អន្តរជាតិ
អង់គ្លស ព្រមានចិនពីការបង្កអស្ថិរភាពជាមួយតៃវ៉ាន់
22, Oct 2021 , 9:40 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស​ លោក Ben Wallace។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស​ លោក Ben Wallace។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Ben Wallace បានអំពាវនាវឱ្យចិនស្វែងរកការដោះស្រាយជម្លោះជាមួយតៃវ៉ាន់ប្រកបដោយសន្តិភាព។ ទន្ទឹមនេះ ប្រមុខការពារជាតិអង់គ្លេស ក៏មិនភ្លេចព្រមានចិន ថាអាចបង្កឱ្យមានការប៉ះទង្គិច ឬគ្រោះថ្នាក់ផងដែរ បន្ទាប់ពីបញ្ជូនយន្តហោះចម្បាំងទៅកៀកនឹងកោះតៃវ៉ាន់។

 
ចិន នៅដើមខែតុលា បានបញ្ជូនយន្តហោះជាច្រើនគ្រឿងទៅក្នុងដែនការពារអាកាសតៃវ៉ាន់ ដែលធ្វើឱ្យតៃវ៉ាន់បញ្ជូនយន្តហោះចម្បាំង និងពង្រាយប្រព័ន្ធការពារមីស៊ីល ដើម្បីតាមដាន។ ចិន បានអះអាងថា យន្តហោះទាំងនោះ គ្រាន់តែជាផ្នែកមួយនៃសមយុទ្ធយោធាប៉ុណ្ណោះ។ 
 
យ៉ាងណាមិញ អង់គ្លេស ព្រមានថា សកម្មភាពចិនបែបនោះ អាចបង្កឱ្យមានគ្រោះថ្នាក់។ ក្នុងដំណើរទៅចូលរួមកិច្ចប្រជុំបក្សសម្ព័ន្ធយោធាណាតូ ដែលមិនរំពឹងថានឹងលើកឡើងពីចិន និងកោះតៃវ៉ាន់ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Ben Wallace បានលើកឡើងថា ចិន កំពុងស្ថិតក្នុងសភាពបង្កអស្ថិរភាពក្នុងតំបន់ និងបង្កជាជម្លោះ នៅក្នុងតំបន់។ ក្នុងន័យនោះ លោក Wallace បានចាត់ទុកថា វាមិនមែនជារឿងល្អឡើយ។  
 
«ភាពខុសគ្នារវាងចិនដីគោក និងតៃវ៉ាន់ ត្រូវតែដោះស្រាយដោយសន្តិវិធី»។ លោក Wallace បានបញ្ជាក់បន្ថែមបែបនេះ ដើម្បីជំរុញឱ្យចិន កុំប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមតៃវ៉ាន់។ កន្លងមក ថ្នាក់ដឹកនាំយោធាចិន ធ្លាប់ព្រមានការការប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមដែនដីទាំងពីរ។ ប៉ុន្តែ ក្នុងថ្មីៗនេះ លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានប្តេជ្ញាដោះស្រាយបញ្ហាដែនដីទាំងពីរប្រកបដោយសន្តិវិធី។ 
 
ថ្នាក់ដឹកនាំអង់គ្លេសរូបនេះ ក៏បានយកករណីតៃវ៉ាន់ ទៅធៀបជាមួយហុងកុងផងដែរ ដែលបានអនុវត្តគោលនយោបាយ«ប្រទេសមួយ ប្រព័ន្ធពីរ» បន្ទាប់ពីអង់គ្លេសប្រគល់ឱ្យនៅក្នុងឆ្នាំ១៩៩៧។ បើតាមលោក Wallace ការអនុវត្តរបស់ចិន នាពេលកន្លងមក នៅហុងកុង មិនអាចធ្វើឱ្យតៃវ៉ាន់ ទុកចិត្តចិនបានឡើយ។ 
 
គួររំលឹកថា មួយរយៈចុងក្រោយនេះ បញ្ហាចិន និងតៃវ៉ាន់ បានក្លាយជាប្រធានបទដ៏ក្តៅមួយ ដោយសារតែថ្នាក់ដឹកនាំដែនដីទាំងពីរ តែងឆ្លើយតបទៅវិញទៅមកជុំវិញការបង្រួបបង្រួមដែនដី។ បើតាមចិន ដែនដីទាំងពីរត្រូវតែបង្រួបបង្រួមជាដាច់ខាត ខណៈតៃវ៉ាន់ថា ទុកឱ្យប្រជាជនជាអ្នកសម្រេច៕ 
 

Tag:
 អង់គ្លេស
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com