អន្តរជាតិ
តម្រូវការខ្ពស់ ធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់បំផុត ក្នុងប៉ុន្មានឆ្នាំចុងក្រោយ
19, Oct 2021 , 10:15 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
តម្លៃប្រេងឆៅ បានហក់ឡើងខ្ពស់ នៅថ្ងៃទី១៨ ខែតុលា បើធៀបនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការខ្ពស់ ស្របពេលប្រទេសជាច្រើនបានបើកសេដ្ឋកិច្ចឡើងវិញ។ ម្យ៉ាងការឡើងថ្លៃនៃតម្លៃហ្គាស និងធ្យូងថ្ម ធ្វើឱ្យអ្នកប្រើប្រាស់ប្តូរមកប្រើប្រេងវិញ ដែលធ្វើឱ្យតម្រូវការកាន់តែកើនខ្ពស់ ខណៈការផលិតនៅប្រទេសមួយចំនួនមានចំនួនទាប។

 
តម្លៃប្រេងឆៅនៅក្នុងទីផ្សារBrent បានកើនឡើងចំនួន ៥៩ សេន ឬ ០,៧ភាគរយ ដោយក្នុងមួយបារ៉ែល មានតម្លៃ ៨៥,៤៥ បើគិតត្រឹមល្ងាចថ្ងៃទី១៨ ខែតុលា។ តម្លៃនេះ គឺធ្លាក់ចុះពី ៨៦,០៤ដុល្លារ ដែលជាតម្លៃដ៏ខ្ពស់ បើគិតចាប់ពីខែតុលា ឆ្នាំ២០១៨។ 
 
ចំណែកទីផ្សារ West Texas Intermediate របស់អាម៉េរិក (WTI) បានកើនឡើង ៩០ សេន ដោយតម្លៃប្រេងឆៅមានតម្លៃ ៨៣,១៨​ដុល្លារ ក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅក្នុងទីផ្សារមួយនេះ បានហក់ឡើងដល់ ៨៣,៧៣ ដុល្លារ ដែលជាតម្លៃដ៏ខ្ពស់ចាប់តាំងពីខែតុលា ឆ្នាំ២០១៤។ ទីផ្សារទាំងពីរខាងលើ បានកើនឡើងយ៉ាងហោចណាស់ ៣ភាគរយ នៅសប្តាហ៍មុន។ 
 
ការឡើងថ្លៃនៃតម្លៃប្រេងនេះ គឺដោយសារតែប្រទេសជាច្រើនបាន បើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ «ការបន្ធូរបន្ថយការរឹតត្បិតនៅជុំវិញពិភពលោក ទំនងជាធ្វើឱ្យការប្រើប្រាស់ប្រេងកើនឡើង»។ អ្នកវិភាគនៅធនាគារ ANZ បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ការប្តូរពីហ្គាសមកប្រើប្រាស់ប្រេង ដើម្បីផលិតថាមពល អាចជាកត្តាមួយធ្វើឱ្យតម្លៃប្រេងហក់ឡើង ដោយការប្រើប្រាស់អាចមានរហូតដល់ទៅ ៤៥ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃឯណោះ។ 
 
មិនតែប៉ុណ្ណោះ​ អាកាសធាតុត្រជាក់នៅតំបន់ប៉ូលខាងជើង ក៏ធ្វើឱ្យប្រេងកាន់តែប្រើច្រើនដែរ។ បើតាម លោក Edward Moya អ្នកជំនាញនៅក្រុមហ៊ុន OANDA បានយល់ថា អាកាសកាសនៅប្រទេសស្ថិតនៅប៉ូលខាងជើងកាន់តែត្រជាក់ អាចធ្វើឱ្យការផ្គត់ផ្គង់ប្រេងកាន់តែអាក្រក់ថែមទៀត។ 
 
ទាក់ទិននឹងតម្រូវការខ្ពស់បែបនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ជំរុញឱ្យក្រុមហ៊ុនផលិតប្រេងបង្កើតការផលិតបន្ថែមទៀត ដើម្បីបន្ថយថ្លៃចំណាយ។ នៅប្រទេសចិនឯណោះ ការផលិតប្រេងបានធ្លាក់ចុះដល់ទាបបំផុត បើគិតចាប់ពីខែឧសភា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
គួរបញ្ជាក់ថា មិនត្រឹមតែតម្លៃប្រេងទេ ដែលហក់ឡើងខ្ពស់ សូម្បីតែហ្គាសនៅអឺរ៉ុប ក៏ឡើងថ្លៃដែរ ដោយសារតែការបើកប្រទេសឡើងវិញ និងអាកាសធាតុត្រជាក់ជាងមុន។ រដ្ឋាភិបាលប្រទេសអឺរ៉ុបមួយចំនួន បានចេញវិធានការកាត់បន្ថយពន្ធលើថ្លៃហ្គាស ដើម្បីបន្ធូរបន្ទុកប្រជាជន ក៏ដូចជាក្រុមហ៊ុនជាច្រើន៕ 

Tag:
 ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com