ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ការញ៊ាំ “ទំពាំង” អាចបញ្ចុះសម្ពាធឈាម និងផ្ដល់ផលល្អ ៥នេះចំពោះសុខភាព
14, Nov 2021 , 6:59 pm        
រូបភាព
ទោះបីជាចូលចិត្ត និងឧស្សាហ៍ញ៊ាំញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា អាហារនេះអាចផ្ដល់អត្ថប្រយោជន៍ល្អៗអ្វីខ្លះចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរញ៊ាំទំពាំង ៖

 
១. អាចបញ្ចុះសម្ពាធឈាម
 
បរិមាណនៃជាតិប៉ូតាស្យូមក្នុងទំពាំងមានប្រសិទ្ធភាពកាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូម។ ហើយភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងហើយថាកម្រិតនៃជាតិសូដ្យូមខ្ពស់ជះផលប៉ះពាល់ដល់សម្ពាធឈាម។ ដូច្នេះការរក្សាបាននូវកម្រិតនៃជាតិប៉ូតាស្យូមគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់ដើម្បីគ្រប់គ្រងសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ បន្ថែមពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតក្នុងទំពាំងក៏ដើរតួនាទីចាំបាច់មួយក្នុងការទប់ស្កាត់ជំងឺលើសសម្ពាធឈាមគួរឱ្យកត់សម្គាល់ផងដែរ។
 
២. លក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងមេរោគផ្សិត
 
ទំពាំងជាប្រភពនៃប្រូតេអ៊ីនពិសេសមួយប្រភេទហៅថា dendrocin មានប្រសិទ្ធិភាពអាចប្រឆាំងមេរោគផ្សិត Fusarium ដែលជាញឹកញយបង្កបញ្ហាពុលអាហារ។ ទំពាំងក៏មានលក្ខណៈសម្បត្តិ antimicrobial ប្រឆាំងបាក់តេរីនិងមេរោគផ្សិតដែលបង្កជំងឺផងដែរ។
 
៣. មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
 
ទំពាំងមានផ្ទុកសារធាតុ polyphenols ដែលអាចកាត់បន្ថយការរលាកក្នុងរាងកាយនិងគ្រប់គ្រងប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំរាងកាយដើម្បីទប់ស្កាត់ជំងឺរ៉ាំរ៉ៃជាច្រើន។
 
៤. កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល
 
ជាតិសសៃក្នុងទំពាំងអាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូល ជាពិសេសកូឡេស្តេរ៉ូលមិនល្អ (LDL)។ ជាតិសសៃក៏ជួយរក្សាជាតិខ្លាញ់សុខភាពល្អនិងធ្វើឱ្យមុខងារពោះវៀនកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។
 
៥. ធ្វើឱ្យសុខភាពពោះវៀនមានលក្ខណៈប្រសើរឡើង
 
ជាតិសសៃក្នុងទំពាំងជួយបង្កើនការលូតលាស់នៃបាក់តេរីល្អក្នុងពោះវៀន។ ជាលទ្ធផលជួយរក្សាសុខភាពពោះវៀនល្អប្រសើរ និងសម្រួលការរំលាយអាហារ។
 
៦. គាំទ្រដល់ការស្រកទម្ងន់
 
បរិមាណនៃជាតិសសៃខ្ពស់ ប៉ុន្តែកាឡូរីទាបក្នុងទំពាំង គឺល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ បន្លែនេះក៏ជាប្រភពដ៏ល្អបំផុតនៃវីតាមីន B6 វីតាមីន thiamine វីតាមីន riboflavin, អាស៊ីត pantothenic និង niacin ដែលសុទ្ធតែមានសារៈសំខាន់សម្រាប់រក្សាភាពសកម្មនៃអង់ស៊ីមកោសិកានិងមុខងាររំលាយអាហារ។ បន្ថែមពីនេះជាតិសសៃជួយឱ្យអ្នកឆ្អែតបានយូរទប់ស្កាត់ការញ៊ាំច្រើនលើសកម្រិតដែលមានឥទ្ធិពលលើទម្ងន់រាងកាយ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com