អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សង្ខេបព្រឹត្តិការ​ណ៍អ​ន្តរជា​តិសំខាន់ៗប្រចាំសប្តាហ៍
24, Oct 2021 , 10:30 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ កោះតៃវ៉ាន់ និងចិន នៅតែជាប្រធានបទដ៏ក្តៅដដែល ដោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសការពារដែនកោះមួយនេះ ក្នុងករណីមានការវាយប្រហារពីចិន។ យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានអាម៉េរិក បានអះអាងថា គ្មានការផ្លាស់ប្តូរគោលនយោបាយការបរទេសអាម៉េរិកណាមួយឡើយនៅចំពោះមុខតៃវ៉ាន់។ ទន្ទឹមនេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹកជាថ្មី។ បន្ទាប់ពីការបាញ់សាកល្បងនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានបើកកិច្ចប្រជុំផងដែរ។



ថ្ងៃទី១៨ ខែតុលា

មុនថ្ងៃបោះឆ្នោតជ្រើសរើសសភាជាន់ទាប ប្រធានគណបក្សធំៗនៅជប៉ុនបើកការប្រកួតតស៊ូ មតិជាសាធារណៈ ដើម្បីជជែកដេញដោលពីវិធានការឆ្លើយតបទៅ នឹងជំងឺកូវីដ-១៩ និងវិធានការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ពីជំងឺឆ្លងសកល។ ក្រៅពីនេះ ជំហរនៃផែនការការពារប្រទេសក៏ជាប្រធានបទមួយក្នុងការជជែក ដេញដោលនេះដែរ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបញ្ជាក់ថា មីយ៉ាន់ម៉ានឹងដោះលែងអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារប្រមាណ ៥ ពាន់នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈ។

ថ្ងៃទី១៩ ខែតុលា


យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹកមួយគ្រាប់ចូលក្នុងសមុទ្រខាងកើត ខណៈទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូព្យាយាមបង្កើនទំនាក់ទំនងការទូតដើម្បីបន្តការសន្ទនាជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ។

រដ្ឋាភិបាលតាលីបង់ បានអះអាងពីការមើលឃើញដំណើរការទៅមុខអំឡុងកិច្ច ចរចាជាមួយប្រេសិតពិសេសអាម៉េរិក Zalmay Khalilzad ដែលចុះចេញពីតំណែង។ ក្រុមតាលីបង់ ក៏រំពឹងពីរឿងវិជ្ជមានក្នុងចរចាបែបនេះជាមួយប្រេសិតអាម៉េរិកថ្មីផងដែរ។

ថ្ងៃទី២០ ខែតុលា

រុស្ស៊ី បានអំពាវនាវឱ្យក្រុមតាលីបង់ បង្កើតរដ្ឋាភិបាលមួយ ដោយមានការចូលរួមពីសមាជិកក្រុមជនជាតិភាគតិច ក៏ដូចជាកម្លាំងនយោបាយទាំងអស់នៅអាហ្វហ្កានីស្ថាន។ ទន្ទឹមនោះ រុស្ស៊ី ក៏បានទទួលស្គាល់ពីការខិតខំរបស់ក្រុមតាលីបង់ ក្នុងការរក្សាស្ថិរភាពនៅអាហ្វហ្កានីស្ថានផងដែរ បន្ទាប់ពីឡើងកាន់តំណែង។

ចក្រភពអង់គ្លេស និងនូវែលសេឡង់ បានព្រមព្រៀងគ្នាជាគោលការណ៍លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីមួយ ដែលនឹងកាត់បន្ថយពន្ធនាំចូល និងពង្រឹងសេវាកម្ម ព្រមទាំងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើក៏ប្រហែលជួយបើកផ្លូវឱ្យទីក្រុងឡុងដ៍ក្លាយជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ។

ថ្ងៃទី២១ ខែតុលា


កូរ៉េខាងជើងបានចោទប្រកាន់អាម៉េរិកជាថ្មីម្តងទៀតបានថាប្រើប្រាស់ស្តង់ដារពីរជាន់និងមានប្រតិកម្មហួសហេតុទៅនឹងការបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹករបស់ខ្លួននាពេលថ្មីៗនេះ។ ការបាញ់សាកល្បងនេះ ក៏នាំដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បើកកិច្ចប្រជុំបន្ទាន់ទៀតផង។

ប្រធានាធិបតីអាម៉េរិក ចូ បៃដិន លើកឡើងថា អាម៉េរិកនឹងចេញមុខការពារកោះតៃវ៉ាន់ ហើយអាម៉េរិកមានការប្ដេជ្ញាដើម្បីការពារកោះនេះដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។

ថ្ងៃទី២២ ខែតុលា

អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានហៅទំនាក់ទំនងចិន និងរុស្ស៊ីមានលើសពីសម្ព័ន្ធមិត្ត។ បើតាមលោក Wang ចិន និងរុស្ស៊ី បានចាប់ដៃគ្នាជាច្រើនឆ្នាំក្នុងនាមជាអ្នកជិតខាងល្អ និងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាពជាដៃគូរវាងមហាអំណាចទាំងពីរ ក៏មិនមែនដើម្បីប្រឆាំងប្រទេសទីបីដែរ។

ថ្ងៃទី២៣ ខែតុលា


សភាចិន បានអនុម័តច្បាប់មួយដែលនឹងកាត់បន្ថយសម្ពាធកិច្ចការផ្ទះរបស់សិស្ស។ នេះជាវិធានការមួយទៀតរបស់ទីក្រុងប៉េកាំងក្នុងការគ្រប់គ្រងអាកប្បកិរិយា និងការជំរុញចិត្តសិស្សានុសិស្សចិន៕


Tag:
 ចិន
  អាម៉េរិក
  ជប៉ុន
  រុស្ស៊ី
  តៃវ៉ាន់
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com