ជាតិ
​គំនូរ​និងរូប​ថត​ល្បី​ៗ​ពី​បណ្ដា​ប្រទេស​អាស៊ី​-អឺរ៉ុប នឹង​តាំង​ពិព័រណ៍​នៅ​សារមន្ទីរ​ជាតិ
21, Nov 2021 , 5:59 pm        
រូបភាព
ភ្នំពេញ​៖ ស្នាដៃ​សិល្បៈ​សហសម័យជា​ច្រើន​ប្រភេទ​ ​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​ហ្មត់​ចត់​បំផុត ដូច​ជាស្នាដៃ​​គំនូរ​ ស្នាដៃ​រូប​ថត​ដែល​ត្រូវ​បាន​រក្សា​ទុក​រង្វង់​២ទៅ​៣​​​រយ​ឆ្នាំ ស្នាដៃ​គ្រឿង​អលង្ការ​ដែល​ជាប់​ពាន​រង្វាន់​ រួម​ទាំង​ស្នាដៃ​សិល្បៈ​​ល្បី​ៗ​ជា​ច្រើន​ទៀត​ របស់​សិល្បករ​អាស៊ី​-​អឺរ៉ុប​ នឹង​​ដាក់​តាំង​ពិព័រណ៍​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០២១​។



លោក ឯក ប៊ុនថា អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​ទេស​វប្បធម៌​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ការ​តាំង​ពិព័រណ៍​សិល្បៈ​សហសម័យ​នៅ​សារមន្ទីរ​ ក្នុង​ពេល​ខាង​មុខ​ ត្រូវ​បាន​ជ្រើស​រើសស្នាដៃ​​យ៉ាង​ហ្មត់​ចត់បំផុត​។ លោក​បន្ថែម​ថា សិល្បៈ​សហសម័យទាំង​​នោះ ​ត្រូវ​បាន​បែង​ចែក​ជា​​​៣ប្រភេទ​​ធំ​ៗ គឺ​ស្នាដៃ​ជា​ដៃ​គូ​ររវាង​អាស៊ី​និង​អឺរ៉ុប ស្នាដៃ​​វិចិត្រ​កម្ម​របស់​សិល្បករ​បរទេសល្បី​ៗ ​នៅ​ក្នុង​ស្រុក​ខ្មែរ និង​ស្នាដៃ​ល្បី​ៗ​នៃ​វិចិត្រករ​ខ្មែរ​​ជាង​១០​រូប ​ពិសេស​ស្នា​​ដៃបង្ហាញ​ពី​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​ដែល​​ពិភពលោកកំពុង​ព្រួយ​បារម្ភ​។
 
មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌រូបនេះ បាន​អះអាង​ថា ស្នាដៃ​សិល្បៈ​​ទាំង​នោះ​ សុទ្ធ​តែ​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ ឬ​វិចិត្រ​សាល​ធំ​ៗ។ លោក​ថា ​នេះ​​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ​ ប៉ុន្តែ​វា​​ត្រូវ​បាន​សម្រិត​សម្រាំង​ស្នាដៃ ​ដែល​​​​មាន​កេរ្ដិ៍​ឈ្មោះ ដោយ​ប្រមូល​ផ្ដុំ​គំនិត​របស់​សិល្បករ​នៅ​អាស៊ី​និង​អឺរ៉ុប ​មក​បង្ហាញ​ជូន​ជា​ពិសេស​។ លោក សង្កត់​ធ្ងន់​ថា នេះ​​ជា​ទេពកោសល្យ​របស់​មនុស្ស ​ក្នុងការបង្កើត​​ទំនាក់​ទំនង ​តាម​រយៈ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​​។
  

លោក ឯក ប៊ុនថា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ (រូប​ផ្ដល់​ឱ្យ)

លោក ឯក ប៊ុនថា បញ្ជាក់ថា​៖«សិល្បៈ​សហសម័យ​ទាំង​នោះ​ បង្ហាញ​ពី​សារសំខាន់​នៃ​ការ​ច្នៃ​ប្រឌិត និង​​គំនិត​ របស់​សិល្បករ​ជំនាញ​។ គំនូរទាំង​​នោះ ​យើង​មិន​ដឹង​តម្លៃ​ទេ ប៉ុន្តែ​នៅ​ក្នុង​នោះ​ មាន​គំនូរ​មួយ​តម្លៃ​១០​ម៉ឺន​ដុល្លារ​។ គំនូរ​ខ្លះ​ ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា ​មិន​មាន​ឱ​កាស​មើល​ផង​ ប៉ុន្តែពេល​នេះ​ អ្នក​អាច​មើល​​បាន​នៅ​សារមន្ទីរ​។ ​រូប​ថត​មួយ​ចំនួន ត្រូវ​បាន​ថែរក្សា​ទុក​មក​ រហូត​ប្រហែល​​ជាង​២ទៅ​៣​រយ​ឆ្នាំ​ ក៏​មាន​ដាក់​តាំង​ដែរ​។ អ្នក​ទាំង​អស់​គ្នា​នឹង​បាន​មើល​ឃើញ​ ​អក្សរសិល្ប៍ល្អ​ៗ​នៅ​លើផ្ទាំង​គំនូរ​ទៀត​ផង​​។ នេះ​ជា​ចំណុច​ដ៏​សំខាន់​ ​គួ​ឱ្យ​ចាប់​អារម្មណ៍​ ដែល​អ្នក​ទាំង​អស់​គ្នា គួរ​តែ​ទៅ​មើល​ពិព័រណ៍​នោះ​»។ 
 
ចំណែក​លោក ឆាយ វិសុទ្ធ ប្រធាន​នាយក​ដ្ឋាន​សារមន្ទីរជាតិ​ភ្នំពេញ​ ក៏​បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗដែរ​ថា នេះ​​ជា​លើក​ទី​មួយ​ហើយ​ ដែល​សារមន្ទីរ​ជាតិ​ភ្នំពេញ​ តាំង​ពិព័រណ៍​សិល្បៈ​សហសម័យ​ដ៏​ធំ​​​មិន​ធ្លាប់​មាន​​។ លោក​​ថា ​ការរៀប​ចំ​ពិព័រណ៍​នេះ​ មាន​លក្ខណៈ​​ប្លែក ​ពី​ការ​ដាក់​តាំងពិព័រណ៍​ ​តាម​បែប​ប្រពៃណី​​កន្លង​ទៅ​។ មាន​ន័យ​ថា​កន្លង​មក​ សារមន្ទីរ​បាន​តាំង​ពិព័រណ៍ ​តែពី​​សមុច្ច័យ​បុរាណ​ ពិសេស​គំនូរ​សិល្បៈ​របស់​ខ្មែរ​សុទ្ធសាធ។​ ប៉ុន្តែ​ពេល​នេះ គឺ​តាំង​សិល្បៈ​ដែល​បង្កើត​ថ្មី​ និង​មាន​ន័យ​សម្រាប់​ការ​គិត​ពិចារណា​បែប​ស៊ី​ជម្រៅ​​ ដែល​សិល្បៈ​ទាំង​នោះ​ចង់​បង្ហាញ​​។
ប្រធាន​នាយក​ដ្ឋាន​សារមន្ទីរជាតិ​ភ្នំពេញរូប​នេះ សង្កត់​ធ្ងន់​ថា ថ្វី​ដ្បិត​​ប្រជា​ជននៃ​​តំបន់​អាស៊ី និង​អឺរ៉ុប​ មាន​ភាសា​ខុស​គ្នា​ ប៉ុន្តែ​ពួក​គេ​បាន​យកទេពកោសល្យ​​សិល្បៈ​ ដែល​ខ្លួន​មាន​ ទៅ​​ច្របាច់​បញ្ចូល​​គ្នា បាន​ជា​ការ​​ឆ្លើយ​ឆ្លង​ភាសា​រវាង​សិល្បករ​ខ្មែរ អាស៊ី​ និង​សិល្បករ​​​អឺរ៉ុប​។ លោក វិសុទ្ធ ​ថា​​ការ​បង្ហាញ​គំនិត​ទៅ​ក្នុង​សិល្បៈ​ គឺ​​ជា​វិធី​នៃ​ការ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​បណ្ដា​ប្រទេស​នីមួយ​ៗ​។ 
  

លោក ឆាយ វិសុទ្ធ ប្រធាន នាយក ដ្ឋាន សារមន្ទីរជាតិ ភ្នំពេញ

«ពីមុន​មាន​ការ​តាំងពិព័រណ៍​បែប​សហសម័យ​ដែរ​ ប៉ុន្តែ​ក្នុង​ទ្រុង​ទ្រាយ​តូច ហើយ​មាន​តែ​របស់​សិល្បករ​ខ្មែរ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​នេះ​មាន​ការ​ដាក់​តាំង​បង្ហាញ​សិល្បៈ​សហសម័យ​ ដែល​មាន​ការ​ចូល​រួម​ពី​សិល្បករ​មកពី​បណ្ដា​ប្រទេសជា​ច្រើន​​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប​ ដែល​មាន​មិន​តិច​ជាង​២០​ ទម្រង់​សិល្បៈ​ឡើយ​ ទាំង​ខ្មែរ​និង​បរទេស​​»។ នេះ​ជា​ការ​បញ្ជាក់​រ​បស់​លោក​ ឆាយ វិសុទ្ធ​។ 
សិល្បៈ​សហសម័យ​ ដែល​នឹង​នាំ​យក​ទៅ​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ នៅ​ថ្ងៃ​ខាង​មុខ​ ​​ត្រូវ​បាន​បែង​ចែក​ជា​៣​ផ្នែក​ធំ​ៗ​ រួម​មាន​​ស្នាដៃ​ជា​ដៃ​គូ​រវាង​អាស៊ី​និង​អឺរ៉ុប(​ស្នាដៃ​ជា​បុគ្គ​ល​ និង​ស្នាដៃ​ជា​ក្រុម​)​។ ទី​២​ ស្នាដៃ​​វិចិត្រ​កម្ម​របស់​សិល្បករ​បរទេសល្បី​ៗ​ នៅ​ក្នុង​ស្រុក​ខ្មែរ និង​ទី​៣ ​ជា​ស្នាដៃ​ល្បី​ៗ​នៃ​វិចិត្រករ​ខ្មែរ​​ជាង​១០​រូប​​​។ ការ​តាំង​ពិព័រណ៍​នោះ ក៏​​នឹ​ង​​​និយាយ​អំពី​ដំណើរដ៏​វែង​ឆ្ងាយ​ របស់​មនុស្ស ​​ដើម្បី​រុក​រក​ផែន​ដី ​ដោយ​​មាន​ប្រហែល​១៥​ផ្ទាំង​​ផង​ដែរ​។
 
ប្រធាន​បទ​នៃ​ការ​ដាក់​តាំង​បង្ហាញ​រួម​មាន​ ពិព័រណ៍​ទម្រង់​សិល្បៈ​សូន​រូប​ Sahaka Playground ធ្លា​កម្រាន្ត​សហការ​ គឺ​ជា​បណ្ដុំ​នៃ​វិចិត្រករ​រូប​ភាព អាស៊ី-អឺរ៉ុប​៣​រូប​ ដែល​មាន​មូល​ដ្ឋាន​នៅ​រាជ​ធានី​ភ្នំពេញ។ ស្នាដៃ​នេះ​​បង្កើតឡើង​​​រួម​គ្នា​ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ ឆ្ពោះ​ទៅ​បង្កើត​ស្នាដៃ​សិល្បៈ​ ដែល​ល្អ​ឯក​មិន​នឹក​ស្មាន​ដល់​។ វិចិត្រករ​នីមួយ​ៗ​ មាន​សេរី​ភាព​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ ដែល​ជា​ស្នាដៃ​សិល្បៈ​មក​ពី​ទ្វី​ប​ផ្សេង​គ្នា​ ជា​មួយ​នឹង​គំនិត ​​ទស្សនៈ​ និង​មធ្យោបាយ​ផ្សេង​ៗ​គ្នា​ផង​ដែរ​។ សិល្បៈ​ទាំង​នេះ​ជា​របស់​សិល្បករ​ មក​ពី​ប្រទេស​​កម្ពុជា ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង​ ព័រទុយហ្គាល់​ បារាំង​ និង​ចក្រភព​អង់​គ្លេស​។
 


ស្នាដៃ​សិល្បៈ​ ដែល​នឹង​ដាក់​តាំង​ពិព័រណ៍​ក្នុង​សារមន្ទីរជាតិ​ភ្នំពេញ(រូប​ផ្ដល់​ឱ្យ)

HAPPY Heads របាំង​មុខ​រីក​រាយ​ ជា​ទម្រង់​រូប​ថត​។ ក្នុង​ឆ្នាំ​២០១៥ Benoit+Bo ដែល​ជា​ដៃ​គូសិល្បករ​អន្តរជាតិ​ បាន​ចាប់​ផ្ដើម​គម្រោង​ថ្មី​មួយ “​ថត​រូប​មុខ​មនុស្ស​ នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​​របស់​ពួក​គេ​ ដោយ​ពាក់​របាំង​មុខ​”​។ គំនិត​នេះ​ កើត​ឡើង​បន្ទាប់​ពី​ ការ​មក​ដល់​របស់​សិល្បករ​ទាំង​ពីរ​រូប​ ក្នុង​ប្រទេស​បែលហ្ស៊ិក​។ 
ពួកគេ​បាន​ដឹង​ថា​ របាំង​មុខ​ដែល​ប្រើ​ក្នុង​ពិធី​បុណ្យ​ នៃ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន និង​របាំ​មុខ​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន​ មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​គ្នា​។ ពួក​គេ​ទាំង​ពីរ​ធ្វើ​តាម​ប្រតិទិន​ចន្ទ​គតិ​ ប្រើ​ក្នុង​ពិធី​ដង្ហែ​ក្បួន​ ឬ​ពិធី​បុណ្យ​ផ្សេង​ៗ​។ ស្នាដៃ​សិល្បៈ​នេះ មាន​ទិដ្ឋភាព​សង្គម​ សិល្បៈ​ និង​ផ្នែក​នរវិទ្យា​។ ស្នាដៃ​ទាំង​នេះ​ជា​របស់​សិល្បករ​ បារាំង និង​ចិន​។ 
 
ជំនួប​វប្បធម៌​ Encountering Culture ជា​ទម្រង់​សិល្បៈ​សូន​រូប​ ការ​ថត​រូប​ និង​ដាក់​តាំង​រូប​។ “ជំនួប​វប្បធម៌” គឺ​ជា​ការ​តាំង​ពិព័រណ៍​ជា​ក្រុម​ ដែល​ប្រមូល​ផ្ដុំ​សិល្បករ​១៤​រូប​ មក​ពី​អាស៊ីនិង​អឺរ៉ុប​។ សិល្បករ​ល្បី​ៗ​ទាំង​អស់​ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​វិស័យ​សិល្បៈ​​ក្នុង​ស្រុក​។ ការ​តាំង​ពិព័រណ៍​ជា​ក្រុម​នេះ បាន​ទទួល​ស្គាល់​ឥទ្ធិពល​របស់​ប្រទេស​ផ្សេង​គ្នា​ តាម​រយៈ​ស្នាដៃ​សិល្បៈ​និង​ការ​អនុវត្ត​ជាក់​ស្ដែង​របស់​ពួក​គេ​។ 
 
ប្រភេទ​ផ្សេង​គ្នា​ នៃ​សិល្បៈ​(ការ​គូរ​គំនូរ​អរូបី រូប​ថត សិល្បៈ​ឌីជីថល​ និង​ចម្លាក់​និមិត្ត​​)​ បាន​បង្ហាញ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ចំណេះ​ដឹង​ និង​សិល្បៈ​ចម្រុះ​ ព្រម​ទាំង​ការ​ចែក​រំលែក​ ភាព​សម្បូរ​បែប​នៃ​វប្បធម៌​​ផង​ដែរ​។ ស្នាដៃ​ទាំង​នេះ មាន​ពី​អ៊ីតាលី កម្ពុជា អូស្ត្រាលី បារាំង និង​​ជប៉ុន​។​ 
 
ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​បំផុត​ The Longest Voyage ជា​ទម្រង់​នៃ​ការ​តាំង​រូប​សិល្បៈ​។ កាល​ពី​៥០០​ឆ្នាំ​មុន​ នៅ​ទី​ក្រុង​ស៊ីវាល(Seville) ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ​​បាន​ចាប់​ផ្ដើម​ឡើង​។ គោល​បំណង​ គឺ​ដើម្បី​ទៅ​ដល់​ អូរីន និង​កោះ​មួយ​ដែល​គេ​និយាយ​តគ្នា​ថា​ មាន​គ្រឿង​ទេស​គ្រប់​មុខ​។ ដើម្បី​ទៅ​ដល់​ទី​នោះ​ គឺ​តម្រូវ​ឱ្យ​ជិះ​ទូក​ទៅ​ទិស​ខាង​លិច​ និង​ឆ្លង​កាត់​ផ្នែក​ដែល​មិន​ទាន់​បាន​រុក​រក​នៃ​ពិភព​លោក​។ 
ហ្វើឌីណែន ម៉ាជែលែន បាន​ចាប់​ផ្ដើម​ការ​ធ្វើ​ដំណើរ​នេះ ក្នុង​ឆ្នាំ​១៥​១៩ ហើយ​ការ​ធ្វើ​ដំណើរ​នោះ នឹង​ក្លាយ​ជា​ពេល​វេលា​ធ្វើ​ដំណើរ​ដ៏​វែង​បំផុត​នា​សម័យ​កាល​នោះ​។ ដំណើរ​ផ្សង​ព្រេង​លើក​ដំបូង​ ជុំ​វិញ​ពិភព​លោក​មិន​ត្រឹម​តែ​ជា​ដំណើរ​ផ្សង​ព្រេង​តាម​សមុទ្រ​ដ៏​អស្ចារ្យ​បំផុត​ ដែល​មិន​ធ្លាប់​មាន​នោះ​ទេ ប៉ុន្តែ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ​។ 
 


 ស្នាដៃសិល្បៈ​ ដែល​នឹង​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរជាតិ​(រូប​ផ្ដល់​ឱ្យ)​

វត្ថុដែល​អាច​រាប់​បញ្ចូ​ល​គ្នា​បាន Things that Count ជា​សិល្បៈ​រូប​ថត​។ Things that Count គឺ​ជា​ការ​សហការ​គ្នា​តាម​អ៊ីនធឺណិត​ រវាង​និស្សិត​មក​ពី​រាជ​បណ្ឌិត្យ​សភាវិចិត្រ​សិល្បៈ​ នៅ​ទីក្រុង​ Antwerp ប្រទេស​បែលហ្សិក​ និង​អ្នក​ថត​រូប​វ័យ​ក្មេង​របស់​វៀត​ណាម​ ដោយ​បង្ហាញ​ពី​ប្រធាន​បទ​ បច្ចុប្បន្ន​សំខាន់​ៗ នៅ​ក្នុង​សង្គម​សម័យ​ទំនើប​ ជា​មួយ​នឹង​តម្លៃ​ជ្រើស​រើស​ចំនួន​១០​​។ រួម​មាន​ គ្រួសារ សុវត្ថិភាព​ ភេទ មរតក ការ​កំប្លែង​ ភាព​ស្និទ្ធ​ស្នាល​ សេរីភាព​ អំណាច​ ចំណេះ​ដឹង​ និង​ជំនឿ​។ 
 
ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​ដ៏​ស្មុគស្មាញ​ នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ កន្លែង​ជា​ច្រើន​ ត្រូវ​តែ​អនុវត្ត​គម្លាតសង្គម​។ ការ​តាំង​ពិព័រណ៍​រូប​ថត​ “​វត្ថុ​ដែល​រាប់​បញ្ចូល​គ្នា​បាន​” មាន​គោល​បំណង​បង្ហាញ​សារ​វិជ្ជមាន​ ដោយ​បង្កើត​បណ្ដាញ​អន្តរជាតិ​ ក្នុង​ចំណោម​អ្នក​ថត​រូប​វ័យ​ក្មេង​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ដ៏​មាន​អត្ថន័យ ក្នុង​ពេល​នេះ​ និង​យុគ្គ​សម័យ​នេះ​។ ស្នាដៃ​ទាំង​នេះ មាន​ការ​ចូល​រួម​ពី​សិល្បករ​ អាល្លឺម៉ង់ រ៉ូម៉ានី បែលហ្សិក​ អេស្ពាញ​ ស្លូវ៉ាគី និង​វៀត​ណាម​​។
 
គំនូរ​ព្រាង​នៃ​ក្ដី​សង្ឃឹម​ Il Nodo កើត​ចេញ​ពី​គំនិត​ដើម្បី​ចូ​ល​រួម​បណ្ដាញ​មិត្ត​ភ័ក្ដិ​ដ៏​ធំ​ទូលាយ​ ដូច​ជា​ស្ថាបត្យករ​ សិល្បករ​ និង​អ្នក​រចនា​- នៅ​ក្នុង​សាលា​ Bottega dell’Arte សាលា Il Nodo Social Design ក្នុង​ប្រទេស​កម្ពុជា​។
 
គំនូរ​ព្រាង​រចនា​គ្រឿង​អលង្ការ​ ដែល​ធ្វើ​ដោយ​ដៃ​របស់​សិស្ស​សាលា នៅ​រាជ​ធានីភ្នំពេញ​ ដោយ​មាន​ការ​ចូល​រួម​រចនា​ពី​សិស្ស​ជាង​៨០​នាក់​ ជា​សំណុំ​ដ៏​សំបូរ​បែប​ នៃ​គំនិត​ច្នៃ​ប្រឌិត​ផ្សេង​ៗ​គ្នា​របស់​សិស្ស​។ បណ្ដុំ​នៃ​វត្ថុ​បុរាណ​បាន​កើត​ឡើង​ ដោយ​បន្ថែម​ពី​លើ​តម្លៃ​អប់​រំ​សាលា តំណាង​ឱ្យ​ការ​រួម​ផ្សំ​គ្នា​រវាង​វប្បធម៌​ផ្សេង​គ្នា​ ដូច​ជា​ជន​ជាតិ​អ៊ីតាលី និង​ខ្មែរ​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ រវាង​ភាសា​នៃ​ការ​រចនា​ និង​សិប្បកម្ម​។
 
ទន្លេមេគង្គ​ដោយ Marta Laudani និង Marco Romanelli ជា​ប្រភព​ទឹក​ យក​ជា​លំនាំផលិត​ជា​បន្តោង​ បាន​ទទួល​ពាន​រង្វាន់​ផ្នែក​រចនា​ ហើយ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​សារមន្ទីរ​គ្រឿង​អលង្ការ​ Vicenza៕

Tag:
 ពិព័រណ៍​
  សិល្បៈ​
  វប្បធម៌​
  គំនូរ​
  សារមន្ទីរ​
© រក្សាសិទ្ធិដោយ thmeythmey.com