រថយន្ត
អន្តរជាតិ
កាត់បន្ថយការប្រើយានយន្តផ្ទាល់ខ្លួន វៀតណាមដំណើរការ Metro ផ្លូវការនៅហាណូយ
08, Nov 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
អាជ្ញាធរក្រុងហាណូយ កាលពីចុងសប្តាហ៍កន្លងមក បានដាក់ដំណើរគម្រោងខ្សែរថភ្លើងលើអាកាស (Metro) ក្រោមជំនួយរបស់ក្រុមហ៊ុនចិន។ នេះជារថភ្លើងដំបូងបំផុត ដែលប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាម ដើម្បីកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ក៏ដូចជាការកាត់បន្ថយការបំពុលបរិយាកាស។

 
បើតាមទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធររដ្ឋធានីហាណូយអះអាងថា ការកកស្ទះខ្លាំងនៅក្នុងទីក្រុងពិតជាបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃចំនួនយានជំនិះឯកជនជាពិសេស ម៉ូតូ និងឡាន។ ឆ្នាំ ២០០៨ រដ្ឋធានីហាណូយមានម៉ូតូត្រឹម ២ លានគ្រឿងប៉ុណ្ណោះ ប៉ុន្តែចំនួនម៉ូតូនេះបានកើនដល់ជិត ៦ លានគ្រឿងក្នុងឆ្នាំ ២០២០។ ចំណែករថយន្តវិញ កើនពី ១៨ ម៉ឺនគ្រឿងដល់ ៧០ ម៉ឺនគ្រឿងក្នុងរយ:ពេលស្មើគ្នានេះ។ 





 
តាមពិតទៅរដ្ឋាភិបាលវៀតណាមបានចំណាយពេលអស់ ១០ ឆ្នាំដើម្បីសាងសង់ផ្លូវរថភ្លើងខ្សែដំបូងដែលមានចម្ងាយ ១៣គីឡូម៉ែត្រនេះឡើង ក្រោយមានការពន្យារពេលអនុវត្តគម្រោងនេះជាច្រើនលើកច្រើនសារ។ ដូច្នេះហើយ តម្លៃក្នុងការសាងសង់បានកើនឡើងស្ទើរទ្វេរដង ពីតម្លៃដើមត្រឹម ៥៥០ លានដុល្លារ ទៅដល់ ៩០០ លានដុល្លារ ឯណោះ ទម្រាំគម្រោងនេះត្រូវសាងសង់ចប់រួចរាល់។  
 
ទោះការចំណាយថវិកាជាតិ មានការកើនឡើងក៏ដោយចុះ រដ្ឋាភិបាលវៀតណាមគ្រោងនឹងសាងសង់ខ្សែរថភ្លើងថ្មីបន្ថែមចំនួន ៩ ទៀត ក្នុងទីក្រុងហាណូយនៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ។
 
គម្រោងផ្លូវរថភ្លើង Cat Linh-Ha Dong នេះ បានចាប់ដំណើរការសាងសង់ក្នុងខែតុលា។ រថភ្លើងរត់ក្នុងរង្វង់ជាង១៣គីឡូម៉ែត្រក្នុងក្រុងហាណូយ ដោយមាន១២ស្ថានីយ៍។ រថភ្លើងនីមួយៗ បើកក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង ដោយមាន៤ទូ ដែលអាចផ្ទុកអ្នកដំណើរ១០០០នាក់។
 
សម្រាប់សំបុត្រវិញ តម្លៃគឺ៣ម៉ឺនដុង (១,៣៣ដុល្លារ) ក្នុង១ថ្ងៃ និង២០ម៉ឺនដុង (៨,៨៣ដុល្លារ) ប្រចាំខែ។ 
 
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីកន្លងមកនេះ ចិន និងឡាវ ក៏ទើបតែបើកដំណើរការរថភ្លើងល្បឿនរវាងប្រទេសទាំងពីរផងដែរ។ គម្រោងនេះ មានតម្លៃប្រមាណ៦ពាន់លានដុល្លារ ដែលបានចាប់ផ្តើមសាងសង់ពីខែធ្នូ ឆ្នាំ២០១៦ មក ក្រោមជំនួយរបស់ចិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com