អន្តរជាតិ
តៃវ៉ាន់ ព្រមានយន្តហោះចម្បាំងចិន កុំឱ្យហោះមកកៀកដែនដីខ្លួនពេក
14, Oct 2021 , 10:28 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី១៣ ខែតុលា បានព្រមានយន្តហោះចម្បាំងចិនជាថ្មី ដែលតែងហោះមកកៀនដែនកោះរបស់តៃវ៉ាន់។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ ខ្លួននឹងចាត់វិធានការឆ្លើយតបឱ្យធ្ងន់ធ្ងរ ប្រសិនបើយន្តហោះចម្បាំងចិនទាំងនោះ ហោះមកក្បែរកោះតៃវ៉ាន់។ មកទល់ពេលនេះ វាមិនទាន់មានការបាញ់ព្រមានណាមួយ ពីសំណាក់តៃវ៉ាន់ឡើយ។

 
យន្តហោះចម្បាំងចិន តែងហោះចូលដែនកំណត់ការពារអាកាសរបស់តៃវ៉ាន់ជាច្រើនលើក។ នៅដើមខែតុលា យន្តហោះចិនជាង ១០០គ្រឿង បានហោះមកកៀនតៃវ៉ាន់ក្នុងរយៈពេល ៤ថ្ងៃជាប់ៗគ្នាថែមទៀត។ បន្ទាប់ព្រឹត្តិការណ៍នោះ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ថា ចិន អាចនឹងឈ្លានពានតៃវ៉ាន់ក្នុងទ្រង់ទ្រាយធំត្រឹមឆ្នាំ២០២៥។ យ៉ាងណាមិញ មកទល់ពេលនេះ តៃវ៉ាន់ មិនទាន់បានបាញ់ព្រមានយន្តហោះចិននៅឡើយទេ ដោយគ្រាន់តែបញ្ជូនយន្តហោះទៅពិនិត្យ និងពង្រាយប្រព័ន្ធខែលការពារមីស៊ីល។ 
 
ក្នុងរបាយការណ៍មួយ ដាក់ទៅសភា ក្រសួងការពារជាតិតៃវ៉ាន់ បានព្រមាន កុំយន្តហោះចិន ហោះមកកៀនដែនដីខ្លួន។ ប្រសិនបើបំពាន កងកម្លាំងតៃវ៉ាន់ នឹងគោរពតាមគោលការណ៍យន្តហោះចម្បាំងហោះមកក្បែរដែនកោះ តៃវ៉ាន់នឹងចាត់វិធានការទប់ស្កាត់ឱ្យបានខ្លាំងបំផុត។ ប៉ុន្តែក្រសួងការពារជាតិតៃវ៉ាន់ មិនបានបញ្ជាក់ពីចំណាត់ការនោះឱ្យបានច្បាស់លាស់ឡើយ។ 
 
របាយការណ៍ដដែល ក៏បានបញ្ជាក់ផងដែរ ពីការពង្រឹងសមត្ថភាពរបស់ចិន ពាក់ព័ន្ធនឹងនាវាដឹកយន្តហោះ, នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាចម្បាំង។ ក្នុងន័យនេះ តៃវ៉ាន់បានចាត់ទុកជាបញ្ហាប្រឈម និងគំរាមកំហែងដល់ប្រតិបត្តិការការពាររបស់ខ្លួន។ 
 
ទន្ទឹមនោះ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ លោក Ma Xiaoguang បានចាត់ទុកសកម្មភាពយន្តហោះចម្បាំងរបស់ចិន ជាសមយុទ្ធប្រឆាំងការលូកដៃពីកម្លាំងបរទេស ការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ 
 
សូមបញ្ជាក់ថា កន្លងមក ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានប្តេជ្ញាបង្រួបបង្រួមចិន និងតៃវ៉ាន់ ប្រកបដោយសន្តិភាព និងចាត់ទុកបេសកកម្មមួយនេះ ជាកិច្ចការប្រវត្តិសាស្រ្ត។ បន្ទាប់ពីការលើកឡើងរបស់មេដឹកនាំចិន លោកស្រី Tsai Ing-wen បានអះអាងថា តៃវ៉ាន់ នឹងការពារសេរីភាពរបស់ខ្លួន ក៏ដូចជាដែនអធិបតេយ្យ៕

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com