អន្តរជាតិ
អាស៊ាន នឹងអញ្ជើញអ្នកតំណាងមីយ៉ាន់ម៉ា ដែលមិនស្ថិតក្នុងជួរនយោបាយទៅចូលរួមកិច្ចប្រជុំ
16, Oct 2021 , 5:59 pm        
រូបភាព
លោក មីន អ៊ុងឡាំង។ រូបភាព៖ Reuters
លោក មីន អ៊ុងឡាំង។ រូបភាព៖ Reuters
អាស៊ាន នឹងអញ្ជើញអ្នកតំណាងមីយ៉ាន់ម៉ា ដែលមិនស្ថិតក្នុងវិស័យនយោបាយ ឱ្យចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំ នាចុងខែតុលាខាងមុខ។ ប្រធានអាស៊ានផ្លាស់វេនព្រុយណេបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៦ ខែតុលា។ យ៉ាងណា ព្រុយណេ មិនបានបញ្ជាក់ពីសមាសភាពរបស់អ្នកតំណាងនោះឱ្យបានច្បាស់លាស់ឡើយ។

 
ភាពអសកម្មរបស់មីយ៉ាន់ម៉ាលើចំណុចឯកភាពចំនួន ៥ដែលដាក់ចេញដោយមេដឹកនាំអាស៊ាន នៅខែមេសា បានធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់មិនពេញចិត្តយ៉ាងខ្លាំង។ ទាក់ទិននឹងបញ្ហានេះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី សុទ្ធតែជំរុញឱ្យអាស៊ាន មិនអញ្ជើញប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង មកចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខ។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញថ្ងៃទី១៦ ខែតុលា អាស៊ាន បានសម្រេចអញ្ជើញអ្នកតំណាងមីយ៉ាន់ម៉ា ដែលមិនស្ថិតក្នុងជួរនយោបាយចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បន្ទាប់ពីគ្មានការឯកភាពរួមគ្នាលើអ្នកតំណាងនយោបាយទៅចូលរួម។ 
 
«ដោយគ្មាននីតិវិធីគ្រប់គ្រាន់ ក៏ដូចជាការបារម្ភលើការប្តេជ្ញារបស់មីយ៉ាន់ម៉ា...រដ្ឋសមាជិក ស្នើឱ្យអាស៊ានផ្តល់ពេលសម្រាប់មីយ៉ាន់ម៉ា ក្នុងការដោះស្រាយកិច្ចការផ្ទៃក្នុង និងត្រលប់ទៅរកសភាពធម្មតាវិញ»។ ព្រុយណេ បានសង្កត់ធ្ងន់បែបនេះ។ យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍នោះ មិនបានលើកឡើងពីឈ្មោះលោក មីន អ៊ុងឡាំង ឬបុគ្គលដែលមិនស្ថិតក្នុងជួរនយោបាយឡើយ។ 
 
គួររំលឹកថា កន្លងមក មីយ៉ាន់ម៉ា បានយល់ព្រមទទួលប្រេសិតពិសេសអាស៊ានទៅមីយ៉ាន់ម៉ា ប៉ុន្តែខ្លួនមិនយល់ព្រមឱ្យជួបជាមួយលោកស្រីអ៊ុងសាន ស៊ូជីឡើយ ដោយសារតែលោកស្រី ជាប់ចោទពីបទព្រហ្មទណ្ឌ៕ 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com