FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស ស៊ី សាំងម៉ារ៉ាំង ១០-០ បានកៅអីទៅ World Cup 2022
16, Nov 2021 , 8:16 am        
រូបភាព
 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នៅកាតា ក្រោយយកឈ្នះសាំងម៉ារ៉ាំងក្នុងលទ្ធផល ១០-០ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះពូល I។ ម្ចាស់ជើងឯក Euro 2020 អ៊ីតាលី ត្រូវលេង play-off បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល C។


អត្ថបទទាក់ទង

ជ័យជម្នះក្នុងការប្រកួតវគ្គជម្រុះចុងក្រោយពូល I នៅថ្ងៃទី១៥ ខែវិច្ឆិកា បានជួយអង់គ្លេសក្លាយជាក្រុមទី៩នៅអឺរ៉ុបឈ្នះកៅអីទៅដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសកាតាឆ្នាំក្រោយ។
អ្វីដែលគួរភ្ញាក់ផ្អើលក្រុមរហស្សនាមតោកំណាចបានលត់ក្រុមសាំងម៉ារ៉ាំងដល់ទៅ ១០-០ ដែលជាលទ្ធផលច្រើនបំផុតអំឡុងប្រកួតវគ្គជម្រុះតំបន់អឺរ៉ុប។ ខ្សែប្រយុទ្ធឆ្នើម Harry Kane រកបាន៤គ្រាប់ម្នាក់ឯង បន្ទាប់ Harry Maguire ជាអ្នករកគ្រាប់បាល់នាំមុខឱ្យអង់គ្លេស។ Filippo Fabbri ធ្វើឱ្យបាល់ចូលទីខ្លួនឯង មុនពេល Tyrone Mings, Bukayo Saka, Emile Smith-Rowe និង Tammy Abraham រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមលោក Gareth Southgate។



អង់គ្លេសឈរកំពូលតារាងពូល I មាន២៦ពិន្ទុពីការប្រកួត១០លើក ខណៈប៉ូឡូញនៅលេខ២ រកបាន២០ពិន្ទុសល់កៅអីលេងវគ្គ play-off។ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ពីលេខ៣ដល់លេខ៦ ដែលរួមមានអាល់បានី ហុងគ្រី អង់ដូរា និងសាំងម៉ារ៉ាំង ត្រូវព្យាយាមនៅព្រឹត្តិការណ៍បន្ទាប់។

ដោយឡែកម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប Euro 2020 អ៊ីតាលី បានខកខានឱកាសឡើងទៅ World Cup ដោយស្វ័យប្រវត្តិ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល C។ អ៊ីតាលី បានត្រឹមស្មើជាមួយអៀរឡង់ខាងជើងនៅជំនួបចុងក្រោយ ស្របពេលស្វ៊ីសដែលយកឈ្នះប៊ុលហ្ការី ៤-០ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងបានកៅអីស្វ័យប្រវត្តិទៅកាតាតែម្តង។ ស្វ៊ីសរកបាន១៨ពិន្ទុ នាំមុខអ៊ីតាលីចំនួន២ពិន្ទុ។

៩ក្រុមនៅអឺរ៉ុបដែលបានកៅអីស្វ័យប្រវត្តិទៅ World Cup 2022 មានអាល្លឺម៉ង់ បារាំង បែលហ្ស៊ិក ដាណឺម៉ាក ស្វ៊ីស ស៊ែប៊ី អេស្ប៉ាញ ក្រូអាស៊ី និងអង់គ្លេស។ សម្រាប់៩ក្រុមដែលត្រូវលេង play-off មាន មានព័រទុយហ្កាល់ ស៊ុយអែត ហ្វាំងឡង់ វេលស៍ ស្កុតឡែន រុស្ស៊ី ម៉ាសេដ្វានខាងជើង ប៉ូឡូញ និងអ៊ីតាលី។

នៅពូល G ដែលនៅសល់១ចុងក្រោយត្រូវកាត់សេចក្តីលើក្រុមចំនួន៣ ដែលរួមមានហូឡង់ តួកគី និងន័រវែស ដែលប្រដេញពិន្ទុគ្នា។ ឆ្លងកាត់ការប្រកួត៩លើកកន្លងមក ហូឡង់ឈរកំពូលតារាងបណ្តោះអាសន្នមាន២០ពិន្ទុ តាមពីក្រោយដោយតួកគី១៨ពិន្ទុ និងលេខ៣ន័រវែសមាន១៨ពិន្ទុ។ ចំណោម៣ក្រុមមាន១ឡើងស្វ័យប្រវត្តិ ១សល់កៅអី play-off និង១ទៀតហាលអាវជាមួយក្រុម៣ផ្សេងទៀតដែលអស់ឱកាសទៅហើយនៅពូល G នេះ៕




Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com