ៉ាងហោចណាស់ ៥៥,២ លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ស្របពេលមនុស្សជាង ១៦លាននាក់ ទទួលបានវ៉ាក់សាំងពេញលេញ។ 
 
មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលវៀតណាម ក៏រំពឹងចេញវិធានណែនាំផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ។ ការផ្តល់វ៉ាក់សាំងដល់ក្មេងៗបែបនេះ ដោយសារវៀតណាម គ្រោងនឹងបើកសាលារៀនឡើងវិញ៕ 
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com