កីឡាជាតិ
ជាតិ
ជើងឯកប៉េតង់ពិភពលោកឆ្នាំ២០១៦ សុខ ចាន់មាន ប្តេជ្ញា​ដណ្តើម​ជ័យជម្នះបន្ថែមទៀតនៅអេស្ប៉ាញ
17, Nov 2021 , 4:19 pm        
រូបភាព
ដោយ៖ គឹម មករា
 
ម្ចាស់មេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៦ នៅប្រទេសម៉ាដាហ្គាស្កា សុខ ចាន់មាន និងកីឡាករជម្រើសជាតិបីរូបទៀត បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកជោគជ័យ នៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ (The 2021 World Triplets and Precision Shooting Championships) នាថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១។



សមាសភាពកីឡាករ ៤រូបរបស់កម្ពុជា មាន សុខ ចាន់មាន ថោង ឈឿន ញ៉ែម បូរ៉ា និង ស៊ីន វង់ ត្រូវបានចេញដំណើរទៅប្រទេសអេស្ប៉ាញ នាល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ សុខ ចាន់មាន បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកសាងកំណត់ត្រាថ្មីមួយជូនជាតិ នៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញនេះ ។ ទោះ​បីយ៉ាងណា កីឡាកររូបនេះ មាន​ក្តីបារម្ភមួយចំនួន​ ជាពិសេស​ទាក់ទងនឹងការប្រកួត ដោយ​កីឡាករមកពីប្រទេសនានា សុទ្ធ​សឹងតែជាកីឡាករឆ្នើម ហើយកីឡាករកម្ពុជាមានពេលសម្រាកតែមួយថ្ងៃទេ មុនថ្ងៃប្រកួត ។
 
បើតាមទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់ CAMSOC លោក អ៊ឹម ផាត គ្រូបង្វឹកជម្រើសជាតិប៉េតង់កម្ពុជាមានប្រសាសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិកម្ពុជាថា៖ “ក្នុងនាមជាក្រុមជម្រើសជាតិកម្ពុជា យើងខ្ញុំប្តេជ្ញាចិត្តប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងមេដាយពីការប្រកួតជើងឯកពិភពលោកនេះយកមកជូនជាតិមាតុភូមិយើង។ ក្រុមខ្លាំងៗ ដែលជាឧបស័គ្គ ក្នុងការប្រកួតប្រជែងកម្រិតពិភពលោកនេះ មានដូចជាប្រទេសបារាំង ទុយនីស៊ី ម៉ាដាហ្គាស្កា អ៊ីតាលី និងថៃជាដើម”។ 
 
កីឡាករ សុខ ចាន់មាន ត្រូវបានគេទទួលស្គាល់ថាជា កីឡាករឆ្នើមរបស់កម្ពុជា ដោយគិតចាប់តាំងពីការប្រកួតលើឆាកអន្ដរជាតិ ឆ្នាំ២០០១រហូតមក ។ កីឡាកររូបនេះ រកបានមេដាយសរុប ៣៩គ្រឿង ក្នុងនោះមានមេដាយមាស ១២គ្រឿង ។ ផ្អែកលើបទពិសោធន៍លើឆាកអន្តរជាតិជាយូរមក កីឡាកររូបនេះ បានប្ដេជ្ញាចិត្តយ៉ាងមុះមុត នឹងបញ្ចេញអោយអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែង ។
 
គួរបញ្ជាក់ដែរថា នៅក្នុងការប្រកួតនេះមាន២វិញ្ញាសា គឺ វាយយកពិន្ទុ និង ៣ទល់៣ ។ លោក អ៊ឹម ផាត បានបន្ថែមថា៖ កីឡាករ វាយយកពិន្ទុ គឺប្រកួតដោយ សុខ ចាន់មាន​ ហើយ សុខមាន ក៏ត្រូវចូលរួមប្រកួតជាមួយ មិត្តរួមជាតិលើវិញ្ញាសារ ៣ទល់៣ ផងដែរ ។ ហើយសម្រាប់កីឡាករមួយរូបទៀត សម្រាប់បម្រុង ។ 
 
កាលពីថ្ងៃទី១៤ កន្លងទៅកីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះជ័យលាភីមេដាយមាស លើវិញ្ញាសារផ្នែកនារី និងបានត្រឡប់មកប្រទេសវិញនៅថ្ងៃអង្គារ៍ ទី១៦ ខែវិច្ឆិកា ហើយទទួលបានការស្វាគមន៍ និងលើកទឹកចិត្តពីសំណាករាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

Tag:
 សុខ ចាន់មាន
  កីឡាប៉េតង់
 អ៊ឹម ផាត
© រក្សាសិទ្ធិដោយ thmeythmey.com