COVID-19
អន្តរជាតិ
ថៃ៖ អ្នកដំណើរមកពីប្រទេសចំនួន ៥ នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័ក
15, Oct 2021 , 9:59 am        
រូបភាព
រូបភាព៖ បាងកកប៉ុស្តិ៍
រូបភាព៖ បាងកកប៉ុស្តិ៍
វិធានចត្តាឡីស័ក នឹងឈប់អនុវត្តទៀតហើយ ចំពោះអ្នកដំណើរពីប្រទេសចំនួន ៥ មកលេងប្រទេសថៃ។ ចំណាត់ការនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកាខាងមុខ ខណៈរដ្ឋាភិបាលថៃ កំពុងពិចារណាបើកតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត។

 
កន្លងមក នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានបញ្ជាក់ម្តងហើយថា ថៃនឹងលុបចោលវិធានចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីប្រទេសយ៉ាងហោចណាស់ចំនួន ១០ មកកាន់ប្រទេសថៃ។ ប៉ុន្តែតាមការសម្រេចចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) ថៃនឹងទទួលអ្នកដំណើរមកពីប្រទេសចំនួន ៥តែប៉ុណ្ណោះ ដែលមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ លោក Taweesilp Visanuyothin បានអះអាងថា CCSA បានសម្រេច នៅថ្ងៃទី១៤ ខែតុលា ក្នុងការអនុញ្ញាតឱ្យអ្នកដំណើរតាមផ្លូវអាកាសពីអង់គ្លេស អាម៉េរិក ចិន អាល្លឺម៉ង់ និងសិង្ហបុរី មិនតម្រូវឱ្យធ្វើចត្តាឡីស័ក។ យ៉ាងណាមិញ អ្នកដំណើរពីប្រទេសទាំង ៥នេះ ត្រូវមានលទ្ធផលអវិជ្ជមានជាមុនសិន មុនពេលមកដល់ថៃ។ ចំណាត់ការខាងលើ នឹងអនុវត្តសម្រាប់រយៈពេលដំបូងចាប់ពីថ្ងៃទី១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣១ ខែធ្នូ។ 
 
ការសម្រេច ដែលមិនតម្រូវឱ្យអ្នកដំណើរមកពីប្រទេសទាំង ៥នេះ ធ្វើចត្តាឡីស័ក គឺដោយសារប្រទេសទាំងនោះ មានហានិភ័យទាប ក្នុងការឆ្លងជំងឺកូវីដ-១៩។ 
 
មកទល់ពេលនេះ ថៃបើកទទួលភ្ញៀវទេសចរត្រឹមតែ ៤ខេត្តប៉ុណ្ណោះ ក្នុងនោះមានដូចជា Phuket, ផ្នែកខ្លះនៃខេត្ត Surat Thani, ខេត្ត Phangnga និងខេត្ត Krabi។ ប៉ុន្តែរដ្ឋាភិបាលថៃ កំពុងពិចារណាបើកខេត្តចំនួន ១៧បន្ថែមទៀត ដោយរួមទាំងទីក្រុងបាងកកផង ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីរងគ្រោះរយៈពេល ១ឆ្នាំជាង។ 
 
តាមទិន្នន័យចុងក្រោយ ថៃបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ៦២លានដូសដល់ប្រជាជនរបស់ខ្លួន ខណៈមនុស្សចំនួន ២៤,៣ លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com