អន្តរជាតិ
រុស្ស៊ី ជំរុញក្រុមតាលីបង់ បង្កើតរដ្ឋាភិបាលប្រកបដោយបរិយាប័ន្ន
20, Oct 2021 , 11:08 pm        
រូបភាព
លោក_Abdul_Salam_Hanafi_ឧបនាយករដ្ឋមន្រ្តីអាហ្វហ្កានីស្ថាន។_រូបភាព៖
លោក_Abdul_Salam_Hanafi_ឧបនាយករដ្ឋមន្រ្តីអាហ្វហ្កានីស្ថាន។_រូបភាព៖
រុស្ស៊ី នៅទី២០ ខែតុលា បានអំពាវនាវឱ្យក្រុមតាលីបង់ បង្កើតរដ្ឋាភិបាលមួយ ដោយមានការចូលរួមពីសមាជិកក្រុមជនជាតិភាគតិច ក៏ដូចជាកម្លាំងនយោបាយទាំងអស់នៅអាហ្វហ្កានីស្ថាន។ ទន្ទឹមនោះ រុស្ស៊ី ក៏បានទទួលស្គាល់ពីការខិតខំរបស់ក្រុមតាលីបង់ ក្នុងការរក្សាស្ថិរភាពនៅអាហ្វហ្កានីស្ថានផងដែរ បន្ទាប់ពីឡើងកាន់តំណែង។

 
រុស្ស៊ី ក្នុងថ្ងៃទី២០ ខែតុលា បានទទួលក្រុមតាលីបង់ នៅទីក្រុងមូស្គូ ដោយមានរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov ចូលរួមផង។ ជំនួបនេះ ក៏មានការចូលរួមពីមន្រ្តីមកពីប្រទេសចំនួន ១០ផ្សេងទៀត ដូចជាចិន, ឥណ្ឌា និងប៉ាគីស្ថានផងដែរ។ ចំណែកតំណាងរបស់ក្រុមតាលីបង់ គឺជាឧបនាយករដ្ឋមន្រ្តី លោក Abdul Salam Hanafi ដែលធ្លាប់ចរចាជាមួយសហភាពអឺរ៉ុប និងអាម៉េរិក នៅសប្តាហ៍មុន។ 
 
ក្នុងជំនួបដ៏សំខាន់នោះ ប្រមុខការទូតរុស្ស៊ី លោក Sergey Lavrov លើកឡើងថា រដ្ឋបាលថ្មី បានគ្រប់គ្រងនៅអាហ្វហ្កានីស្ថានហើយពេលនេះ ហើយរុស្ស៊ី ក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមតាលីបង់ ក្នុងរក្សាស្ថិរភាពផ្នែកនយោបាយ និងយោធានៅក្នុងប្រទេស និងរៀបចំកិច្ចការសម្រាប់ប្រទេសដែរ។ បើទោះទទួលស្គាល់កិច្ចខិតខំមែន ប៉ុន្តែរុស្ស៊ី មិនបានទទួលស្គាល់រដ្ឋាភិបាល ដែលមានសមាជិកជាក្រុមតាលីបង់ឡើយ ដោយក្រុងមូស្គូ ត្រូវពិនិត្យសកម្មភាពរបស់ក្រុមតាលីបង់ ឱ្យដូចនឹងការសន្យា។ 
 
រដ្ឋមន្រ្តីការបរទេសជើងចាស់រូបនេះ ក៏មិនភ្លេចឡើយ ក្នុងការជំរុញឱ្យក្រុមតាលីបង់ បង្កើតរដ្ឋាភិបាលមួយ ដែលមានការចូលរួមពីគ្រប់ភាគី។ បើតាមលោក Lavrov រដ្ឋបាលមួយ មិនត្រឹមតែតំណាងឱ្យជនជាតិភាគតិចទាំងអស់ទេ ប៉ុន្តែគឺសម្រាប់កម្លាំងនយោបាយទាំងអស់ផងដែរ។ 
 
ដោយមើលឃើញពីបញ្ហា ដែលអាហ្វហ្កានីស្ថាន កំពុងជួបប្រទះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានលើកឡើងថា រុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខ នឹងបញ្ជូនជំនួយមនុស្សធម៌ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិឱ្យប្រមែប្រមូលធនធាន ដើម្បីបង្ការវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។ ក្រៅពីរុស្ស៊ី ប្រទេសផ្សេងទៀត ដូចជាចិន និងប៉ាគីស្ថានជាដើម ក៏បានបង្ហាញឆន្ទះផ្តល់ជំនួយមនុស្សធម៌ទៅអាហ្វហ្កានីស្ថានដែរ៕
 

Tag:
 រុស្ស៊ី
  តាលីបង់
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com