ជាតិ
រថយន្ត
រថយន្តFORD ផលិតឆ្នាំ១៩៦៩ ត្រូវម្ចាស់សុខចិត្តទុកចោល ទោះគេសុំទិញក៏មិនព្រមលក់
22, Nov 2021 , 8:29 pm        
រូបភាព
នៅក្រុងតាខ្មៅ មានរថយន្ដបុរាណ១គ្រឿង ដែលម្ចាស់មិនព្រមជួសជុល ហើយក៏មិនព្រមលក់ដែរ។ វាគឺឡានម៉ាក FORD ប្រភេទLTD ម៉ូឌែលBrougham ពណ៌ខ្មៅ ផលិតឆ្នាំ១៩៦៩ ដែលគាត់ទុកចោល នៅក្បែរផ្ទះ ដោយបានសង់រោងប្រកបាំងភ្លៀង និងកម្តៅថ្ងៃផង។ រថយន្តនេះ វាខូចអស់រលីងហើយ ច្រែះក៏ស៊ីដែក កង់ក៏ធូរ ហើយខាងក្នុងក៏សុទ្ធតែធូលី និងសម្បុកសត្វល្អិត ព្រោះកញ្ចក់ខាងមុខបើកចំហទាំង២។  តើហេតុអ្វី បានជាគាត់មិនព្រមលក់ នោះទំនងព្រោះតែរថយន្តនេះ គឺជាអំណោយរបស់បងប្រុសបង្កើតរបស់សម្ដេច ហ៊ុន សែន! ដូច្នេះរថយន្ដ FORD LTD ជំនាន់ទី២នេះ ជាអនុស្សាវរីយ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមនេះ៖
 

FORD LTD ត្រូវបានផលិតពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៩១ សម្រាប់ទីផ្សារទ្វីបអាម៉េរិក និងប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ ជំនាន់ទី២ ត្រូវបានផលិតពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៨ ក្នុងរោងចក្រផ្សេងៗ នៅប្រទេសកាណាដា និងសហរដ្ឋអាម៉េរិក។  LTD គឺជាប្រភេទ មិនមែនជាម៉ាកទេ។ ក៏ប៉ុន្តែពីដើមមានរូបសញ្ញា LTD ខាងឆ្វេង និងខាងស្ដាំ លើគ្រប់រថយន្ដ FORD LTD លក់នៅទ្វីបអាម៉េរិកខាងជើង។ មួយរយៈពេល រហូតដល់ចុងទសវត្សរ៍១៩៧០ ក្រុមហ៊ុន FORD មិនសូវបានប្រើរូបសញ្ញាឡូហ្គូរបស់ខ្លួនលើឡានទេ។ ខាងមុខ ខាងក្រោយ និងខាងក្នុង FORD LTD មានអក្សរ FORD ពិតមែន ប៉ុន្តែមិនមែនជានិមិត្តសញ្ញាទេ។
 

សូមបញ្ជាក់ថា នៅប្រទេសកម្ពុជា មានរថយន្ដ FORD LTD ជំនាន់ទី២នេះ ១គ្រឿងទៀត គឺនៅរមណីយដ្ឋានធម្មជាតិ ស្កាយលែន ដែលស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ តាមការអង្កេត យើងដឹងថា ប្រហែលជាឡានទាំង២នេះ មានប្រភពតែមួយ។ លោក FORD Henry បានបង្កើតក្រុមហ៊ុន FORD ឆ្នាំ១៩០៣ នៅសហរដ្ឋអាម៉េរិក៕
 







Tag:
 យានយន្ត
 FORD
© រក្សាសិទ្ធិដោយ thmeythmey.com