កីឡាជាតិ
ជាតិ
ប៉េតង់ពិភពលោក៖ កម្ពុជាធ្លាក់ត្រឹមវគ្គ១/៨ ក្រោយចាញ់ថៃ​ ១៣-១២
21, Nov 2021 , 10:05 am        
រូបភាព
ដោយ: រួបរួម
ក្រុម​កីឡាករប៉េតង់ជម្រើសជាតិ​កម្ពុជា បាន​ធ្លាក់ចេញពីព្រឹត្តិការណ៍ប្រកួត​កីឡា​ប៉េតង់ពិភពលោកលើ​វិញ្ញាសា​៣ទល់៣ នៅ​ក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។ នៅ​វគ្គ១/៨ផ្តាច់ព្រ័ត្រ កម្ពុជាដែលមាន​កីឡាករ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និង ស៊ីន វង់ បាន​ចាញ់​ក្រុម​ថៃ ១៣-១២។



 
ក្រោម​ការដឹកនាំបង្វឹក​​របស់​លោក អ៊ឹម ផាត កម្ពុជាបានឆ្លង​កាត់​វគ្គជម្រុះ​បញ្ចប់ចំណាត់ថ្នាក់ទី១៤ក្នុងចំណោម​៤៧ក្រុម។ ចាប់ផ្តើម​ដោយចាញ់ទុយនីស៊ី ១៣-៧ បន្ទាប់មកឈ្នះអេស្តូនី ១៣-៤, ឈ្នះម៉ាឡេស៊ី ១៣-៣, ឈ្នះសេណេហ្គាល់ ១៣-៤ និងចាញ់​ម៉ារ៉ុក ១២-១០។
 
ជាមួយ​នឹងលទ្ធផលសរុប ៥៦-៣៦ កម្ពុជា​ស្ថិតក្នុងចំណោម​ដែលឈានទៅកាន់វគ្គ​ចាប់ពូល ដោយស្ថិតក្នុងពូល C ជាមួយ​កោះម៉ូរីស និងទុយនីស៊ី។ ពេល​ប៉ះកោះម៉ូរីស កម្ពុជា បាន​ចាញ់ ១៣-១២ ប៉ុន្តែបាន​សងសឹកទុយនីស៊ី ១៣-១១ វិញ ដើម្បីបញ្ចប់​ក្នុងចំណាត់ថ្នាក់​លេខ​២ក្នុងពូល។
 
ការបញ្ចប់ចំណាត់ថ្នាក់​លេខ​២ក្នុងពូល C នាំឲ្យកម្ពុជា ត្រូវប៉ះថៃ ដែលជាលេខ១ពូល D។ ជាលទ្ធផល​ក្រុម​កម្ពុជា បាន​ចាញ់ថៃទាំងប្រផុតប្រផើយក្នុងលទ្ធផល ១៣-១២ ហើយ​ខក​ឱកាសទៅកាន់វគ្គ​បន្ត។
 
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែមាន​ឈ្មោះក្នុងកំណត់ត្រានៃព្រឹត្តិការណ៍ Petanque World Championships នេះ ដោយទទួលបានមេដាយ​មាស​១ក្នុងចំណោម​៤វិញ្ញាសា​ដែលចូលរួមប្រកួតប្រជែង។ កីឡាការិនី​ អ៊ុក ស្រីមុំ បានឈ្នះមេដាយមាស​លើ​វិញ្ញាសាវាយ​យកពិន្ទុ និងជាមេដាយមាស​៥លើ​កជាប់គ្នា បន្ទាប់ពី​វីរកីឡាការិនី កែ ឡេង ឈ្នះ​ទាំង​៤លើកកន្លងមក។ សម្រាប់វិញ្ញាសាវាយ​យកពិន្ទុផ្នែក​បុរស ដែលមាន​កីឡាករ សុខ ចាន់មាន និង​វិញ្ញាសា៣ទល់៣ផ្នែកនារី មិនបានឈាន​ដល់​វគ្គ​ខ្វែងឡើយ ប៉ុន្តែលទ្ធផល​ក៏មិនអាក្រក់ពេកនោះដែរ៕

Tag:
 ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com