សង្គមអន្តរជាតិ​
អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
17, Oct 2021 , 10:59 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ មីយ៉ាន់ម៉ា បានក្លាយជាប្រធានបទដ៏ក្តៅ ដោយសារតែអាស៊ាន បានសម្រេចមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅចុងខែតុលា។ ស្របគ្នានោះ បញ្ហាតៃវ៉ាន់ និងចិន ក៏សំខាន់ផងដែរ ដោយសារមួយរយៈចុងក្រោយនេះ យន្តហោះចម្បាំងចិន តែងហោះទៅកៀកដែនដីតៃវ៉ាន់។

 
ថ្ងៃទី១១ ខែតុលា 
 
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឱ្យមន្រ្តីផ្តោតលើការធ្វើឱ្យប្រសើរឡើងការរស់នៅរបស់ប្រជាជន។ ការជំរុញនេះធ្វើឡើង ខណៈប្រទេសនេះកំពុងជួបប្រទះស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់ គួបផ្សំវិបត្តិស្បៀងអាហារផង។
 
ប្រទេសលោកខាងលិច បានព្រមានទៅកាន់ប្រជាជនខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការស្នាក់នៅតាមបណ្តាសណ្ឋាគារនៅអាហ្វហ្គានីស្ថាន។ការព្រមាននេះធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏សាហាវជាបន្តបន្ទាប់ពីសំណាក់សាខាក្រុមរដ្ឋឥស្លាម។
 
ថ្ងៃទី១២ ខែតុលា
 
ក្នុងសវនាការមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint បានរំឭកដល់ថ្ងៃធ្វើរដ្ឋប្រហារពីសំណាក់យោធា។ បើតាមមេធាវីរបស់លោក Win Myint ប្រធានាធិបតីរូបនេះ ត្រូវបានយោធាបង្ខំឱ្យលាលែងពីតំណែងក្រោមហេតុផលសុខភាព តែលោកបានបដិសេធ និងឆ្លើយតបវិញថា លោកសុខចិត្តស្លាប់។
 
អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក John Kirby បញ្ជាក់ថា កងកម្លាំងអាម៉េរិកនៅកូរ៉េខាងត្បូងជួយរក្សាសន្តិភាព និងស្ថិរភាព។ ការលើកឡើងបែបនេះ ជាការឆ្លើយតបការអធិប្បាយរបស់មេដឹកនាំកូរ៉េខាងជើងដែលចាត់ទុកកងកម្លាំងអាម៉េរិកដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង​ ជាការបង្ហាញពីអរិភាពរបស់អាម៉េរិកចំពោះកូរ៉េខាងជើង។
 
ថ្ងៃទី១៣ ខែតុលា
 
ក្រសួងការពារជាតិតៃវ៉ាន់ បានព្រមានយន្តហោះចម្បាំងចិនជាថ្មី ដែលតែងហោះមកកៀនដែនកោះរបស់តៃវ៉ាន់។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ ខ្លួននឹងចាត់វិធានការឆ្លើយតបឱ្យធ្ងន់ធ្ងរ ប្រសិនបើយន្តហោះចម្បាំងចិនទាំងនោះ ហោះមកក្បែរកោះតៃវ៉ាន់។ មកទល់ពេលនេះ វាមិនទាន់មានការបាញ់ព្រមានណាមួយ ពីសំណាក់តៃវ៉ាន់ឡើយ។
 
អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា អះអាងថា​ មេដឹកនាំរបបយោធា មិនបានបង្កការរាំងស្ទះដល់ប្រេសិតអាស៊ានលើការធ្វើទស្សនាកិច្ចនៅមីយ៉ាន់ម៉ា ប៉ុន្តែមិនអនុញ្ញាតឱ្យជួបជាមួយលោកស្រី អ៊ុង សានស៊ូជី ដែលកំពុងជាប់ក្ដីក្ដាំជាច្រើនករណីឡើយ។
 
ថ្ងៃទី១៤ ខែតុលា
 
សភាជាន់ទាបជប៉ុន ត្រូវបានរំលាយ ដើម្បីបើកផ្លូវដល់ការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកថ្មី។ លោកនាយករដ្ឋមន្រ្តី គីស៊ីដា​ ហ្វូមីអូ រំពឹងថា​ បក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាច នឹងអាចទទួលសំឡេងគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
 
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng អះអាងថា តៃវ៉ាន់នឹងមិនចាប់ផ្តើមធ្វើសង្គ្រាមជាមួយចិនទេ ប៉ុន្តែនឹងការពារខ្លួនឱ្យបានពេញលេញ។ លោក Chiu អះអាងបែបនេះ ខណៈភាពតានតឹងរវាងចិននិងតៃវ៉ាន់កាន់តែកើនកម្តៅនៅក្នុងខែតុលានេះ។
 
ថ្ងៃទី១៥ ខែតុលា
 
នាយករដ្ឋមន្ត្រីវៀតណាម លោកផាម មិញឈិញ បានលើកឡើងអំឡុងពេលសប្តាហ៍ថាមពលរុស្ស៊ីថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រភពថាមពលស្អាតនិងកកើតឡើងវិញ។ នាយករដ្ឋមន្ត្រីវៀតណាមមួយរូបនេះ ក៏បាននិយាយពីសារសំខាន់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីជុំវិញនឹងការអភិវឌ្ឍថាមពលស្អាតនេះផងដែរ។
 
ថ្ងៃទី១៦ ខែតុលា
 
អាស៊ាន នឹងអញ្ជើញអ្នកតំណាងមីយ៉ាន់ម៉ា ដែលមិនស្ថិតក្នុងវិស័យនយោបាយ ឱ្យចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំ នាចុងខែតុលាខាងមុខ។ ប្រធានអាស៊ានផ្លាស់វេនព្រុយណេបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ប៉ុន្មានម៉ោងបន្ទាប់ របបសឹកមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយតបនឹងសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដោយអះអាងថា ខ្លួនខកបំណង ដែលមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅចុងខែតុលា។ 
 

Tag:
 មីយ៉ាន់ម៉ា
  ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com