ពីនេះ ពីនោះ
សហាយ បើស្ត្រីជា សហាយិកា មានន័យថា សម្លាញ់, អ្នកដែលជាគ្នា...
15, Oct 2021 , 7:29 am        
រូបភាព
ពាក្យ​ «សហាយ» តែមួយម៉ាត់ មិនមានន័យអាក្រក់នោះឡើយ។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​ សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត ដែលមានន័យថា សម្លាញ់, មិត្តសម្លាញ់; អ្នកដែលទៅឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា ( បើស្រ្តីជា សហាយិកា ) ។

 
ទោះបីជាយ៉ាងណាក៏ដោយ វចនានុក្រម គូស​បញ្ជាក់ថា ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីផ្សេងថា " បុរសស្ត្រីដែលដើរហើរឬដែលខូចកាចនឹងគ្នា "។ មានសហាយ មានស្រីឬមានប្រុសជាអ្នកប្រព្រឹត្តស្មន់អន្ធករនឹងគ្នា ។
 
វាមានន័យធ្ងន់​ត្រង់ការបន្ថែម​ពាក្យ «កំណាន់» ឬ «ស្មន់»។  សហាយកំណាន់ សហាយដែលជាកំណាន់ចិត្ត ។ សហាយស្មន់ សហាយដែលខូចកាចនឹងគ្នាដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់ ។ ប្រើជា កិរិយាសព្ទ ក៏បាន : សហាយនឹងគ្នា ដើរហើរនឹងគ្នា, ខូចកាចនឹងគ្នា ។ ល ។
 
សារព័ត៌មាន​ថ្មីៗ សូម​លើកយកពាក្យ ពាក្យ «ស្មន់» មកពន្យល់បន្ថែម។ ស្មន់ មានន័យថា ខូចកាចនឹងគ្នាឬដើរហើរនឹងគ្នា (នៃបុរសស្ត្រីដែលជាប់ជាសាច់ញាតិឬដែលជាញាតិពន្ធ)។ ស្មន់នឹងគ្នា, ស្មន់អន្ធ គឺ ស្មន់ដោយមានអ្នកដទៃជួយលាក់បាំងឲ្យ។ មុខស្មន់ មុខក្រសួង ឬ នាទីដែលត្រូវពិន័យតាមមាត្រាច្បាប់បញ្ញត្តអំពីស្មន់នឹងគ្នា៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com