អន្តរជាតិ
យោធាមីយ៉ាន់ម៉ា ជំទាស់សេចក្តីសម្រេចអាស៊ាន ដែលមិនអញ្ជើញមេដឹកនាំខ្លួនចូលរួមកិច្ចប្រជុំ
17, Oct 2021 , 12:59 pm        
រូបភាព
ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។ រូបភាព៖ Reuters
ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង។ រូបភាព៖ Reuters
របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី១៦ ខែតុលា បានចេញសេចក្តីថ្លែងការណ៍មួយតបនឹងសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដោយអះអាងថា ខ្លួនខកបំណង ដែលមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅចុងខែតុលា។ យោធាមីយ៉ាន់ម៉ា បានចាត់ទុកសេចក្តីសម្រេចនោះ ខុសនឹងគោលបំណងរបស់អាស៊ាន។

 
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីវត្តមានរបស់លោកមីន អ៊ុងឡាំង ក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលនឹងធ្វើចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខ។ មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំនោះ ព្រុយណេ ដែលជាប្រធានផ្លាស់វេនអាស៊ាន បានសេចក្តីថ្លែងការណ៍មួយ ដោយអញ្ជើញអ្នកតំណាងមីយ៉ាន់ម៉ា មិនស្ថិតក្នុងជួរនយោបាយចូលរួមក្នុងកិច្ចប្រជុំ។ បានសេចក្តីថា លោកមីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំឡើយ។ 
 
បន្ទាប់ពីសេចក្តីថ្លែងការណ៍ព្រុយណេ របបសឹកមីយ៉ាន់ម៉ា បានបង្ហាញការខកបំណងរបស់ខ្លួន និងចាត់ទុកសេចក្តីសម្រេចនោះ ធ្វើខុសនឹងគោលបំណងអាស៊ាន។ «មីយ៉ាន់ម៉ា ពិតជាខកបំណង និងជំទាស់យ៉ាងខ្លាំងលើសេចក្តីសម្រេចរបស់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន»។ ក្រសួងការបរទេស ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងថ្ងៃទី១៦ ខែតុលា ដោយបន្ថែមថា សេចក្តីសម្រេចនោះ គឺប្រឆាំងនឹងគោលបំណងរបស់អាស៊ាន។ 
 
ការបដិសេធវត្តមានរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអាស៊ាន គឺជារឿងដ៏កម្រមួយ ដោយសារតែអាស៊ាន កន្លងមក តែងអនុវត្តគោលការណ៍ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ»។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានBBC អ្នកនាំពាក្យរបបសឹក ក៏អះអាងដែរថា សម្ពាធពីខាងក្រៅអាចជាកត្តាមួយ ជំរុញឱ្យអាស៊ានធ្វើបែបនោះ។ 
 
សូមបញ្ជាក់ថា បន្ទាប់ពីសេចក្តីសម្រេចខាងលើ សិង្ហបុរី ក៏បានគាំទ្រមិនឱ្យមេដឹកនាំមីយ៉ាន់ម៉ាចូលរួមប្រជុំដែរ ដើម្បីជំរុញឱ្យរបបសឹកគោរពតាមការឯកភាពចំនួន ៥ចំណុច ដែលបានដាក់ចេញ កាលពីខែកុម្ភៈ កន្លងទៅ។ ការឯកភាពចំនួន ៥ចំណុចនោះមានដូចជា បញ្ឈប់អំពើហិង្សាភ្លាមៗនៅមីយ៉ាន់ម៉ា, រៀបចំកិច្ចពិភាក្សាប្រកបដោយស្ថាបនារវាងភាគីទាំងអស់, ការសម្របសម្រួលពីប្រេសិតពិសេសអាស៊ាន, ជំនួយមនុស្សធម៌ និងទស្សនកិច្ចរបស់ប្រេសិតអាស៊ានទៅមីយ៉ាន់ម៉ា ដើម្បីជួបភាគីទាំងអស់ដោយផ្ទាល់៕ 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com