អន្តរជាតិ
ប្រធានាធិបតីបារាំង ចាត់ទុកការបង្រ្កាបជនជាតិអាល់ហ្សេរី ជាបទឧក្រិដ្ឋមិនអាចអត់ទោសបាន
17, Oct 2021 , 3:59 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ CFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ CFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៦ ខែតុលា បានថ្កោលទោស ការបង្រ្កាបលើជនជាតិអាល់ហ្សេរី ក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ១៩៦១ ហើយលោក ចាត់ទុក ការបង្ក្រាបនេះ ថាជាឧក្រិដ្ឋកម្ម ដែលមិនអាចលើកលែងទោសឲ្យបាន។ នេះគឺជាការទទួលស្គាល់ដ៏ធំមួយរបស់ប្រធានាធិបតីបារាំង។

 
នៅទីក្រុងប៉ារីស ក្នុងខែតុលា ឆ្នាំ១៩៦១ ប្រធានប៉ូលិសក្រុងប៉ារីសលោក Maurice Papon បានបញ្ជាឱ្យបង្ក្រាបក្រុមអ្នកតវ៉ាចំនួន ២៥០០០នាក់ ដែលជារណសិរ្សរំដោះជាតិ (FLN) របស់ជនជាតិអាល់ហ្សេរី ដែលធ្វើបាតុកម្មនឹងបម្រាមគោចរលើជនជាតិអាល់ហ្សេរី ក្នុងឆ្នាំនោះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការបង្រ្កាបនោះ បានឈានដល់ការបង្ហូរឈាម ខណៈសាកសពមនុស្សជាច្រើន ត្រូវបានបោះចោលទៅក្នុងទន្លេ Seine។
 
ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ប្រធានាធិបតីបារាំង បានចាត់ទុកការបង្រ្កាបនៅក្នុងឆ្នាំ១៩៦១​ គឺប្រកបដោយហិង្សា និងបង្ហូរឈាម ព្រោះជនជាតិអាល់ហ្សេរីជាង ១ម៉ឺននាក់ ត្រូវបានចាប់ខ្លួន ស្របពេលមនុស្សជាច្រើនផ្សេងទៀត របួស និងបាត់បង់ជីវិត។ 
 
«ប្រធានាធិបតីបារាំង បានទទួលស្គាល់ថា បទឧក្រិដ្ឋ ដែលប្រព្រឹត្តនៅពេលរាត្រី...គឺមិនអាចអត់ឱនបានសម្រាប់សាធារណៈ»។ វិមាន Elysee បានសង្កត់ធ្ងន់បែបនេះ។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ បារាំងមិនទាន់បានបង្ហាញចំនួនអ្នកស្លាប់ក្នុងឆ្នាំ ១៩៦១ នោះឡើយ ប៉ុន្តែអ្នកប្រវត្តិសាស្រ្តមួយចំនួន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់មានច្រើនជាង ២០០នាក់៕ 
 

Tag:
 បារាំង
  អាល់ហ្សេរី
© រក្សាសិទ្ធិដោយ thmeythmey.com