ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់ស្អាត ត្រូវឧស្សាហ៍ញ៊ាំ “ការ៉ុត”
14, Oct 2021 , 10:59 pm        
រូបភាព
ការ៉ុត ជាបន្លែមើមមួយប្រភេទដែលមានរសជាតិឆ្ងាញ់អាចទទួលទានបានទាំងឆៅ ឬយកទៅចម្អិនធ្វើម្ហូបផ្សេងៗបានច្រើនមុខ។ ទោះបីជាភាគច្រើននៃពួកយើងបានដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃបន្លែមើមនេះចំពោះសុខភាពរាងកាយ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពីផលល្អៗនៃការញ៊ាំការ៉ុតចំពោះសម្រស់ឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញដឹងពីអត្ថប្រយោជន៍នៃការ៉ុតចំពោះសម្រស់ ៖

 
១. ជួយសម្រកទម្ងន់
 
វីតាមីន B ក្នុងទឹកការ៉ុតស្រស់មិនត្រឹមតែអាចជួយរាងកាយបំបែកជាតិខ្លាញ់ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំលែងទៅជាថាមពលទៀតផង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយគ្រប់គ្រងទម្ងន់និងទប់ស្កាត់ជំងឺធាត់ជ្រុលគួរឱ្យកត់សម្គាល់។
 
២. ល្អសម្រាប់សុខភាពស្បែក
 
វីតាមីន A វីតាមីន C វីតាមីន E និងវីតាមីន K ក្នុងការ៉ុតដើរតួនាទីជួយការពារកោសិកាស្បែកពីការបំផ្លាញផ្សេងៗ រក្សាជាតិសំណើមនៃស្បែក និងទប់ស្កាត់ស្នាមខ្សែ ក៏ដូចជាស្នាមជ្រីវជ្រួញលើស្បែកផងដែរ។ ទឹកការ៉ុតស្រស់ ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន A ហើយក៏មានប្រសិទ្ធិភាពជួយព្យាបាលបញ្ហា ឬជំងឺស្បែកផ្សេងៗបានគួរឲ្យកត់សម្គាល់។ វីតាមីន C ជួយបង្កើនការផលិតកូឡាជែន ព្យាបាលស្បែកខូច និងទប់ស្កាត់ស្នាមជ្រីវជ្រួញ។ វីតាមីន E អាចការពារស្បែកពីកម្ដៅថ្ងៃនិងព្យាបាលការរលាក។ វីតាមីន K ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរបួស ដូចនេះវាអាចជួយបំបាត់សំលាកនិងស្នាមសង្វារ។
 
៣. ការពារស្បែកពីកាំរស្មីយូវី
 
ការ៉ុតមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលមានប្រសិទ្ធភាពការពារស្បែកពីកាំរស្មីយូវីពីព្រះអាទិត្យ។ ជាលទ្ធផលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកថែមទៀតផង។ ទោះជាយ៉ាងណាអ្នកនៅតែចាំបាច់គួរលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF ១៥ ឬច្រើនជាងនេះនៅរាល់ពេលចេញក្រៅទើបប្រសើរ។
 
៤. រក្សានិងផ្ដល់សំណើមស្បែក
 
នេះក៏ព្រោះតែការ៉ុតមានផ្ទុកជាតិទឹក វីតាមីន A និងប៉ូតាស្យូមដែលចាំបាច់សម្រាប់រក្សាសំណើមស្បែកទប់ស្កាត់បញ្ហាស្បែកស្ងួតផងដែរ។
 
៥. បង្កើនការសំយោគកូឡាជែន
 
ក្រៅពីវីតាមីន A ខ្ពស់ ការ៉ុតក៏ជាប្រភពនៃវីតាមីន C ដែលចាំបាច់សម្រាប់ការសំយោគកូឡាជែនដែលធ្វើឱ្យស្បែកមានភាពយឺតនិងមិនងាយជ្រួញ។
 
៦. កាត់បន្ថយស្នាមសំលាក
 
ដើម្បីធ្វើឱ្យស្នាមសំលាកមើលលែងសូវឃើញ ក្រៅពីរួមបញ្ចូលមើមការ៉ុតក្នុងរបបអាហារ អ្នកក៏គួរព្យាយាមទទួលទានទឹកការ៉ុតស្រស់ផងដែរ។
 
៧. ព្យាបាលមុន
 
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងការ៉ុតជួយគ្រប់គ្រងការរលាក។ ជាលទ្ធផលជួយទប់ស្កាត់និងកាត់បន្ថយហានិភ័យនៃការឡើងមុនលើស្បែក។
 
៨. កម្ចាត់ខ្លាញ់ត្រង់-ក
 
ការ៉ុតជាប្រភពដ៏ប្រសើរនៃវីតាមីន A និងជាតិសសៃល្អសម្រាប់សម្រួលការរំលាយអាហារ, សម្រកទម្ងន់ និងជួយឱ្យឆ្អែតបានយូរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានការ៉ុតឱ្យបានពី ១ ទៅ ២មើមក្នុងមួយថ្ងៃ ឬទទួលទានទឹកការ៉ុតស្រស់ៗ ១កែវម្ដងក្នុងមួយថ្ងៃក៏បាន។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com