កីឡាអន្តរជាតិ
អន្តរជាតិ
ទូរទស្សន៍អាម៉េរិក CNBC៖ លោកស៊ី នឹងអញ្ជើញ បៃឌិន ចូលរួមបើកព្រឹត្តិការណ៍អូឡាំពិកប៉េកាំង
12, Nov 2021 , 4:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ទំនងជានឹងអញ្ជើញប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ទៅចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលគ្រោងចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទូរទស្សន៍អាម៉េរិក CNBC ផ្សាយដូច្នេះនៅថ្ងៃទី១១ ខែវិច្ឆិកា។



CNBC អះអាងថា លោក ស៊ី នឹងអញ្ជើញលោក បៃឌិន ផ្ទាល់តែម្តង នៅពេលមេដឹកនាំកំពូលទាំងពីរជួបគ្នាអំឡុងពេលកិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ 
យ៉ាណាក៏ដោយ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន និងស្ថានទូតចិនប្រចាំនៅក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបនឹងសំណួររបស់ Reuters ជុំវិញការលើកឡើងរបស់ CNBC ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
សកម្មជន និងសមាជិកសភាអាម៉េរិកមួយចំនួនបានដាក់សម្ពាធរដ្ឋបាលលោកបៃឌិន ឱ្យធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍អូឡាពិកក្រុងប៉េកាំង។ ការជំរុញឱ្យប្រធានាធិបតីអាមេរិកធ្វើបហិកានេះ បន្ទាប់ពីពួកគេចោទចិន ថាបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចវីហ្គ័រ និងផ្សេងទៀតនៅស៊ីនជាំង។ ភាគីចិន បដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់នេះ។
 
រហូតមកដល់ពេលនេះ សេតវិមានត្រូវបានរាំងខ្ទប់មិនឱ្យមន្ត្រីជាន់ខ្ពស់អាម៉េរិកណាមួយចូលរួមអូឡាំពិកដូវរងារឆ្នាំ២០២២ខាងមុខនេះឡើយ បើទោះអត្តពលិកអាម៉េរិកត្រូវបានអនុញ្ញាតឱ្យចូលរួមប្រជែងមេដាយក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken និយាយថា អាម៉េរិកបានពិភាក្សាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ថាតើគួរចូលរួមជាមួយម្ចាស់ផ្ទះចិន ឬក៏អត់។
 
បើទោះយ៉ាងនេះក្តី ប្រភពគួរទុកចិត្តបានប្រាប់ Reuters ថានៅពេលប្រធានាធិបតីចិន និងប្រធានាធិបតីអាម៉េរិកជួបគ្នាក្នុងកិច្ចប្រជុំកំពូលនិម្មិតមួយដែលនឹងរៀបចំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ លោកស៊ី នឹងអញ្ចើញលោកបៃឌិនចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងមិនខាន៕
 
សូមបញ្ជាក់ថា លោកបៃឌិន បានខកខានចូលរួមរួចមកហើយក្នុងពិធីបើកអូឡាំពិករដូវក្តៅក្រុងតូក្យូ ឆ្នាំ២០២០ ក្រោមហេតុផលការរីករាលដាលជំងឺកូវីដ-១៩៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com