ជាតិ
ពីនេះ ពីនោះ
អ្នកនាំពាក្យ៖ សត្វរមាំង មានវត្តមាននៅកម្ពុជា ឡាវ ខណៈគេជឿថាផុតពូជនៅថៃ ចិន និងវៀតណាម
04, Nov 2021 , 7:59 am        
រូបភាព
សត្វរមាំង។ រូបភាពពី ទំព័រហ្វេសប៊ុក លោក នេត្រ ភក្ត្រា អ្នកាំពាក្យក្រសួងបរិស្ថាន។
សត្វរមាំង។ រូបភាពពី ទំព័រហ្វេសប៊ុក លោក នេត្រ ភក្ត្រា អ្នកាំពាក្យក្រសួងបរិស្ថាន។
ភ្នំពេញ៖ សត្វរមាំង ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ចីក្រហមរបស់អង្គការ IUCN។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន សត្វប្រភេទនេះត្រូវបានគេជឿថាមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងឡាវ ខណៈប្រទេសថៃ ចិន និងវៀតណាម ត្រូវបានគេជឿថាបាន ផុតពូជពីធម្មជាតិបាត់ទៅហើយ។



សត្វរមាំង ជាប្រភេទសត្វកម្រនៅលើពិភពលោក ស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងជាប្រភេទសត្វ រងគ្រោះជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN)។ បើតាមទំព័រហ្វេសប៊ុក លោក នេត្រ ភក្ត្រា សត្វរមាំងត្រូវបានគេជឿថា នៅមានវត្តមានតែនៅប្រទេសកម្ពុជា និងឡាវប៉ុណ្ណោះ។ រីឯប្រទេសថៃ ចិន និងវៀតណាម ត្រូវបានគេជឿថា បានផុតពូជពីធម្មជាតិបាត់ទៅហើយ។ 
 
យោងតាមប្រភពខាងលើ នៅប្រទេសកម្ពុជាសត្វរមាំងប្រភេទ Cervus Siamensis មានវត្តមានច្រើនកាលពីអតីតកាល។ ប៉ុន្តែចំនួនសត្វប្រភេទ ត្រូវធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារការគំរាមកំហែងនានា រួមមានការបរបាញ់ អន្ទាក់ និងការបាត់បង់ជម្រកជាដើម។ ដ្បិតសត្វរមាំងនេះ មានវត្តមាននៅកម្ពុជា ប៉ុន្តែមិនមានទិន្នន័យច្បាស់លាស់ ពីចំនួនសត្វរមាំងនេះឡើយ។ 
 
យោងតាមទិន្នន័យដែលផ្សាយដោយអង្គការ IUCN ដែបានចេញផ្សាយកាលពីឆ្នាំ២០១៥ នៅកម្ពុជាសត្វរមាំងមានចំនួនតិចជាង ៧០០ក្បាល មានវត្តមាននៅតាមតំបន់ការពារធម្មជាតិកម្ពុជា។ ប៉ុន្តែចំនួននេះ អាចនឹងថយចុះថែមទៀតនាពេលបច្ចុប្បន្ន។ 
យ៉ាងណាមិញ ក្រុមប្រភេទរមាំង Cervus Siamensis នៅកម្ពុជាមានចំនួនច្រើន បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសជិតខាង។ នៅកម្ពុជាវត្តមានសត្វរមាំង មាននៅក្នុងខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ស្ពឺ បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្ដរមានជ័យ និងខេត្តសៀមរាប ជាពិសេសក្នុងស្រុកឆែប ស្រុកជាំក្សាន្ត ស្រុកគូលែន និងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ។ 
 
គួររម្លឹកផងដែរថា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ ក្រុមស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការមូលនិធិសកលសម្រាប់អភិរក្ស(WWF)ប្រចាំកម្ពុជា បានប្រទះវត្តមានសត្វរមាំង Recervus eldii ប្រមាណ៧ក្បាល ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ បើតាម លោក នេត្រ ភក្ត្រា វត្តមានរបស់សត្វរមាំង ដែលថតបានដោយម៉ាស៊ីនស្វ័យប្រវត្តិ ជាភស្ដុតាងបង្ហាញពី ការរស់រានមានជីវិត និងលទ្ធភាពបន្តពូជសត្វប្រភេទនេះ ក្នុងតំបន់ការពារ នៃដែនជម្រកសត្វព្រែសំបូរ៕

Tag:
 ThmeyThmey25
  បរិស្ថាន
  សត្វរមាំង
  IUCN
© រក្សាសិទ្ធិដោយ thmeythmey.com