ជាតិ
សេដ្ឋកិច្ច
លោក ចម ប្រសិទ្ធ សម្រេចដាក់ឱ្យដំណើរការគេហទំព័រ Khmer SME ដើម្បីជំរុញអាជីវកម្មនៅកម្ពុជា
29, Oct 2021 , 9:59 pm        
រូបភាព
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត៖ ក្រសួងឧស្សាហកម្ម
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត៖ ក្រសួងឧស្សាហកម្ម
ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រេចដាក់ឱ្យដំណើរការនូវគេហទំព័រ​​ Khme​r​SME  ដើម្បីជំរុញដល់ការចាប់ផ្តើមធ្វើអាជីវកម្មថ្មី។  KhmerSME ជាថ្នាល​ព័ត៌មាន​ឌីជីថលជាតិ​សម្រាប់​សហគ្រាសធុនមីក្រូ តូច និង​មធ្យម(SMEs)ក្នុងការទទួលបាន​ព័ត៌មាន​អាជីវកម្ម​យ៉ាង​ទូលាយ​ និង​សម្បូរបែប​ពី​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម​នៅកម្ពុជា។

 
គេហទំព័រ KhmerSME ​ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៨តុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញដោយ លោក ចម ប្រសិទ្ធ ក្រោមកិច្ចសហការ​ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) ស្តីពីការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និង មធ្យម(SMEs)។ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍រូបនេះ បានបញ្ជាក់ថា​ គេហទំព័រ​​ Khme​r​SME ជាថ្នាលព័ត៌មានឌីជីថល (Digital Information Platform) ដែលផ្តល់ឱកាសឱ្យSMEsនៅកម្ពុជាទាំងអស់ទទួលបានព័ត៌មាននៅនឹងកន្លែងតែម្តង ដើម្បីអភិវឌ្ឍអាជីវកម្មឬធុរកិច្ចថ្មី។  
 
បើតាមលោក​ ចម ប្រសិទ្ធ ថ្នាលព័ត៌មានឌីជីថលនៃ Khme​r​SME នោះ គឺមានការផ្តល់ព័ត៌មានផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ការបណ្តុះបណ្តាល​បច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា ផ្នែកហិរញ្ញប្បទាន និងទីផ្សារ រួមទាំងការចាប់ផ្តើមអាជីវកម្មថ្មីនិងការលើកទឹកចិត្តដល់SMEs សម្រាប់ការធ្វើធុរកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដែឡមានភាពប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន។តាម​រយៈ​ KhmerSME ក្រុមហ៊ុន/សហគ្រាស នឹង​អាច​ពង្រឹង​សមត្ថភាព​ខ្លួន និង​ពង្រីក​​ធុរកិច្ច​របស់​ខ្លួន​ក្នុង​ការផលិត និង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​។ 
 
គេហទំព័រ KhmerSME នឹង​តភ្ជាប់​ទៅ​ ASEAN Access ដែលជា​គេហទំព័រ​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​ ដែលបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវកាលពីថ្ងទី១៦មិថុនា ឆ្នាំ ២០២១មក។ នេះបើតាមការចុះរបស់ក្រសួងឧស្សាហកម្ម ដោយបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសហគ្រាស​ធុន​តូចនិង​មធ្យម​ ជាង៥០ម៉ឺនមូលដ្ឋាននៅទូទាំងប្រទេស​៕​ 
 

Tag:
 Khmer SME
© រក្សាសិទ្ធិដោយ thmeythmey.com