កីឡាជាតិ
ជាតិ
លោក សៅ សុខា៖ បាល់ទាត់ខ្មែរនឹងដួល បើម្ចាស់ក្លិបបន្តចេញលុយហោប៉ៅខ្លួនឯងដោយគ្មានការទ្រទ្រង់បន្ថែម
17, Nov 2021 , 3:02 pm        
រូបភាព
លោក សៅ សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ក្រោយជំនួបជាមួយ​ឯកអគ្គរាជទូតជប៉ុន
លោក សៅ សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ក្រោយជំនួបជាមួយ​ឯកអគ្គរាជទូតជប៉ុន
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានវាយតម្លៃខ្ពស់ពីការប្រឹងប្រែងរបស់បណ្តាម្ចាស់ក្លិបបាល់ទាត់នានាលើការទ្រទ្រង់ដំណើរការក្លិបរៀងៗខ្លួន បើទោះបីជាវិស័យបាល់ទាត់នៅកម្ពុជាមិនទាន់អាចរកចំណូលបានក៏ដោយ។ លោកបានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នៅស្ថានទូតជប៉ុន នាថ្ងៃពុធ ទី១៧ ខែវិច្ឆិកា នេះ។



«ម្ចាស់ក្លិប អ្នកបាល់ទាត់ គឺលះបង់ខ្លួនឯងខ្លាំងណាស់ បើឲ្យពួកគាត់បន្តចេញប្រាក់ហោប៉ៅខ្លួនឯង បាល់ទាត់ខ្មែរនឹងដួល»។ នេះជាបញ្ជាក់របស់ប្រធាន FFC ដោយបង្ហាញពីគោលដៅអភិវឌ្ឍន៍នានារបស់សហព័ន្ធ ដើម្បីជួយដល់បណ្តាក្លិបទាំងអស់នៅក្នុងប្រទេស។

លោក សៅ សុខា បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់ពីភាគីជប៉ុន ក្នុងការលើកកម្ពស់កីឡាបាល់ទាត់កម្ពុជា តាំងពីកម្រិតថ្នាល ជម្រើសជាតិ អាជ្ញាកណ្តាល ហើយចុងក្រោយនេះ គឺការបង្កើតឲ្យមានក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CFLC) ដោយមានលោក សាតូស៊ី សៃតូ ជនជាតិជប៉ុន ជានាយកប្រតិបត្តិ។

ទាក់ទងនឹងដំណើរការ CFLC (Cambodia Football League Company) នេះ លោក សៅ សុខា បានបញ្ជាក់ថា ជាការធ្វើបច្ចុប្បន្នភាពបាល់ទាត់ដើម្បីអភិវឌ្ឍបណ្តាក្លិបឲ្យដើរទាន់គ្នា ជាពិសេសការអនុវត្ត និងផ្សព្វផ្សាយគោលការណ៍ផ្សេងៗឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងទាន់ពេលវេលា។

លោកបានកត់សម្គាល់ថា ក្លិបមួយចំនួនដែលមានលទ្ធភាព បានប្រមូលកីឡាករឆ្នើមៗទៅលេងឲ្យក្លិបរបស់ខ្លួន ប៉ុន្តែពេលទាត់ជាមួយក្រុមខ្សោយៗ មិនសូវមានការប្រកួតប្រជែងខ្លាំងឡើយ វាប្រៀបដូចជាការចំណាយលុយឥតប្រយោជន៍។

«មិនមានជាការទាញទម្លាក់ក្រុមខ្លាំងឡើយ ប៉ុន្តែយើងមិនចង់ការគម្លាតលើសគ្នា ឬទាបជាងគ្នាពេក»។ លោក សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះ ដោយបន្ថែមថា ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ត្រូវការការចូលរួមចំណែកពីក្លិបនីមួយៗ ហើយកិច្ចការនេះ ត្រូវការពេលវេលាពិភាក្សាលម្អិតបន្ថែម។

ប្រធាន FFC បានបង្ហើបផងដែរ ក្លិបនីមួយៗអាចទិញភាគហ៊ុននៅក្នុង CFLC ហើយក្រុមហ៊ុនដែលបង្កើតថ្មីនេះ នឹងប្រឹងប្រែងជួយដល់បណ្តាក្លិបស្វែងរកដៃគូឧបត្ថម្ភ រៀបចំដំណើរការលក់សំបុត្រ ក៏ដូចជាការលក់វត្ថុអនុស្សាវរីយ៍បាល់ទាត់ផ្សេងៗ។

លោក សាតូស៊ី សៃតូ នាយកប្រតិបត្តិ CFLC ដែលមានវត្តមាននាជំនួបរវាងលោក សៅ សុខា និងឯកអគ្គរាជទូតជប៉ុន ផងដែរនោះ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងមានកាលវិភាគចុះទៅជួបពិភាក្សាជាមួយបណ្តាថ្នាក់ដឹកនាំក្លិបដើម្បីស្វែងរកគន្លឹះអភិវឌ្ឍបាល់ទាត់នៅកម្ពុជា ជាពិសេសការពង្រឹងផ្នែកហិរញ្ញវត្ថុ។

នៅមុនដំណើរមកកាន់កម្ពុជា លោក សាតូស៊ី សៃតូ ដែលជាអ្នករដ្ឋបាលកីឡាដ៏មានបទពិសោធន៍លើជំនាញយុទ្ធសាស្ត្រទីផ្សារ ជាមួយក្លិប Barcelona, សមាគមកីឡាបាល់ទាត់ជប៉ុន (JFA), សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បង្ហាញពីផែនការរបស់ខ្លួនផងដែរ។



ក្នុងជំនួបតាម Zoom កាលពីខែតុលា អ្នកជំនាញជប៉ុនរូបនេះ បានលើកឡើងពីផែនការធំៗមួយចំនួនដែលត្រូវអនុវត្តក្នុងលីគកំពូលកម្ពុជា ក្នុងនោះមានដូចជាការពិនិត្យច្បាប់ប្រកួត ការកំណត់ស្តង់ដារក្លិប ផែនការផ្សព្វផ្សាយ និងយុទ្ធសាស្ត្រទីផ្សារជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវការជំនួបពិភាក្សាញឹកញាប់ជាមួយរាល់ផ្នែកពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានផងដែរ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com